ជាតិ
សង្គមជាតិ
តាមកំណត់ត្រានាអំឡុងឆ្នាំ១៩០០ ពេទ្យបារាំងម្នាក់ ប្រឆាំងនឹងការតិះដៀលថា «ខ្មែរខ្ជិល»
07, Nov 2021 , 5:20 pm        
រូបភាព
កាលពីអំឡុងទសវត្សរ៍១៩០០ វេជ្ជបណ្ឌិត Adrien Pannetier បានមកបំពេញការងារនៅស្រុកខ្មែរអស់រយៈពេល១៦ឆ្នាំ ក្នុងតួនាទីជាគ្រូពេទ្យនៅតាមជនបទ។ លោកមិនអាចទទួលយកបាននោះឡើយចំពោះការតិះដៀលដោយអយុត្តិធម៌ថា ខ្មែរខ្ជិល ពីព្រោះលោកបានមើលឃើញផ្ទុយពីនេះ តាមរយៈបទពិសោធន៍រស់នៅយ៉ាងជិតស្និទ្ធនឹងកសិករខ្មែរ រួមទាំងការចេះនិយាយភាសាមួយនេះយ៉ាងច្បាស់។



«អ្នកសង្កេតការមួយចំនួនដែលមិនបានពិចារណាវែងឆ្ងាយ ឆាប់ចាប់ថ្នាក់ជនជាតិខ្មែរថា ជាមនុស្សខ្ជិលច្រអូសព្រោះថា ខ្មែរមិនសូវពូកែធ្វើជាអ្នកស៊ីឈ្នួលបំរើគេក្នុងផ្ទះទេ។ ក៏ប៉ុន្តែយើងគួរយករឿងនេះ មកវែកញែកឲ្យបានល្អិតល្អន់ ព្រោះថារឿងនេះទាក់ទងនឹងការអប់រំផង និងផ្លូវចិត្តសាស្ត្រផង»។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត A.Pannetier ក្នុងសៀវភៅ «Notes cambodgiennes: Au Coeur du Pays Khmer» ដែលបោះពុម្ពផ្សាយលើកទីមួយដោយគ្រឹះស្ថានប៉ៃយ៉ូត៍, ក្រុងប៉ារីស កាលពីឆ្នាំ១៩២១ និងលើកទីពីរដោយមជ្ឈមណ្ឌលឯកសារស្រាវជ្រាវអរិយធម៌ខ្មែរ (Cedoreck) ឆ្នាំ១៩៩៣។



ស្នាដៃនេះ ត្រូវបកប្រែជាភាសាខ្មែរ ដោយអ្នកស្រី ហង់ សាវ័ត្យា អតីតសាស្ត្រាចារ្យភាសាបារាំង ក្រោមចំណងជើងថា៖ «វេជ្ជបណ្ឌិត អ.ប៉ាននើចេរ៍ កំណត់ខ្មែរ “ក្រអៅបេះដូងស្រុកខ្មែរ”»។ សារព័ត៌មានថ្មីៗ បានប្រទះឃើញស្នាដៃនេះ តាមរយៈការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បណ្ឌិតសភាចារ្យ ឃីង ហុកឌី ដែលជាអ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញរបស់កម្ពុជា។

បណ្ឌិត ត័ន ប៊ុនស៊ុយ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា បានសរសេរបុព្វកថាជាភាសាខ្មែរ ដោយស្រង់ខ្លឹមសារផ្សេងដែលអ្នកនិពន្ធ Pannetier បានការអំណះអំណាងខ្លួន ដែលថា ខ្មែរមិនខ្ជិល ដូចការតិះដៀលដ៏អយុត្តិធម៌របស់បារាំង។

មិនត្រឹមតែផ្តល់យោបល់ផ្ទាល់ខ្លួនថា ខ្មែរមិនមែនជាជាតិខ្ជិលច្រអូស លោក Pannetier បានស្រង់មតិអ្នកស្រាវជ្រាវបារាំងពីររូបទៀតមកបញ្ជាក់បន្ថែម គឺលោក Etienne-Francois Aymonier និងលោក Auguste Pavie។


រូបថតឯកសារ៖ លោក Etienne-Francois Aymonier។ ប្រភពពី Bibliotheque Nationale de France

លោក Aymonier ម្ចាស់ស្នាដៃ «Le Cambodge, Le groupe d’Angkor et l’histoire» បានសរសេរថា កសិករខ្មែរដែលត្រូវបានគេមើលស្រាលថាខ្ជិល ការពិតបើស្គាល់ឲ្យច្បាស់ដោយ បានរស់នៅជិតស្និទ្ធ កសិករខ្មែរ មិនមែនខ្ជិលទេ គាត់មានអំណត់អត់ធន់ ធ្វើការមិនខ្លាចនឿយហត់។

«អ្នកស្រែមិនគួរទទួលការរិះគន់តិះដៀលថា ជាមនុស្សខ្ជិលច្រអូសដូចអ្នកនិពន្ធប្រទេសអឺរ៉ុបមួយចំនួនដែលតែងតែសរសេរចម្លងតាមគ្នាទៅវិញទៅមកនោះទេ ព្រោះគេជាមនុស្សយឺតមែន តែមានអំណត់ មិនចេះត្អូញត្អែរពីការងារ...។ ហើយម្យ៉ាងទៀត បើមានគេមកពីក្រៅរកស៊ីកើតមានបាននៅស្រុកខ្មែរ (ពួកចិន ឬក៏សាសន៍ដទៃផ្សេងទៀត) ក៏ដោយសារតែមានអ្នកនៅក្នុងស្រុកខំប្រឹងប្រែងធ្វើការងារដើម្បីបង្កើតភោគផលឲ្យគេដែរ»។ នេះជាការកត់សម្គាល់របស់លោក Aymonier ហើយត្រូវបានលោក Pannetier ដកស្រង់ផ្សាយក្នុងសៀវភៅ «ក្រអៅបេះដូងស្រុកខ្មែរ» របស់ខ្លួន។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត Pannetier បានដកស្រង់សម្តីលោក Auguste Pavie អតីតមន្ត្រីជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិន (Mission Pavie Indochine ពីឆ្នាំ១៨៧៩ ដល់ឆ្នាំ១៨៩៥) ដែលបានរស់នៅយូរជាមួយខ្មែរ ចេះនិយាយភាសាខ្មែរ ដោយលោកបានសរសេរថា ជំនួយការខ្មែរមានគុណសម្បត្តិធំធេង មានបេះដូងបរិសុទ្ធ មានការតស៊ូស្វិតស្វាញ មានចិត្តក្លាហានអង់អាច ក្រោមការដឹកនាំរបស់មេកើយដែលខ្លួនយល់ថា ជាអ្នកដឹកនាំប្រកបដោយគុណធម៌។

យោងតាមឯកសារនានា លោក Pavie ពិតជាស្រឡាញ់ និងលើកតម្លៃខ្មែរខ្លាំងណាស់។ «តើមានអ្វីដែលបង្ហាញនូវភាពស្រស់ញញឹមកក់ក្តី រំភើប និងគួរឲ្យជក់ចិត្តជាងការរៀបរាប់របស់លោកប៉ាវី ស្ពីពីការគាត់ជួបខ្មែរលើកដំបូងនោះ?»។ លោក Pannetier បានលើកជាសំណួរ។



តាមរយៈការចុះបំពេញបេសកកម្មចុះចាក់វ៉ាក់សាំង គ្រូពេទ្យជនបទរូបនេះ បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពព្រះសង្ឃខ្មែរ ដែលទទួលបាននូវការគោរពយ៉ាងខ្លាំងពីអ្នកស្រុក ផ្ទុយពីអ្នកនៅលើទឹកដីអណ្ណាមដែលគេមិនឲ្យតម្លៃដល់ព្រះសង្ឃ។

«ព្រះសង្ឃទាំងនេះដែលភាគច្រើនជាអ្នកមកពីស្រែ មិនសូវរើសអើងការងារហត្ថកម្មដូចនៅប្រទេសស្យាមទេ។ ក្នុងចំណោមសង្ឃទាំងនោះ មានអ្នកពូកែធ្វើការមិនចេះហត់ គឺចេះធ្វើឥដ្ឋ ចេះកាប់ឧស ចេះជួសជុលនាឡិកា អាចជាឧស្សាហករ ឬសិល្បករ អាចជាអ្នកបណ្តុះបណ្តាលចំណេះសម្រាប់ធ្វើជាមុខរបរដល់អ្នកស្រុកនៅជុំវិញវត្ត»។ នេះជាការកត់សម្គាល់របស់លោក Pannetier។

បើផ្អែកលើសីលធម៌ អ្នកនិពន្ធទូទៅនាសម័យនោះ តែងតែទទួលស្គាល់ថា ខ្មែរមានចរិយាមារយាទស្រគត់ស្រគំជាងអ្នកស្រុកជិតខាងឆ្ងាយណាស់។ សិល្បៈខ្មែរមានលក្ខណៈពិសេស មួយគឺការបិទបាំង ភាពអៀនខ្មាស។

សៀវភៅបានដកស្រង់សំដីលោក Aymonier ដែលកោតសរសើរស្ត្រីក្រមុំខ្មែរ លើចរិយាមាយាទដែលអាចយកទៅប្រឡងប្រជែងជាមួយក្រមុំទាំងឡាយលើពិភពលោក ដោយនាងទទួលបានការអប់រំ ក្នុងគ្រួសារឲ្យមានភាពស្រគត់ស្រគំ និងការរស់នៅឆ្ងាយពីអ្នកដទៃ ពោលគឺ «ចូលម្លប់» ចាប់ពីអាយុ១២ ដល់១៥ឆ្នាំ។

ទោះបីយ៉ាងណាក៏ដោយ ខ្លឹមសារក្នុងសៀវភៅ «Notes cambodgiennes: Au Coeur du Pays Khmer» ក៏បានលើកឡើងពីបាតុភាពផ្សេងៗក្នុងសង្គមកម្ពុជា ដែលធ្វើឲ្យស្មារតីពលរដ្ឋខ្មែរចុះខ្សោយ ក្លាយជាមនុស្សបាក់ស្បាត ដោយសារតែការឈ្លោះដណ្តើមអំណាចគ្នា៕

© រក្សាសិទ្ធិដោយ thmeythmey.com