អន្តរជាតិ
គណៈមជ្ឈិមបក្សកុម្មុយនីស្ដ​ចិន បើកកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់ មុនសមាជបក្សឆ្នាំក្រោយ​
08, Nov 2021 , 5:29 pm        
រូបភាព
អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីសចិន ស៊ី ជិនភីង និងមន្រ្តីជាន់ខ្ពស់ផ្សេងនាកិច្ចប្រជុំកន្លងមក។ រូបថត Xinhua
អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីសចិន ស៊ី ជិនភីង និងមន្រ្តីជាន់ខ្ពស់ផ្សេងនាកិច្ចប្រជុំកន្លងមក។ រូបថត Xinhua
គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកានេះ ដើម្បីជជែកពីបញ្ហាសំខាន់ៗមុនសមាជិកបក្សលើកទី២០ ដែលធ្វើឡើងនៅឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះ ជាវេទិកាចុងក្រោយមួយក្នុងការកំណត់ក្បាលម៉ាស៊ីនដឹកនាំបក្សថ្មី គូសវាសទិសដៅ​គោល​នយោបាយបក្សនៅឆ្នាំខាងមុខ ហើយទំនងជានឹងត្រួសត្រាយផ្លូវដល់ការបន្តកាន់តំណែងជាលេខាបក្សនៅអាណត្តិទី៣ របស់លោក ស៊ី ជិនភីង ទៀតផង។

 
កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី១៩ ត្រូវធ្វើឡើង៤ថ្ងៃចាប់ពី​ថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា។ អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង និងមន្ត្រីជាន់ខ្ពស់ជាង៤០០នាក់ទៀត ចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។ រៀបវារៈសំខាន់ជាងគេនៃជំនួបប្រចាំឆ្នាំចុងក្រោយ គឺការពិភាក្សាអំពីដំណោះស្រាយជាប្រវត្តិសាស្ត្រលើកទី៣។ 
 
ការអនុម័តដំណោះស្រាយប្រវត្តិសាស្ត្រនេះ ធ្លាប់បានធ្វើឡើងតែពីរដងតែប៉ុណ្ណោះក្នុងឆ្នាំ១៩៤៥ ដែលពង្រឹងអំណាចលោកប្រធាន ម៉ៅ សេទុង និងនៅឆ្នាំ១៩៨១ ពេលដែលលោក តេង ស៊ាវភីង ប្រកាសបើកចំហប្រទេស។ សម្រាប់ដំណោះស្រាយលើកទី៣ គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ទំនងជាលើកតម្កើងលោក ស៊ី ដូចមេដឹកនាំកំពូលមុនដែរ។
 
កិច្ចប្រជុំខាងលើ ត្រូវមើលឃើញថា ជាការត្រៀមលក្ខណៈសម្រាប់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នៅឆ្នាំ២០២២ ដែលការផ្លាស់ប្ដូរក្បាលម៉ាស៊ីនបក្ស នឹងត្រូវធ្វើឡើង។ មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តចិនជាច្រើននាក់រាប់ទាំងលោក ស៊ី សុទ្ធតែដល់អាយុចូលនិវត្តន៍។ អ្វីដែលរង់ចាំមើលនោះ គឺលោក ស៊ី នឹងបន្តអង្គុយកៅអីលេខាបក្សជាលើកទី៣ ឬយ៉ាងណា ខណៈលោកក៏មានសិទ្ធិធ្វើបែបនោះដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ដែលជាប្រធានាធិបតីចិនផងនោះ បានថ្លែងបើកកិច្ចប្រជុំ ដោយអានរបាយការណ៍ប្រចាំឆ្នាំទៅកាន់អង្គប្រជុំ។ លោក ស៊ី ក៏បានពន្យល់ពីសេចក្ដីព្រាងដំណោះស្រាយជាប្រវត្តិសាស្ត្រដែលផ្ដោតលើសមិទ្ធផលរបស់បក្សក្នុងរយៈពេល១០០ឆ្នាំមកនេះ។ ការអនុវត្តដំណោះស្រាយដែលនឹងរួមបញ្ចូលសមិទ្ធផលដឹកនាំរបស់លោក ស៊ី នឹងបង្ហាញពីអំណាចរបស់លោកក្នុងជួរថ្នាក់ដឹកនាំបក្ស។

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com