ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អ្នកធ្វើការផ្នែកសេវាកម្មកម្សាន្ត ទន្ទឹង​ចាំKTVបើកឡើងវិញ ហើយស្នើឱ្យរដ្ឋជួយគាំពារពួកគេ
09, Nov 2021 , 10:43 am        
រូបភាព
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ(រូបទីមួយ ខាងឆ្វេងពាក់ម៉ាស់)។ អ្នកស្រី សែម រតនា អតីតអ្នករត់តុនៅក្នុងKTVរាត្រីហុងកុង (រូបកណ្ដាល ពាក់អាវក្រហម) និង លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្ម។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ(រូបទីមួយ ខាងឆ្វេងពាក់ម៉ាស់)។ អ្នកស្រី សែម រតនា អតីតអ្នករត់តុនៅក្នុងKTVរាត្រីហុងកុង (រូបកណ្ដាល ពាក់អាវក្រហម) និង លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្ម។
ភ្នំពេញ៖ អ្នកធ្វើការផ្នែកសេវាកម្មកម្សាន្ត ទន្ទឹងរង់ចាំកន្លែងការងារខ្លួនបើកឡើងវិញ ខណៈដែលពួកគេ កំពុងតស៊ូរស់យ៉ាងយ៉ាប់យឺន ព្រោះបាត់បង់ប្រភពចំណូល។ ជាមួយគ្នានេះដែរ ពួកគេស្នើរដ្ឋាភិបាល ជួយគាំពារដល់ពួកគេ ឲ្យដូចអ្នកធ្វើការនៅវិស័យកាត់ដេរដែរ។

 
ក្រសួងទេសចរណ៍ បានសម្រេច​ឲ្យ​បៀហ្កាឌិន បើកដំណើរការឡើងវិញហើយ ចាប់តាំងពីដើមខែវិច្ឆិកាមក ខណៈដែលកាលបរិច្ឆេទនៃការបើកដំណើរការឡើងវិញ ហាងខារ៉ាអូខេ (KTV) ឌីស្កូតែក រង្គសាល និងក្លិបកម្សាន្តផ្សេងៗ  នៅតែមិនទាន់កំណត់ឱ្យជាក់ច្បាស់។ ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ វិច្ឆិកា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចលើការបើកដំណើរការទីតាំងកម្សាន្តទាំងនេះ នឹងធ្វើឡើងក្រោយដំណាច់ខែវិច្ឆិកានេះ។
 
ជុំវិញភាពមិនច្បាស់លាស់ នៃការ​បើកដំណើរការ​ហាងខារ៉ាអូខេ ឌីស្កូតែក និងរង្គសាលជាដើមនេះ បានធ្វើឱ្យធ្វើការក្នុងផ្នែកសេវាកម្សាន្តព្រួយចិត្ត ដ្បិតពួកគេកំពុងតស៊ូរស់នៅយ៉ាងលំបាក ក្រោយបាត់បង់ចំណូលជាច្រើនខែមកហើយ ដោយសារតែវិបត្តិកូវីដ-១៩។ ម្យ៉ាងទៀត បើទោះបីជាទីតាំងបៀហ្កាឌិន  បាន​បើកដំណើរការឡើងវិញ​មែន តែអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យសេវាកម្មកម្សាន្តអះអាងថា ពួកគេមិនទាន់បានការងារធ្វើវិញឡើយ។ 
 

អ្នកស្រឺ សែម រតនា អង្គុយមុនបន្ទប់ជួល នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

អ្នកស្រី សែម រតនា ជាអតីតអ្នករត់តុនៅខារ៉ាអូខេ នៅរាត្រីហុងកុង ដែលមានទីតាំងនៅ​ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរៀបរាប់ប្រាប់សារព័ត៌មាន Thmeythmey តាមទូរសព្ទថា សព្វថ្ងៃប្រភពចំណូលក្នុងគ្រួសារគឺបាន​ពី​កម្រៃ​ដែលប្តីរបស់ខ្លួន ជួយលើក និងរៀបចំបន្លែ ឲ្យអាជីវកម្មលក់ដូរនៅផ្សារដើមគ។ ក្នុងមួយថ្ងៃប្តីអ្នកស្រី រកកម្រៃបានពី៣ម៉ឺនរៀល ទៅ៤ម៉ឺនរៀល។ ចំណូលប៉ុនណេះ ត្រូវបានអ្នកស្រី សែម រតនា អះអាងថាពិបាកទប់ទល់នឹងចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ដែលមានកូនដល់ទៅ៣នាក់នោះទេ ខណៈដែលអ្នកស្រីផ្ទាល់ ក៏មានជំងឺក្រួសក្នុងតម្រងនោមផងនោះ មិនអាចធ្វើការងារអ្វីធ្ងន់នោះទេ។
 
​ដោយសារតែជីវភាពកាន់តែយ៉ាប់យឺនទៅៗ ទើបប្រហែលជា២ខែមុន អ្នកស្រី រតនា និងប្តី ត្រូវបង្ខំចិត្តបញ្ជូនកូនស្រីដែលមានវ័យត្រឹម១៤ឆ្នាំ ឱ្យទៅធ្វើការក្នុងរោងចក្រកាត់ដេរមួយកន្លែង ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។  មានវ័យប្រមាណ ៣០ឆ្នាំប្លាយ អ្នកស្រីដោយគាត់បានបន្តត្អូញត្អែរថា៖«ខ្ញុំក្រួសក្នុងតម្រងនោមយូរខែឆ្នាំហើយ គ្មានលុយវះ មានតែលេបថ្នាំបំបាត់ការឈឺចាប់ពេលចុកក្នុងពោះម្ដងៗ។ ហើយសូម្បីដើរបោកខោអាវគេតាមផ្ទះ ក៏ពិបាកដែរឥឡូវ។ មានតែរង់ចាំការងារគេបើកវិញ ហើយខ្ញុំ ក៏បានទៅសួរហាងគេដែរ (ខារ៉ាអូខេរាត្រីហុងកុង) គាត់ថា មិនច្បាស់បើកថ្ងៃណាទេ រង់ចាំមើលសិន ព្រោះបារម្ភខ្លាចកូវីដ-១៩»។
 

ចំណែក លោក សុក ជួន ដែលជាអតីតសន្តិសុខ នៅហាង១៦៨ខារ៉ាអូខេ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ក៏បានឲ្យសារព័ត៌មានThmeythmey ដឹងដែរថា បន្ទាប់ពីកន្លែងការងារបានផ្អាកដំណើរការ ដោយសារវិបត្តិកូវីដ-១៩ លោកក៏បានរត់រ៉ឺម៉កដឹកអីវ៉ាន់។ របរបណ្តោះអាសន្ននេះ មិនបានធ្វើឱ្យជីវភាពលោក សុក ជួន ល្អប្រសើរនោះទេ ពោលគឺរកបានមួយថ្ងៃ ចាយមួយថ្ងៃប៉ុណ្ណោះ។
 
លោក សុក ជួន  ក៏ទន្ទឹងរង់ចាំកន្លែងការងារបើកដំណើរការឡើងវិញដែរ។ «រង់ចាំមើលគេបើកឡើងវិញដែរ (កន្លែងការងារចាស់) ប៉ុន្តែមិនដឹងថា គេយកយើងវិញឬអត់នោះទេ។ ឥឡូវមានតែដឹងអីវ៉ាន់សិន បានគ្រាន់ចាយប្រចាំថ្ងៃ (ចំណូល) ឲ្យសល់ គឺមិនសល់ទេ! ដូចឃើញហើយរ៉ឺម៉កដឹកអីវ៉ាន់ប្រើសាំង។ តម្លៃវា(សាំង)ក៏ចេះតែឡើង»។ នេះជាការរៀបរាប់របស់លោក សុក ជួន ដែលបានបន្តដោយ ស្នើឲ្យរដ្ឋាភិបាលគិតគួរ ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសផ្នែកសេវាកម្មកម្សាន្ត និងអ្នករត់ម៉ូតូជាដើម។ 
 
សម្រាប់ អ្នកស្រី សែម រតនា វិញក៏បានដាក់ក្តីសង្ឃឹមលើការបើកដំណើរការឡើងវិញដែរ ហើយអ្នកស្រី នឹងអាចត្រឡប់ទៅ​ធ្វើការនៅកន្លែងចាស់វិញ។ ស្ត្រីរូបនេះ ក៏​បានទទួច​ឲ្យរដ្ឋាភិបាល ជួយគាំពារដល់អ្នកធ្វើការផ្នែកវិស័យកម្សាន្ត នៅអំឡុងពេលបាត់បង់ការងារ ដូចអ្នកបាត់បង់ការងារក្នុងវិស័យកាត់ដេរដែរ។ «ពេលបាត់បង់ការងារនេះ មិនទទួលបានប្រាក់ឧបត្តម្ភពីរដ្ឋឡើយ។ ពួកខ្ញុំក៏ចង់បានសេវា ថែមពិនិត្យសុខភាព និងផ្ដល់ជំនួយដូចអ្នកធ្វើរោងចក្រដែរ។ ពួកខ្ញុំពិបាកគ្រប់បែបណ៎ា! គ្មានទាំងចំណេះដឹងទៀត»។ នេះបើតាមការសង្កត់ធ្ងន់របស់អ្នកស្រី រតនា។
 
ពាក់ព័ន្ធនឹងអាជីវកម្មផ្នែកសេវាកម្មកម្សា​ន្ត លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្សាន្តកម្ពុជា យល់ថាបើទោះបីមានការបើកឡើងវិញ ក៏មិនប្រាកដថាមានភ្ញៀវដែរ។ ម្យ៉ាងលោកស្រី កត់សម្គាល់ឃើញថា ហាងខារ៉ាអូខេជាច្រើន ក៏បានបិទទ្វារ លែងដំណើរការទៅហើយ ព្រោះគ្មានលទ្ធភាពបង់ថ្លៃអាគារ ឬ​ជួលទីតាំង។ លើសពីនេះ កម្មករមួយចំនួនក៏មិនប្រាកដថា ថៅកែ រើសយកពួកគេទៅបម្រើការងារវិញទាំងអស់ដែរ ព្រោះទំនងជាអ្នកបម្រើការងារក្នុងទីតាំងនីមួយៗ ត្រូវបន្ថយក្នុងចំនួនអប្បរមាណាមួយ ពេលបើកដំណើរការឡើងវិញ។ ​
 
ចំណែក ស្ថានភាពអ្នកធ្វើក្នុងវិស័យសេវាកម្មកម្សាន្ត ពួកគេខ្លះបានផ្លាស់ប្ដូរទៅប្រកបមុខរបរថ្មី ដើម្បីបានប្រាក់ចំណូល។ នេះបើតាម លោកស្រី អ៊ូ ទេពផល្លីន ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៨វិច្ឆិកា ហើយលោកស្រី បានសង្កត់ធ្ងន់ថា៖ «សំណើរបស់កម្មករគ្មានប្រសិទ្ធភាព​ទេ។ អស់រយ:កាល២ឆ្នាំជាងហើយ​ ដែលពួកយើងដង្ហោយហៅស្នើការគាំទ្រពីរដ្ឋ តែគ្មា​ន​ប្រសិទ្ធភាពទេ​!»។ លោកស្រី ទេពផល្លីន មើលឃើញថា គោលនយោបាយដែលដកហូតប្រយោជន៍កម្មករ គឺអនុវត្តមានប្រសិទ្ធភាព ហើយលឿនជាងគោលនយោបាយ សម្រាប់គាំពារកម្មករ​។ 
 

លោក ហេង សួរ ក្នុងសន្និសីទកាសែតនាពេលកន្លងមក។

ពាក់ព័ន្ធនឹងករណីនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងប្រាប់សារព័ត៌មាន Thmeythmeyថា ខ្លួនគ្មានអ្វីត្រូវឆ្លើយតបចំពោះការលើកឡើងរបស់លោកស្រី អ៊ូ ទេពផល្លីនឡើយ។ លោក ហេង សួរ ចាត់ទុកការ​លើកឡើងខាងលើថា​ ជាការលើកឡើងដែល​មិនមានការថ្លឹងថ្លែងច្បាស់លាស់។ លោក ហេង សួរ បញ្ជាក់ថា៖ «អត់មានអីឆ្លើយតបផង ព្រោះគាត់(មេសហជីព) ព្រោះគាត់គិត មិនដឹងថាគាត់យកអីមកវាសផង។ ហើយយើងអត់មានអ្វីត្រូវដកទេ មានតែជួយដល់បងប្អូនកម្មករ»។ 
 
ជុំវិញការជួយដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សួរ បានពន្យល់ថា រដ្ឋាភិបាលមានគម្រោងជំនួយសង្គម និងការបង្កើតការងារតាមសហគមន៍ ដល់អ្នកគ្មានការងារធ្វើ។ កម្មវិធីជំនួយសង្គមនេះ គឺជាការផ្ដល់ប្រាក់ឧបត្ដម្ភដល់គ្រួសារក្រីក្រ។ ចំណែក ការងារតាមមូលដ្ឋាននេះ គឺការអភិវឌ្ឍផ្លូវថ្នល់ និងជីកប្រឡាយតាមមូលដ្ឋានជាដើម។  ជាមួយគ្នានេះ កាលពីថ្ងៃទី៤ និង៥វិច្ឆិកានេះ ក្រសួងការងារ ក៏បានរៀបចំពិព័រណ៍អនឡាញ ដើម្បីផ្ដល់ឱកាសការងារ ដល់ពលរដ្ឋដែលមានបំណងស្វែងរកការងារធ្វើផងដែរ ដែលក្នុងពិព័រណ៍នេះ មានការចូលរួមពីក្រុមហ៊ុនប្រមាណ១០០ និងបើកផ្តល់ឱកាសការងារជាង២ម៉ឺនកន្លែង។ លោក ហេង សួរ បញ្ជាក់ដូច្នេះ។ 
 

លោកស្រី អ៊ូ ទេពផល្លូីន ប្រធានសហជីព CFSWF - សហជីពកម្មករចំណីអាហារនិងសេវាកម្ម។ 

​យ៉ាងណាក៏ដោយ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្សាន្តកម្ពុជា បានឲ្យដឹងថា អ្នកធ្វើការផ្នែកសេវាកម្មកមន្សាន្តតិចតួចបំផុតទទួលបានបណ្ណសមធម៌ (បណ្ណក្រីក្រ) ពោលគឺជិត១០ភាគរយប៉ុណ្ណោះ។ បញ្ហាដោយសារ ពួកគេភាគច្រើនផ្លាស់ប្ដូរទីលំនៅ ទើបពិបាករៀបចំឯកសារសម្រាប់ស្នើសុំបណ្ណក្រីក្រ៕ 

Tag:
 សេវាកម្មកម្សាន្ត
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com