អន្តរជាតិ
ចិន ស្នើឱ្យអាម៉េរិកធ្វើតាមច្បាប់ជុំវិញការចោទប្រកាន់ពលរដ្ឋចិនរឿងលួចការណ៍សម្ងាត់ពាណិជ្ជកម្ម
09, Nov 2021 , 8:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ។
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ។
តុលាការអាម៉េរិក កាលពីចុងសប្ដាហ៍មុន បានចោទប្រកាន់ជនជាតិចិនម្នាក់ពីបទលួចព័ត៌មាន សម្ងាត់ក្នុងពីបណ្ដាក្រុមហ៊ុនអាម៉េរិក។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin នៅថ្ងៃទី៨​ ខែវិច្ឆិកា ចាត់ទុកទង្វើរបស់អាម៉េរិកជារឿងប្រឌិតសុទ្ធសាធ ហើយស្នើឱ្យទីក្រុងវ៉ាស៊ីនតោនចាត់ការរឿងនេះតាមច្បាប់ឱ្យបានត្រឹមត្រូវ។

 
បើតាមក្រសួងយុត្តិធម៌អាម៉េរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ជនជាតិចិនឈ្មោះ Xu Yanjun ដែលត្រូវបានចាត់ទុកជាមន្រ្តីចារកម្មផង ត្រូវបានចោទដោយតុលាការសហព័ន្ធអាម៉េរិកពីបទលួចបច្ចេកវិទ្យាសម្ងាត់ពី​ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក និងបារាំង។ អាម៉េរិកក៏អះអាងថា សកម្មភាពនេះត្រូវបានគាំទ្រ​ដោយ​រដ្ឋនៅពីក្រោយផងដែរ។
 
យ៉ាងណាមិញ ភាគីចិនបានច្រានចោលចំពោះការលើកឡើងខាងលើនេះទាំងស្រុង។ អំឡុង​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang បានសង្កត់ធ្ងន់ថា ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ប្រឌិត​សុទ្ធ។ បន្ថែមពីនេះលោក Wang ក៏ទាមទារ​ឲ្យ​អាមេរិក​ដោះស្រាយ​ករណី​នេះ​ទៅ​តាម​ច្បាប់ និង​ដោយ​យុត្តិធម៌ ដើម្បី​ធានា​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ចិន។
 
គួរបញ្ជាក់ថាលោក Xu ជាមន្ត្រីចិនម្នាក់នៅក្នុងការិយាល័យចារកម្មបរទេសប្រចាំខេត្តជាំងស៊ូនៃក្រសួង​សន្តិសុខរដ្ឋចិន។ លោក Xu ត្រូវបានកាត់ទោសពីបទសមគំនិត និងការប៉ុនប៉ង ធ្វើចារកម្មសេដ្ឋកិច្ច រួមទាំងលើការសមគំនិតក្នុងការលួចព័ត៌មានពាណិជ្ជកម្មសម្ងាត់ផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាម៉េរិក បច្ចុប្បន្ននេះ លោក Xu ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគាររយៈពេលរហូតទៅដល់៦០ឆ្នាំ និងពិន័យជាប្រាក់សរុបជាង៥លានដុល្លារអាម៉េរិក។ លោកនឹងត្រូវកាត់ទោសដោយចៅក្រមតុលាការសហព័ន្ធអាម៉េរិកទៀតផង៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com