ជាតិ
សង្គមជាតិ
រដ្ឋសភា នឹងរើសអនុប្រធានទី១ នៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ
10, Nov 2021 , 7:59 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអ្នកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ (រូបពីរដ្ឋសភា)
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអ្នកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ (រូបពីរដ្ឋសភា)
ដោយ: ថ្មីៗ
ការជ្រើសរើសអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលទើបទទួលមរណភាព នឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍នេះ ឬនៅសប្តាហ៍ក្រោយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា មកកាន់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។


 
ជានីតិវិធី នៅពេលទទួលបានឈ្មោះបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា ពីគណបក្សកាន់អំណាចហើយ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីអនុម័តយល់ព្រមលើបេក្ខជននោះមួយដំណាក់កាលសិន ហើយបន្ទាប់មក ទើបរដ្ឋសភា បើកកិច្ចជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យក្លាយជាអនុប្រធានទី១ជាផ្លូវការ។ 
លោក ឡេង ប៉េងឡុង លើកឡើងថា ជួនកាលឈ្មោះបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា អាចនឹងត្រូវបញ្ជូនទៅរដ្ឋសភាក្នុងសប្តាហ៍នេះ តែរដ្ឋសភា អាចមិនទាន់បើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជននោះ ដោយត្រូវរង់ចាំនៅសប្តាហ៍ក្រោយ ដ្បិតរដ្ឋសភា កំពុងជាប់រវល់ខ្លាំង។ 
 
អ្នកនាំពាក្យរដ្ឋសភារូបនេះ បន្តថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺជាអ្នកជ្រើសរើសបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា ហើយនឹងត្រូវបញ្ជូនទៅឲ្យរដ្ឋសភា។ យ៉ាងណា លោក ប្រាប់ថា មកដល់ពេលនេះ រដ្ឋសភា មិនទាន់ទទួលបានឈ្មោះបេក្ខជនអនុប្រធានទី១នៃរដ្ឋសភាពីគណបក្សប្រជាជនកម្ពុជានោះទេ។ លោក មិនអាចព្យាករមុនឡើយថា ឥស្សរជនរូបណា ដែលនឹងអាចត្រូវគណបក្ស ជ្រើសរើសជាបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏មិនទាន់ទទួលបានព័ត៌មានដែរថា គណបក្ស នឹងជ្រើសរើសឥស្សរជនរូបណាជាបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា។ តើអាចអ្នកស្រី ឃួន សុដារី ទេ? អ្នកនាំពា្យគណបក្សកាន់អំណាចរូបនេះ ឆ្លើយនឹងសារព័ត៌មានថ្មីៗថា៖«អត់ដឹងដែរ មិនច្បាស់ យើង មិនអាចនិយាយបានទេ»។ បច្ចុប្បន្ន អ្នកស្រី ឃួន សុដារី ដែលមានគោរមងារជាកិត្តិសង្គហបណ្ឌិត គឺជាអនុប្រធានទី២នៃរដ្ឋសភា។ 
 
លោក ងួន ញ៉ិល បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។ គោរមងាររបស់លោក គឺ កិត្តិនីតិកោសលបណ្ឌិត។ 
សូមបញ្ជាក់ថា តំណាងរាស្រ្តទាំង១២៥រូប ក្នុងនីតិកាលទី៦នេះ (២០១៨-២០២៣) សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយចោល៕ 

Tag:
 អនុប្រធានទី១រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com