កីឡាអន្តរជាតិ
អន្តរជាតិ
Raducanu ប្រកាសថាលោក Torben Beltz គឺជាគ្រូថ្មីរបស់នាង ក្រោយពេលប្រកួតចាញ់នៅ Linz Open
11, Nov 2021 , 8:29 am        
រូបភាព
កីឡាការិនីវាយកូនបាល់ Emma Raducanu ដែលជាម្ចាស់ជើងឯក US Open បានប្រកាសតែងតាំងលោក Torben Beltz ជាគ្រូបង្វឹកថ្មីរបស់នាង។កីឡាការិនីចក្រភពអង់គ្លេសរូបនេះ បានប្រកាសក្រោយពេលចាញ់ការប្រកួតនៅកម្មវិធី Linz Open នៅប្រទេសអូទ្រីសថ្ងៃទី៩ ខែវិច្ឆិកា។ នេះបើតាម Reuters។



Raducanu វ័យ១៨ឆ្នាំ បានប្រកួតដោយគ្មានគ្រូបង្វឹកចាប់តាំងពីនាងបានចែកផ្លូវជាមួយគ្រូចាស់ Andrew Richardson ២សប្តាហ៍មុន ពេលនាងឈ្នះពានជើងឯក Grand Slam នៃកម្មវិធី US Open កាលពីខែកញ្ញាកន្លងមក។ 
 
កីឡាការិនីចក្រភពអង់គ្លេសកាត់ចិន Raducanu រូបនេះ បានប្រកួតចាញ់ជាបន្តបន្ទាប់ ពោលគឺឆ្លងមិនផុតវគ្គជម្រុះជុំទីបីឡើយ​ ខណៈការប្រកួត នាថ្ងៃទី៩ វិច្ឆិកា នាងបានចាញ់កីឡាការិនីចិន Wang Xinyu ដោយលទ្ធផលបីសីត ៦-១ ៧-០ ៧-៥ ត្រឹមជុំទីមួយប៉ុណ្ណោះ។
 
ក្រោយចប់ការប្រកួត Raducanu បាននិយាយប្រាប់សារព័ត៌មានថា៖«ខ្ញុំពិតជាសប្បាយចិត្តពេលបានធ្វើការជាមួយគ្រូបង្វឹកថ្មីរបស់ខ្ញុំ សម្រាប់ត្រៀមការប្រកួតបើករដូវកាលនៅឆ្នាំក្រោយនេះ វាពិតជារឿងដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ដែលបានហ្វឹកហាត់ជាមួយគ្រូដែលសំបូរទៅដោយបទពិសោធន៍។»
 
គួរបញ្ជាក់ដែរ មុនក្លាយជាគ្រូបង្វឹកថ្មីរបស់ Emma Raducanu នេះ លោក Torben Beltz សញ្ជាតិអាល្លឺម៉ង់ ធ្លាប់បានបង្វឹកកីឡាការិនីវាយកូនបាល់ Angelique Kerber ឲ្យឈ្នះពានរង្វាន់ Australia Open, US Open ព្រមទាំងជាម្ចាស់មេដាយប្រាក់អូឡាំពិកក្នុងឆ្នាំ ២០១៦ ផងដែរ៕

Tag:
 Emma Raducanu
  Torben Beltz
© រក្សាសិទ្ធិដោយ thmeythmey.com