កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉េកាំង៖ IOC ព្រមានពីការរាលដាលកូវីដ-១៩ បើមានការតវ៉ា
10, Nov 2021 , 4:00 pm        
រូបភាព
ប្រធានគណៈកម្មការសម្របសម្រួលនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៩ ខែវិច្ឆិកា ព្រមានពីការរីករាលដាលខ្លាំងឡើងនៃជំងឺកូវីដ-១៩ ក្នុងករណីមានការជួបជុំតវ៉ាណាមួយអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។



សកម្មជនសិទ្ធិមនុស្សមួួយចំនួន បានកំណត់គោលដៅតវ៉ាក្នុងអូឡាំពិកប៉េកាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់២០ ខែកុម្ភៈ ដើម្បីប្រឆាំងចិនដែលត្រូវបានចោទថាបានធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅស៊ីនជាំង។ ភាគីចិន ច្រានចោលការចោទប្រកាន់ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ទាំងអស់នេះ។
 
លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលរបស់ IOC នៃកីឡារដូវរងា ឆ្នាំ២០២២ បានប្រាប់អ្នកយកព័ត៌មានថា សិទ្ធិក្នុងការតវ៉ាត្រូវបានចែងនៅក្នុងកិច្ចសន្យាក្នុងក្រុងប៉េកាំងដែលជាទីរៀបចំធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែលោកបារម្ភពីករណីដែលការតវ៉ាឈានដល់ការរាលដាលជំងឺកូវីដ-១៩។
 
«យើងមានកូវីដ-១៩ ហើយ កូវីដ-១៩ នឹងផ្លាស់ប្តូរអ្វីៗជាច្រើនក្នុងព្រឹត្តិការណ៍អូឡាំពិក។ ទោះត្រូវអនុវត្តតាមធម្មនុញ្ញអូឡាំពិក ដែលម្ចាស់ផ្ទះចិនបានសន្យា ចិនត្រូវតែមានវិធានការតឹងរ៉ឹងដើម្បីការពារជំងឺរាតត្បាតនេះ។ អាជ្ញាធរសុខភាពសាធារណៈក្នុងប្រទេសចិន និងអន្តរជាតិ ត្រូវធានាករណីនេះ»។ មន្រ្តី IOC បញ្ជាក់បែបនេះ។
 
នាកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ ២០០៨ ក៏ធ្លាប់មានការកំណត់តំបន់បាតុកម្មចំនួន៣ទីតាំងដើម្បីប្រឆាំងចិនផងដែរ នៅមុនការប្រកួតមកដល់។ យ៉ាងណា អំឡុងប្រកួតនោះគ្មាននរណាម្នាក់បានឃើញការតវ៉ាណាមួយកើតឡើងឡើយ៕

Tag:
 IOC
  Beijing 2022)
© រក្សាសិទ្ធិដោយ thmeythmey.com