អន្តរជាតិ
ចិន និងប៉ាគីស្ថាន អវត្តមានពីកិច្ចប្រជុំលើបញ្ហាអាហ្វហ្កានីស្ថានដែលរៀបចំដោយឥណ្ឌា
11, Nov 2021 , 10:04 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ឥណ្ឌានៅថ្ងៃទី១០ ខែវិច្ឆិកា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមន្ត្រីសន្តិសុខជាន់ខ្ពស់មកពីរុស្ស៊ី អ៊ីរ៉ង់ និងបណ្តាប្រទេសអាស៊ីកណ្តាលចំនួន៥ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន។ ចិន និងប៉ាគីស្ថាន មិនមានវត្តមានក្នុងកិច្ចប្រជុំនេះឡើយ។

 
ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval បានអញ្ជើញប្រធានផ្នែកសន្តិសុខជាតិមកពីអ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន។ តំណាងអាហ្វហ្គានីស្ថានមិនត្រូវបានអញ្ជើញទេ ខណៈចិន និងប៉ាគីស្ថាន អវត្តមាន។
 
«នេះ​ជា​ពេល​វេលា​សម្រាប់​ការ​ពិគ្រោះ​យោបល់​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ចំណោមពួក​យើង»។ លោក Doval ថ្លែង​បែបនេះ​​មុន​កិច្ច​ប្រជុំ។ លោក​សង្ឃឹម​ថា ​ការ​ពិភាក្សា​នេះ​នឹង​ជួយ​ប្រជាជន​អាហ្វហ្គានីស្ថាន និង​បង្កើន​សន្តិសុខ​សមូហភាព​ក្នុង​តំបន់។
 
ជាមួយគ្នានេះដែរ ក្រសួងការបរទេសឥណ្ឌាប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះនឹងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលពាក់ព័ន្ធ និងគាំទ្រប្រជាជនអាហ្វហ្គានីស្ថានក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព។ មន្ត្រីក្រសួងការបរទេសឥណ្ឌាអះអាងថា ការបដិសេធរបស់ប៉ាគីស្ថានក្នុងការចូលរួមកិច្ចប្រជុំនេះគឺ ជារឿងគួរឱ្យសោកស្តាយ ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះវាបង្ហាញពីផ្នត់គំនិតរបស់ប៉ាគីស្ថានក្នុងការចាត់ទុកអាហ្វហ្គានីស្ថានក្រោមអាណាព្យាបាលរបស់ខ្លួន។
 
ក្រសួងការបរទេសចិនវិញ បកស្រាយថា តំណាងចិនមិនអាចចូលរួមបានព្រោះជាន់កម្មវិធីគ្នា។
 
ចំពោះកិច្ចប្រជុំដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានមើលឃើញថា ជាការប៉ុនប៉ងរបស់ឥណ្ឌាក្នុងការការពារផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ស្របពេលដែលប៉ាគីស្ថានកំពុងមានឥទិ្ធពលកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ ទាំងឥណ្ឌា និងប៉ាគីស្ថាន បានព្យាយាមជាយូរមកហើយក្នុងការបញ្ចូលឥទ្ធិពលទៅលើអាហ្វហ្គានីស្ថានដើម្បីបំពេញផលប្រយោជន៍សន្តិសុខរបស់ពួកគេ។ 
 
មុនពេលក្រុមតាលីបង់ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល ឥណ្ឌាបានផ្តល់ការហ្វឹកហ្វឺនប្រតិបត្តិការ និងឧបករណ៍យោធាដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។ ឥណ្ឌាក៏ជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំបំផុតដល់អាហ្វហ្គានីស្ថានផងដែរ៕

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com