អន្តរជាតិ
ប្រធានាធិបតីចិនព្រមានពីភាពតានតឹងដូចសម័យសង្គ្រាមត្រជាក់នៅអាស៊ី-ប៉ាស៊ីហ្វិក
11, Nov 2021 , 11:59 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំធុរកិច្ច APEC ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំធុរកិច្ច APEC ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង​ នៅថ្ងៃទី១១ ខែវិច្ឆិកាបានព្រមានពីការកើតឡើងភាពតានតឹងរវាង ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលដូចសម័យសង្គ្រាមត្រជាក់នៅក្នុងតំបន់។ ជំនួសឱ្យការប្រឈម​មុខដាក់គ្នា លោក ស៊ី ក៏បានទទូចឱ្យប្រទេសទាំងអស់សហការគ្នាបន្ថែមទៀត រកដំណោះស្រាយ​ជុំវិញ​បញ្ហាជំងឺសាកល និងការប្រែប្រួលអាកាសធាតុ។

 
អំឡុងវេទិកាពាណិជ្ជកម្មមួយដែលរៀបចំអំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ថ្ងៃទី ១១ ខែវិច្ឆិកា ប្រធានាធិបតីចិន ស៊ី ជិនភីង បានលើកឡើងថា ប្រទេសក្នុងតំបន់មិន គួរវិលទៅរកការប្រឈមមុខដាក់គ្នា និងការបែងចែកមនោគមវិជ្ជាដូចសម័យសង្រ្គាមត្រជាក់នោះទេ។ បើតាមលោក ស៊ី ការប្រឈមមុខដាក់គ្នានេះមិនមែនជាប្រយោជន៍រួមឡើយ។
 
«ការព្យាយាមគូសបន្ទាត់បែងចែកមនោគមវិជ្ជា ឬបង្កើតជាបក្សសម្ព័ន្ធតូចៗលើមូលដ្ឋានភូមិសាស្ត្រ​នយោបាយអាស៊ី-ប៉ាស៊ីហ្វិក​ នឹងត្រូវបរាជ័យ»។ លោក ស៊ី សង្កត់ធ្ងន់បែបនេះ​មុន​អំពាវនា​វ​ឱ្យ​ប្រទេស​ទាំងអស់​ធ្វើការជាមួយគ្នាដោះស្រាយបញ្ហាកំពុងជួបប្រទះជារួមវិញ។ នេះបើតាមការផ្សាយរបសទីភ្នាក់ងារព័ត៌មាន Xinhua ។
 
ជាជាងការប្រឈមមុខដាក់គ្នា ប្រធានាធិបតីចិនរូបនេះក៏បានទទូចឱ្យមានការកិច្ចខិតខំទាំងអស់​គ្នា​ដើម្បីអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍមានភាពងាយស្រួលជាងមុនក្នុងការទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩។ លោក ស៊ី ថ្លែងទៀតថា ប្រទេសទាំងអស់គួរតែឯកភាពគ្នាថា វ៉ាក់សាំង​ជា​ផលិត​ផល​សកល​ និងត្រូវចែកចាយដោយយុត្តិធម៌ និងសមធម៌ ហើយគួរបង្កើនកិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ស្រាវ​ជ្រាវ ការផលិត ការធ្វើតេស្ត និងការទទួលស្គាល់វ៉ាក់សាំងរបស់គ្នាទៅវិញទៅមក ព្រោះវានឹងជួយ​ឱ្យ​ពិភពលោកងើបចេញពីជំងឺរាតត្បាត និងស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយស្ថិរភាព។
 
ជុំវិញ បញ្ហាអាកាសធាតុវិញលោក ស៊ី ក៏បានជំរុញឱ្យប្រទេសទាំងអស់ដើរលើមាគ៌ានៃការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព កម្រិតកាបូនទាប និងការអភិវឌ្ឍបៃតងផងដែរ។ ចំពោះចិន លោក ស៊ី ប្រកាសថា នឹងប្ដេជ្ញាផ្លាស់ប្តូរទៅការអភិវឌ្ឈបៃតងលើគ្រប់វិស័យ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ​ការអភិរក្សប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

Tag:
 ចិន
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com