កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីឆែក Kretinsky ទិញភាគហ៊ុនក្លិប West Ham ២៧ភាគរយ តម្លៃ២៧០លានដុល្លារ
11, Nov 2021 , 2:26 pm        
រូបភាព
មហាសេដ្ឋីសញ្ជាតិឆែក Daniel Kretinsky បានទិញយកភាគហ៊ុន ២៧ភាគរយរបស់ក្លិប West Ham United ក្នុងតម្លៃប្រមាណ ២០០លានផោន (២៧០លានដុល្លារអាម៉េរិក)។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យលោក Kretinsky ក្លាយជាម្ចាស់ភាគហ៊ុនធំទីពីរក្នុងក្លិបនៅ Premier League មួយនេះ។ នេះបើតាមការចុះផ្សាយរបស់ West Ham តាមរយៈវេបសាយផ្ទាល់របស់ក្លិប អ្នកជំនួញ និងជាមេធាវី Kretinsky និងសហសេវិករបស់ខ្លួនលោក Pavel Horsky ត្រូវបានតែងតាំងជាក្រុមប្រិក្សាភិបាលក្លិប West Ham ដោយត្រូវចូលរួមជាមួយប្រធានរួមលោក David Sullivan និង David Gold និងអនុប្រធានលោក Karren Brady ដើម្បីបន្តគ្រប់គ្រងក្លិបឱ្យកាន់តែរីកចម្រើនឡើង។



លោក Kretinsky វ័យ៤៦ឆ្នាំ ដែលសព្វថ្ងៃជាម្ចាស់ក្លិប Sparta Prague នៃលីគកំពូលឆែកផងនោះបានបង្ហាញក្តីរីករាយក្រោយក្លាយជាចំណែកមួយរបស់ក្លិបកម្រិតកំពូលរបស់អឺរ៉ុប។ មហាសេដ្ឋីដែលមានទ្រព្យជាង៤ពាន់លានដុល្លារអះអាងថា៖ «ខ្ញុំរីករាយណាស់ដែលដំណើរការទិញភាគហ៊ុនក្លិប West Ham សម្រេចបានជោគជ័យ។ ខ្ញុំស្រលាញ់កីឡាបាល់ទាត់។ ខ្ញុំពិតជាកោតសរសើរ និងគោរពនូវប្រវត្តិ និងប្រពៃណីដ៏ពិសេសរបស់ West Ham United»។
  

លោក Daniel Kretinsky មហាសេដ្ឋីសញ្ជាតិឆែក

ដោយឡែកក្លិបរហស្សនាមញញួរវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «កិច្ចព្រមព្រៀងនេះគឺជាការកែលម្អបន្ថែមទៀតចំពោះរចនាសម្ព័ន្ធ ពិសេសដើមទុនរបស់ក្លិប ដើម្បីឱ្យក្លិបអាចកាត់បន្ថយបំណុលរយៈពេលវែងរបស់ខ្លួន និងសមត្ថភាពក្នុងការបន្តដឹកនាំក្លិបកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត»។
 
West Ham នៅដើមរដូវកាល ២០២១-២២នេះ ពួកគេបានបង្កើតភាពលេចធ្លោខ្លាំង បន្ទាប់ពីឡើងទៅឈរនៅលេខរៀងទី៣ ក្នុងតារាង Premier League។ មិនតែប៉ុណ្ណោះ ក្រុមដែលមានលោក David Moyes ជាអ្នកចាត់ការទូទៅ មានភាគរយខ្ពស់ក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League និង EFL Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្ររដូវកាលនេះផងដែរ៕

Tag:
 West Ham United
  Daniel Kretinsky
© រក្សាសិទ្ធិដោយ thmeythmey.com