អន្តរជាតិ
អាម៉េរិក​និង​ចិន សម្រេច​កិច្ចព្រមព្រៀងរួមគ្នាដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​បម្រែបម្រួល​អាកាសធាតុ
11, Nov 2021 , 8:29 pm        
រូបភាព
ប្រេសិតពិសេសផ្នែកអាកាសធាតុរបស់ចិន សៀ ជិនហួ និងប្រេសិតពិសេសប្រធានាធិបតីអាម៉េរិកទទួលបន្ទុកអាកាសធាតុ ចន ឃែរី ។ រូបថត AFP
ប្រេសិតពិសេសផ្នែកអាកាសធាតុរបស់ចិន សៀ ជិនហួ និងប្រេសិតពិសេសប្រធានាធិបតីអាម៉េរិកទទួលបន្ទុកអាកាសធាតុ ចន ឃែរី ។ រូបថត AFP
ដោយ:
អាម៉េរិក និងចិន ដែលជាប្រទេសបញ្ចេញកាបូនឌីអុកស៊ីតធំជាងគេទាំងពីររបស់ពិភពលោក បានបញ្ចេញកិច្ចព្រមព្រៀងរួមគ្នាមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយ​បម្រែបម្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសអំឡុងកិច្ចប្រជុំស្ដីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុង Glasgow ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ខណៈអាម៉េរិករិះគន់ចិនមិនសំចៃនាកិច្ចប្រជុំដ៏សំខាន់មួយនេះ។

 
កិច្ចព្រមព្រៀង​ក្របខណ្ឌដែលបង្ហាញពីការពួតដៃគ្នារបស់មហាអំណាចអាម៉េរិកនិងចិន ត្រូវបាន​ប្រកាសដោយប្រេសិតពិសេសផ្នែក​អាកាសធាតុរបស់​អាម៉េរិក ចន ឃែរី និង​សមភាគី​ចិន សៀ ជិនហួ នៅថ្ងៃទី១០ ខែវិច្ឆិកានៅឯ​សន្និសីទ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ (COP26) ​ទឹកដី​ស្កុតឡែន។ ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរ នឹងជំរុញឱ្យកិច្ចប្រជុំកំពូលនេះឆ្ពោះទៅរកជោគជ័យ និងរួមគ្នាដោះស្រាយការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ការការពារព្រៃឈើ និងការបញ្ឈប់ប្រើប្រាស់ធ្យូងថ្ម។
 
«យើងរួមគ្នាបង្កើតការគាំទ្រដើម្បីជោគជ័យរបស់ COP26​  និងសកម្មភាពដ៏ច្បាស់លាស់ដែលនឹងលើកកម្ពស់គោលដៅប្រកបដោយមហិច្ឆតា។ ​គ្រប់ជំហានឥឡូវនេះពិតជាសំខាន់ ហើយយើងមានដំណើរដ៏វែងឆ្ងាយនៅខាងមុខទៀត»។ លោក ឃែរី ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយបែបនេះ។
 


ចំណែកឯ លោក សៀន ប្រាប់អ្នកសារព័ត៌មានថា ចិននឹងពង្រឹងគោលដៅកាត់បន្ថយការបំភាយឧស្ម័ន និងបង្កើតផែនការជាតិស្តីពីឧស្ម័នមេតាននៅក្នុងកិច្ចព្រមព្រៀងនេះ។ លោក​ក៏​បាន​និយាយ​ដែរ​ថា អាម៉េរិកនិងចិនក៏ចង់​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើបន្ថែម​ទៀតដែរ។
 
«ភាគីទាំងពីរនឹងធ្វើការរួមគ្នា និងជាមួយភាគីផ្សេងទៀត ដើម្បីធានាឱ្យ COP26 ប្រកបដោយជោគជ័យ និងជួយសម្រួលដល់លទ្ធផលនៃ COP26 ប្រកបដោយមហិច្ឆតា និងតុល្យភាព»។ អ្នកការទូតផ្នែកបរិស្ថានចិនបញ្ជាក់បែបនេះ។
 
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អាម៉េរិកនិងចិន ភាគីទាំងពីរសន្យារួមលើកិច្ចសហប្រតិបត្តិការគ្រប់គ្រងការបំភាយឧស្ម័នមេតាន ការដោះស្រាយការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការលើកកម្ពស់ការបង្កើតថាមពលកកើតឡើងវិញ និងការពន្លឿនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសក្រីក្រ។ ប៉ុន្តែ​សេចក្តី​ប្រកាស​មិន​បាន​លើកឡើងអំពី​កាលបរិច្ឆេទ ឬ​គោលដៅជាច្រើន​ជាក់លាក់​​នៅឡើយទេ។ 
 


សេចក្តីថ្លែងការណ៍រួមរវាងអាម៉េរិក និងចិនចំពោះកិច្ចព្រមព្រៀងនេះ ធ្វើឱ្យកិច្ចប្រជុំកំពូលអាកាសធាតុភ្ញាក់ផ្អើលជាខ្លាំង ខណៈក្នុងពេលកិច្ចប្រជុំ COP26 ​ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានរិះគន់ចិនយ៉ាងខ្លាំងដែលមិនបង្ហាញភាពជាអ្នកដឹកនាំក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ ព្រោះប្រធានាធិបតី​ចិន ស៊ី ជិនភីង មិន​បាន​ចូលរួម COP26ដោយផ្ទាល់​៕

Tag:
 ចិន
  អាម៉េរិក
  COP26)
© រក្សាសិទ្ធិដោយ thmeythmey.com