អន្តរជាតិ
ប្រមុខការទូតថ្មីជប៉ុន ទទូចឱ្យចិនមានសកម្មភាពប្រកបដោយការទទួលខុសត្រូវ
12, Nov 2021 , 9:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន Yoshimasa Hayashi ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសជប៉ុន Yoshimasa Hayashi ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសថ្មីរបស់ជប៉ុន Yoshimasa Hayashi លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោកថា ជប៉ុនចង់បានទំនាក់ទំនងជាមួយចិនដែលផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយមានស្ថិរភាព។ ប៉ុន្តែជប៉ុនក៏ចង់ឃើញចិនមានសកម្មភាពប្រកបដោយការទទួលខុសត្រូវផងដែរ។

 
ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​នៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការ​បរទេសជប៉ុនថ្មីលោក Yoshimasa Hayashi ​បាន​សង្កត់​ធ្ងន់​លើ​សារសំខាន់​នៃ​ទំនាក់​ទំនង​ដែលមានប្រយោជន៍ និង​ប្រកបដោយស្ថិរភាព​ជាមួយ​​ចិន។ 
 
«ទំនាក់ទំនងរវាងជប៉ុន និងចិនកាន់តែមានសារសំខាន់មិនត្រឹមតែសម្រាប់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិភាព និងវិបុលភាពនៃតំបន់ និងសហគមន៍អន្តរជាតិ»។ លោក Hayashi បញ្ជាក់បែបនេះ។
 
បើតាមប្រមុខការទូតម្នាក់នេះ ទោះចង់បានទំនាក់ទំនងល្អប្រសើរក្ដី ជប៉ុនក៏ចង់ឱ្យចិនមានសកម្មភាពប្រកបដោយការទទួលខុសត្រូវក្នុងពេលជាមួយគ្នា រក្សាការសន្ទនា និងសហការយ៉ាងរឹងមាំលើបញ្ហាប្រឈមរួមគ្នា។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​អ្វី​ដែល​លោក​ចង់​សំដៅ​ទៅ​លើ​អាកប្បកិរិយាប្រកបដោយការទទួលខុស​ត្រូវ​នោះ​ទេ។
 
នាពេលថ្មីៗនេះ ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាម៉េរិក បានបន្លឺសំឡេងរបស់ខ្លួនខ្លាំងលើជម្លោះសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះដែរ គណបក្សកាន់អំណាចជប៉ុន ក៏មានគោលបំណងបង្កើនការចំណាយជាច្រើនលើវិស័យការពារជាតិ ខណៈចិនកំពុងពង្រឹងផ្នែកយោធារបស់ខ្លួនដែរនោះ។
 
គួររំលឹកថា​ ទំនាក់ទំនងរវាងជប៉ុន និងចិនបានញាំញីអស់រយៈពេលជាច្រើនឆ្នាំដោយសារជម្លោះទឹកដីជុំវិញប្រជុំកោះតូចៗនៅសមុទ្រចិនខាងកើត ព្រមទាំងការឈ្លានពានយោធារបស់ជប៉ុនកន្លងមកថែមទៀត៕

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com