ជាតិ
សង្គមជាតិ
កម្ពុជា នឹងទទួលបានវត្ថុបុរាណចំនួន៤មកវិញ ក្រោយរឹបអូសពីសារមន្ទីរ Denver នៅអា​ម៉េរិក
12, Nov 2021 , 10:16 am        
រូបភាព
 ​ដោយ៖ ហ៊ន ថូវ៉ាន 

ភ្នំពេញ៖ រដ្ឋាភិបាលអាម៉េរិក នឹងប្រគល់វត្ថុបុរាណខ្មែរចំនួន៤រូប ឱ្យកម្ពុជាវិញ ក្រោយរឹបអូសបានពីសារមន្ទីរសិល្បៈ Denver។  បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វត្ថុបុរាណខ្មែរទាំង៤រូប គឺស្ថិតនៅសម័យមុនអង្គរ និងសម័យអង្គរ ពីសតវត្សរ៍ទី៧ ដល់ទី១៣។

 
វត្ថុបុរាណខ្មែរចំនួន៤រូប ដែលស្ថិតនៅក្នុងសតវត្សរ៍ទី៧ ដល់ ទី១៣ ត្រូវបានអាជ្ញាធរអាម៉េរិក រឹបអូសបានពីសារមន្ទីរ Denver នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ដែលនឹងប្រគល់ឱ្យកម្ពុជា នាពេលខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 
 
សម្បត្តិវប្បធម៌ខ្មែរចំនួន៤រូប ដែលអាម៉េរិកនឹងប្រគល់ឱ្យកម្ពុជាវិញនោះ មានរូបចម្លាក់ព្រះនាងបារមិតា​ ធ្វើពីថ្មភក់ក្នុងសម័យអង្គរ រចនាបថបាយ័ន្ត នៅចុងសតវត្សរ៍ទី១២ដើមសតវត្សរ៍ទី១៣។ បើតាមក្រសួងវប្បធម៌បដិមានេះ ត្រូវបានគេរកឃើញនៅក្នុងវាលស្រែក្បែរប្រាសាទបុរាណមួយនៅខេត្តតាកែវដែលស្ថិតមិនឆ្ងាយពីតំបន់ទន្លេបាទី។​ រូបចម្លាក់ព្រះសូរ្យ ថ្មភក់ និងផ្ដែរព្រះនរាយណ៍ផ្ទំ ថ្មភក់ ដែលស្ថិតនៅសម័យមុនអង្គរ សតវត្សរ៍ទី៧-៨។  ក្រសួងបានបញ្ជាក់ថា វត្ថុបុរាណទាំង២នេះ ត្រូវបានគេលួចចេញពីប្រាសាទមួយនៅភ្នំគូលែន នៃខេត្តសៀមរាប។ 
 
ខណៈវត្ថុបុរាណមួយទៀត គឺជាជួងសំរឹទ្ធ សម័យបុរេប្រវត្តិ។ ជួងនេះ ជាជួងមួយនៅក្នុងចំណោមជួងសំរឹទ្ធទាំង១២ (រៀបជារង្វង់មូលព័ទ្ធជុំវិញថ្មគោលមួយ) ដែលត្រូវបានរកឃើញនៅតំបន់ពោធិសាត់-បាត់ដំបង។
 
លោកស្រី ភឿង សកុណា ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការទទួលបានវត្ថុបុរាណទាំង៤ខាងលើមកវិញ គឺបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការស្វែងរកនិងការនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសដែលបានរសាត់ឆ្ងាយពីប្រទេសកំណើត។ លោកស្រី បាននិយាយដូច្នេះ៖ «យើងទាំងអស់គ្នាមានសេចក្ដីរំភើបរីករាយ ក្នុងការបន្តស្វាគមន៍រតនសម្បត្តិដ៏មានតម្លៃទាំងនេះត្រលប់មកកម្ពុជាវិញ ហើយមានមោទកភាពចំពោះកិច្ចសហការរបស់យើងជាមួយរដ្ឋាភិបាលអាម៉េរិក»។
 
ទន្ទឹមនឹងគ្នានេះ លោកស្រី ភឿង សកុណា ក៏អំពាវនាវដល់សារមន្ទីរនិងអ្នកប្រមូលសមុច្ច័យនានារបស់កម្ពុជាឱ្យទាក់ទងមកក្រសួង ដើម្បីប្រគល់ឯកសារនិងសម្បត្តិវប្បធម៌ទាំងនោះមកកម្ពុជាវិញដោយស្ម័គ្រចិត្ត៕

Tag:
 វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com