អន្តរជាតិ
គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន អនុម័តដំណោះស្រាយប្រវត្តិសាស្ត្រដែលពង្រឹងអំណាចលោក ស៊ី
12, Nov 2021 , 2:59 pm        
រូបភាព
អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង និងថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនផ្សេងទៀតនាកិច្ចប្រជុំលើកទី៦ គណៈមជ្ឈិមបក្ស។ រូបថត Xinhua
អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង និងថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនផ្សេងទៀតនាកិច្ចប្រជុំលើកទី៦ គណៈមជ្ឈិមបក្ស។ រូបថត Xinhua
គណៈមជ្ឈិមបក្សកុម្មុយនីស្តចិនបានបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយរបស់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ជាមួយនឹងការអនុម័តដំណោះស្រាយជាប្រវត្តិសាស្ត្រលើកទីបី។ ការអនុម័តដំណោះស្រាយលើកទីបីក្នុងប្រវត្តិសាស្រ្តបក្សនេះ ក៏បានពង្រឹងអំណាចលោក ស៊ី ជិនភីង ដែលជាអគ្គលេខាធិការគណៈមជ្ឈិមបក្ស ហើយលើកកម្កើងលោកឱ្យស្មើមុខស្មើមាត់នឹងមេដឹកនាំជំនាន់មុនមានលោកប្រធាន ម៉ៅ សេទុង និងលោក តេង ស៊ាវភីង ផងដែរ។

 
កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី១៩ ដែលធ្វើឡើងថ្ងៃទី៨ ខែវិច្ឆិកា បានបញ្ចប់សព្វគ្រប់ត្រឹមថ្ងៃទី១១ ខែវិច្ឆិកាជាមួយ ការអនុម័តដំណោះស្រាយជាប្រវត្តិសាស្ត្រដ៏សំខាន់របស់បក្ស។ ការអនុម័តដំណោះស្រាយប្រវត្តិសាស្ត្រនេះធ្លាប់បានធ្វើឡើងតែពីរដងតែប៉ុណ្ណោះក្នុងឆ្នាំ១៩៤៥ ដែលពង្រឹងអំណាចលោក ម៉ៅ សេទុង និងលោកតេង ស៊ាវភីង នៅឆ្នាំ១៩៨១។
 
កិច្ចប្រជុំនេះ ក៏ជាវេទិកាដ៏សំខាន់មួយដែលដើម្បីគូសវាសទិសដៅគោលនយោបាយបក្ស ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សនាសមាជលើកទី២០ នៅឆ្នាំ២០២២ ជាដើម។ រឿងដែលសំខាន់ក្នុងដំណោះស្រាយនេះ ក្រៅពីរំលេចសមិទ្ធផល១០០ឆ្នាំរបស់បក្ស គឺការបញ្ជាក់ពីស្នាដៃ និងការដឹកនាំរបស់លោក ស៊ី ។ 
 
«ក្រោមការដឹកនាំរបស់លោក ស៊ី ចិនបានសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងបានឆ្លងកាត់ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ។ សេចក្តីសង្ខេបរបស់ដំណោះស្រាយដែលត្រូវបានអនុម័តដោយអ្នកចូលរួមជាង៣០០នាក់ ក៏បានកោតសរសើរលោក ស៊ី លោកប្រធាន ម៉ៅ និងលោក តេង ដែលដឹកនាំប្រទេសឱ្យសម្រេចបានការផ្លាស់ប្តូរដ៏អស្ចារ្យ និងការរីកចម្រើនរុងរឿងទៅមុខយ៉ាងប្រសើរ។
 
បន្ថែមពីនេះ ដំណោះស្រាយខាងលើ ក៏បានបញ្ជាក់ថា គណៈមជ្ឈិមបក្សកុម្មុយនីស្តចិនជំរុញឱ្យបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជននៃក្រុមជនជាតិទាំងអស់រួបរួមគ្នាឱ្យកាន់តែ ជិតស្និទ្ធថែមទៀតជាមួយគណៈមជ្ឈិមបក្សដែលមានលោក ស៊ី ជាស្នូលដ៏សំខាន់។ គ្មានឡើយសំណេរទាក់ទងបញញ្ហាសិទ្ធិមនុស្សក្នុងដំណោះស្រាយនេះ។
 
ជាមួយនឹងការអនុម័តដំណោះស្រាយនេះ អំណាចលោក ស៊ី ក្នុងបក្សកុម្មុយនីស្តចិនកាន់តែរឹងមាំ ហើយនឹងបើកផ្លូវដល់ការបន្តតំណែងអគ្គលេខាធិការនៅអាណតិ្តទីបីផងដែរ។ គណៈមជ្ឈិមបក្សសម្រេចរៀបចំសមាជបក្សនៅឆមាសទី២ ឆ្នាំ២០២២ ខាងមុខ។ សមាជលើកនេះ ក៏មានការផ្លាស់ប្ដូរមន្រ្តីជាន់ខ្ពស់របស់បក្ស ព្រោះមន្រ្តីភាគច្រើនដល់អាយុចូលនិវត្តន៍ទៅហើយ៕

Tag:
 ចិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com