អន្តរជាតិ
ប្រទេសធំបួន ជួបគ្នាដោះស្រាយសម្ពាធលើប្រព័ន្ធធនាគារអាហ្វហ្កានីស្ថាន
12, Nov 2021 , 7:29 pm        
រូបភាព
ប្រជាជនអាហ្វហ្កានីស្ថានតម្រង់ជួរនៅមុខធនាគារមួយក្នុងទីក្រុងកាប៊ុល។ រូបថត Xinhua
ប្រជាជនអាហ្វហ្កានីស្ថានតម្រង់ជួរនៅមុខធនាគារមួយក្នុងទីក្រុងកាប៊ុល។ រូបថត Xinhua
ក្រុមប្រទេស Troika plus នៅថ្ងៃទី១១ ខែតុលា បានប្ដេជ្ញាធ្វើសកម្មភាពបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធធនាគារអាហ្វហ្កានីស្ថានដែលកំពុងជួបវិបត្តិ ខណៈព្រមានពីការដួលរលំសេដ្ឋកិច្ចដែលនឹងបង្កវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ និងវិបត្តិជនភៀសខ្លួនក្នុងប្រទេស។ ក្រុមនេះក៏បានទទូចឱ្យក្រុមតាលីបង់គោរពសិទ្ធិស្ត្រី និងមិនត្រូវធ្វើជាទីជម្រកក្រុមភេវរករឡើយ។

 
ក្រោយតាលីបង់ឡើងកាន់អំណាច អាហ្វហ្កានីស្ថានត្រូវធ្លាក់ក្នុងស្ថានភាពវឹកវរផ្នែកមនុស្សធម៌ និងជនភៀសខ្លួន គួបផ្សំទាំងការដាក់ទណ្ឌកម្មលើទ្រព្យធនរាប់ពាន់លានដុល្លារនៅបរទេស។ ប្រព័ន្ធធនាគារអាហ្វហ្កានីស្ថានដែលរង្គោះរង្គើដោយសារខ្វះសាច់ប្រាក់ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសឈានទៅការដួលរលំ ទាំងស្រុង។ ម្យ៉ាងឈានចូលរដូវត្រជាក់ ប្រជាជនអាហ្វហ្កានីស្ថានជាងពាក់កណ្ដាលប្រទេសនឹងប្រឈមមុខនឹងបញ្ហាកង្វះអាហារយ៉ាងធ្ងន់ធ្ងរ។
 
ដោយមើលឃើញថាបញ្ហានៅតែបន្ត នៅថ្ងៃទី១១ ខែវិច្ឆិកា ប្រេសិតប៉ាគីស្ថាន និងរុស្ស៊ី ចិន និងអាម៉េរិកឬហៅថាក្រុម Troika plus បានចូលរួមកិច្ចប្រជុំមួយពិភាក្សាគ្នារកដំណោះស្រាចំពោះវិបត្តិទាំងនោះ។
 
តាមទីភ្នាក់ងារព័ត៌មាន Reuters ក្រុម Troika plus ទទួលស្គាល់ពីបញ្ហាប្រឈមលំហូរសាច់ប្រាក់នៅអាហ្វហ្កានីស្ថាន តែក៏បានប្ដេជ្ញាចាត់វិធានការដើម្បីបន្ធូរបន្ថយសម្ពាធលើសេវាកម្មធនាគារស្របច្បាប់។
 
ចំពោះមុខប្រេសិតប្រទេសបីទៀត រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Shah Mahmood Qureshi រៀបរាប់ថា គ្មាននរណាម្នាក់ប្រាថ្នាចង់ឃើញការកើតឡើងវិញនៃសង្រ្គាមស៊ីវិល ឬការដួលរលំសេដ្ឋកិច្ចដែលនឹងជំរុញឱ្យមានអស្ថិរភាពប្រទេសឬតំបន់នោះទេ។ ប៉ាគីស្ថាន ក៏បានអំពាវនាវដល់រដ្ឋាភិបាលដែលបានចូលរួមកិច្ចប្រជុំរួមទាំងអាម៉េរិកផងឱ្យអនុញ្ញាតឱ្យជំនួយអភិវឌ្ឍន៍ហូរចូលអាហ្វហ្កានីស្ថានដើម្បីទប់ស្កាត់ការដួលរលំសេដ្ឋកិច្ច។
 
ចំណែកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានជំរុញឱ្យសហគមន៍អន្តរជាតិបំពេញការទទួលខុសត្រូវរួមគ្នាដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន។ តាមសារនៅលើ Twitter លោក Khan បន្តថា ប៉ាគីស្ថាននឹងផ្តល់ជំនួយដូចជាអាហារ សម្ភារពេទ្យសង្គ្រោះបន្ទាន់ និងទីជម្រកសម្រាប់រដូវរងា។
 
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងអស់ក៏បានអំពាវនាវជាថ្មីដល់ក្រុមតាលីបង់ក្នុងការធានាសិទ្ធិស្ត្រី និងមិនត្រូវឱ្យអាហ្វហ្កានីស្ថានក្លាយជាមូលដ្ឋានសម្រាប់ក្រុមសកម្មប្រយុទ្ធ នោះទេ៕

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com