អន្តរជាតិ
អាជ្ញាធរចិន រឹតត្បិតសកម្មភាពនៅក្រុងកំពង់ផែតាលាន ខណៈករណីឆ្លងជំងឺកូវីដ-១៩ កើនខ្លាំង
12, Nov 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ក្រុងកំពង់ផែតាលាននៅភាគឦសានរបស់ចិន កំពុងប្រឈមមុខការរីករាលដាលករណីឆ្លងជំងឺកូវីដ-១៩ ជាចង្កោមបន្ថែមទៀត។​ ការកើនឡើងនៃករណីឆ្លងនេះ បានធ្វើឱ្យអាជ្ញាធរចិនចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរាលដាលឱ្យបានឆាប់រហ័សដោយរឹតត្បិតការធ្វើដំណើរ ​​បិទសាលារៀន និងបិទទីតាំងវប្បធម៌មួយចំនួន។


 
ករណីឆ្លងកូវីដ-១៩ កំពុង និងរាលដាលទៅកាន់ទីក្រុងជាច្រើនរបស់ចិនជាញឹកញាប់។ ស្ថានភាពចុងក្រោយ កំពុងផ្ទុះឡើងនៅទីក្រុងកំពង់ផែតាលាន។ ថ្ងៃទី១១ ខែវិច្ឆិកា ទីក្រុងនេះ មានករណីឆ្លងក្នុងស្រុកចំនួន៥២ករណី។ គិតចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី១១ ខែវិចិ្ឆកា ​តំបន់នេះបានកត់ត្រាករណីឆ្លងចំនួន១,១៤៩ករណី។ រដ្ឋាភិបាលកណ្ដាល បញ្ជាឱ្យអាជ្ញាធរតំបន់ចាត់វិធានការបន្ទាន់។
 
«វិធានការផ្សេងគួរតែអនុវត្តឱ្យបានឆាប់រហ័ស ហើយគុណភាពអនុវត្តក៏ត្រូវតែកែលម្អដើម្បីអាចគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ នេះក្នុងពេលខ្លី និងជួយកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះករណីឆ្លងលើវិស័យផលិតកម្ម និងអាយុជីវិតប្រជាជន ។» គណៈកម្មការសុខភាពជាតិចិនបានអះអាងបែបនេះនៅកិច្ចប្រជុំក្នុងទីក្រុងតាលាន។នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters។
 
អាជ្ញាធរតំបន់ បានផ្អាកដំណើរការសេវាកម្មសាធារណៈក្នុងទីក្រុងដែលមានប្រជាជនរស់នៅ ៧,៥លាននាក់ និងព្រមានមិនឱ្យប្រជាជនចាកចេញពីទីក្រុងក្នុងករណីមិនចាំបាច់ផងដែរ។ ទន្ទឹមនេះ ទីក្រុងនេះក៏បានដាក់បញ្ជាឱ្យ សាលាមតេ្តយ្យ បឋម និងវិទ្យាល័យ ផ្អាកការសិក្សាក្នុងថ្នាក់ ហើយបិទបណ្ណាល័យ និងសារមន្ទីរមួយចំនួន ព្រមទាំងចាប់ផ្តើមយុទ្ធនាការយកសំណាក់ទ្រង់ទ្រាយធំទូទាំងក្រុងជុំទី២។
 
ទីក្រុងតាលាន​​ ជាកំពង់ផែនាំមុខគេលើការនាំចេញអាហារសមុទ្រ ផែ្លឈើ និងប្រភេទសាច់មួយចំនួន។
គិតត្រឹមថ្ងៃទី១២ ខែវិចិ្ឆកា ចិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៩៨,០៩៩នាក់ និងស្លាប់៤,៦៣៦នាក់៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com