សិល្បៈអន្តរជាតិ
អន្តរជាតិ
Maria Antonieta ជាម្ចាស់កំណត់ត្រាដែលសម្តែងតួកុមារីដដែលអស់រយៈពេលជាង៤៨ឆ្នាំ
13, Nov 2021 , 9:29 am        
រូបភាព
ដោយ: ធីតា
តារាសម្តែងម៉ិកស៊ិក Maria Antonieta de las Nieves បានជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រា Guinness World Records ចំពោះការដើរតួជានាង La Chilindrina ក្នុងរឿងភាគទូរទស្សន៍ អស់រយៈពេលជាង៤៨ឆ្នាំ។

 
«ខ្ញុំពិតជារីករាយខ្លាំងណាស់ចំពោះការផ្តល់នេះ ហើយខ្ញុំមិនដែលគិតថា ខ្លួនទទួលបានវាទាល់តែសោះ។ ឆ្នាំទាំងនោះ ពិតជាអស្ចារ្យណាស់ ដោយខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកជាមួយក្នុងនាមជាតួអង្គនេះ»។ Maria បច្ចុប្បន្នវ័យ៧១ឆ្នាំ បានថ្លែងប្រាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Efe។
 
Maria បានប្រឡូកក្នុងវិស័យសិល្បៈចន្លោះពីឆ្នាំ១៩៥៧ ដល់ឆ្នាំ២០២០ ដែលដើរជាតារាសម្តែង តារាកំប្លែង និងជាអ្នកចម្រៀង។ នៅឆ្នាំ១៧១ គាត់បានចាប់ផ្តើមលេងជាតួនាង La Chilindrina ក្នុងស៊េរីខ្សែភាពយន្តទូរទស្សន៍ El Chavo del Ocho។
 
ភាពយន្តកុមារបែបកំប្លែងសម្រាប់កុមារនេះ មិនត្រឹមតែល្បីល្បាញក្នុងប្រទេសម៉ិកស៊ិកប៉ុណ្ណោះឡើយ ប៉ុន្តែមានប្រជាប្រិយភាពនៅតំបន់អាម៉េរិកឡាទីនទាំងមូល។ នៅប្រេស៊ីល ឈ្មោះ La Chilindrina ត្រូវគេប្តូរហៅទៅជា Chiquinha វិញ។
 
Maria បន្តថតជាបន្តបន្ទាប់នៅឆ្នាំ១៩៧៣, ឆ្នាំ១៩៧៥, ឆ្នាំ១៩៨០,ឆ្នាំ១៩៩២ ហើយ នៅឆ្នាំ២០២០ គាត់នៅតែថតតួកុមារី Chilindrina ដោយតុបតែងខ្លួនបែបកំប្លែង មានពាក់វែនតា ចងសក់ទីទុយ បាក់ធ្មេញមុខ និងស្លៀកខ្លី។
 
ការបន្តវត្តមានជាតួនាង Chilindrina ដែលចាប់ផ្តើមដំបូងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧១ និងចុងក្រោយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ពោលគឺមានរយៈពេល៤៨ឆ្នាំ និង២៦១ថ្ងៃ បានធ្វើឲ្យលោកយាយ Maria មានឈ្មោះក្នុងសៀវភៅកំណត់ត្រា Guinness World Records សម្រាប់តារាសម្តែងដែលដើរតួកុមារីដដែលយូរជាងគេបំផុត (The Longest Professional Career of an Actress Playing the Same Child Character)។
 
ទោះបីជាបានសម្តែងរឿងជាច្រើនទៀតក៏ដោយ ប៉ុន្តែ តារា Maria នៅតែរក្សាភាពល្បីល្បាញក្នុងតួនាង Chilindrina ដដែល ដោយគាត់មានទស្សនាចរណ៍ពេញទូទាំងម៉ិកស៊ិក សហរដ្ឋអាមេរិក និងបណ្តាលប្រទេសនៅអាម៉េរិកខាងត្បូង ហើយក៏ធ្លាប់ទទួលពានរង្វាន់ជាតារាកំប្លែងដ៏ឆ្នើមសម្រាប់កុមារនៅអាម៉េរិកឡាទីន ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com