អន្តរជាតិ
តុលាការមីយ៉ាន់ម៉ាកាត់ទោសអ្នកកាសែតអាម៉េរិក Fenster ឱ្យពន្ធនាគារ១១ឆ្នាំ
12, Nov 2021 , 6:29 pm        
រូបភាព
លោក Danny Fenster អ្នកកាសែតជនជាតិអាម៉រិក ដែលរងបទចោទ និងត្រូវបានឃុំខ្លួនអស់ជាច្រើនខែនៅ នៅថ្ងៃទី១២ ខែវិច្ឆិកា ត្រូវបានតុលាការមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា កាត់ទោសឱ្យជាប់ពន្ធនាគារ ១១ឆ្នាំ។ នេះបើយោងតាមបញ្ជាក់ពីមេធាវី របស់លោក Fenster។



អ្នកកាសែតជនជាតិអាម៉រិក លោក Fenster អាយុ ៣៧ ឆ្នាំ ដែលជានិពន្ធនាយកនៃទស្សនាវដ្ដី​ព័ត៌មាន​និ ង​ជំនួញ Frontier Myanmar ត្រូវបានយោធាចាប់ខ្លួនក្នុងខែឧសភា នៅពេលដែលលោក ព្យាយាមចាកចេញពីមីយ៉ាន់ម៉ា។ លោកត្រូវបានយោធា ចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ Insein នៅទីក្រុង Yangon។
 
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC លោក Fenster ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ក្រោយតុលាការរកឃើញថាលោកមាន ពិរុទ្ធ​ពី​បទ​បំពាន​ច្បាប់​អន្តោប្រវេសន៍ ការ​បង្កើត​សមាគម មិន​ស្រប​ច្បាប់ និង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រឆាំង​នឹង​ក្រុមយោធាមីយ៉ាន់ម៉ា។ 
 
លើសពីនេះទៀត អ្នកកាសែតជនជាតិអាម៉េរិករូបនេះ ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ថ្មីបន្ថែមផងដែរ​។​ លោករងបទចោទពីករណីបះបោរ និងរំលោភច្បាប់ភេរវកម្ម​ ហើយនឹងត្រូវឡើងសវនាការ​​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកាខាងមុខ។ បទចោទប្រកាន់ថ្មីនេះ អាចធ្វើឱ្យលោកជាប់ពន្ធនាគារអតិបរមាអស់មួយជីវិត។
 
«វាគ្មានមូលដ្ឋានពិតប្រាកដក្នុងការកាត់ទោស Danny ពីការចោទប្រកាន់ទាំងនេះទេ។ គ្រប់គ្នានៅ Frontier មានការខកចិត្ត ចំពោះការសម្រេចចិត្តនេះ។ យើងគ្រាន់តែចង់ឃើញ Danny ត្រូវបានដោះលែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់អាចត្រលប់ទៅផ្ទះជួបជុំគ្រួសារ »។ លោក Thomas Kean និពន្ធនាយកនៃទស្សនាវដ្ដី Frontier Myanmar បាននិយាយប្រាប់ទីភា្នក់ងារព័ត៌មាន Reuters។
 
កន្លងមក អាម៉េរិកក៏បានកំពុងជំរុញឱ្យមានការដោះលែងលោក Fenster។ 
គួររំលឹកថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរចាប់តាំងពីមានរដ្ឋប្រហារដោយយោធា ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ មេដឹកនាំជាប់ឆ្នោតជាច្រើនរូប រូមទាំងលោកស្រី ស៊ូជី ផងត្រូវបានយោធាមីយ៉ាន់ម៉ាឃុំខ្លួន។ ប្រជាជនស៊ីវិលជាង១២០០នាក់ត្រូវបានសម្លាប់ ហើយអ្នកកាសែតជាច្រើននាក់ត្រូវបានឃុំខ្លួន ខណៈការប្រឆាំងនឹងរបបយោធាធ្វើឡើងស្ទើរតែរាល់ថ្ងៃ។ ក្រៅពីនេះ យោធាមីយ៉ាន់ម៉ា ក៏បានរឹតត្បិតការផ្សព្វផ្សាយ​​ព័ត៌មាន និងបិទ​ការ​ប្រើប្រាស់​អ៊ីនធឺណិតជាដើម៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com