អន្តរជាតិ
រុស្ស៊ីនិងលោកខាងលិចទាស់គ្នានៅ UN ជុំវិញវិបត្តិជនចំណាកស្រុកនៅព្រំដែនបេឡារុស
12, Nov 2021 , 11:29 pm        
រូបភាព
ជនចំណាកស្រុកឈរតម្រង់ជួរទទួលអាហារនៅព្រំដែនបេឡារុស និងប៉ូឡូញ។ រូបថត AFP
ជនចំណាកស្រុកឈរតម្រង់ជួរទទួលអាហារនៅព្រំដែនបេឡារុស និងប៉ូឡូញ។ រូបថត AFP
ដោយ:
រុស្ស៊ី និងក្រុមប្រទេសលោកខាងលិចដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃទី១១ ខែវិច្ឆិកា រិះគន់គ្នាទៅវិញទៅមកជុំវិញបញ្ហាជនចំណាកស្រុកនៅព្រំដែនរវាងបេឡារុសនិងប៉ូឡូញ។ អ្នកការទូតរុស្ស៊ីប្រចាំ UN ថែមទាំងរិះគន់ប្រទេសអឺរ៉ុបថា សប្បាយចំពោះគំនរទុក្ខទាំងនេះទៅទៀត។

 
អ្នកចំណាកស្រុករាប់ពាន់នាក់ដែលភៀសខ្លួនពីជម្លោះនៅក្បែរៗអឺរ៉ុប កំពុងជាប់គាំងនៅព្រំដែនបេឡារុស និងប៉ូឡូញ។ ប្រទេសសហភាពអឺរ៉ុបចោទបេឡារុសថា កំពុងលើកទឹកចិត្តមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីប្រទេសដែលហែកហួរដោយសង្រ្គាមឱ្យឆ្លងចូលទៅក្នុងប៉ូឡូញ និងប្រទេសជិតខាងផ្សេងទៀតដែលជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនាពេលកន្លងមក។
 
«យើងថ្កោលទោសទង្វើបេឡារុសដែលធ្វើដាក់លើមនុស្សដែលជីវិត និងសុខុមាលភាពរបស់ពួកគេធ្លាក់ក្នុងគ្រោះថ្នាក់ដោយសារតែគោលបំណងនយោបាយរបស់ខ្លួន។ បេឡារុសធ្វើបែបនេះក្នុងគោលបំណងឱ្យប្រទេសជិតខាងមានអស្ថិរភាព ហើយបង្វែរការចាប់អារម្មណ៍ពីការរំលោភសិទ្ធិមនុស្សរបស់ខ្លួនទៅវិញ»។ អេស្តូនី បារាំង អៀរឡង់ ន័រវេស អាម៉េរិក និងអង់គ្លេសលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួមក្នុងកិច្ចប្រជុំបិទទ្វារក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១១ ខែវិច្ឆិកា ជុំវិញវិបត្តិជនចំណាកស្រុក ។
 
ប្រទេសទាំងនេះពិពណ៌នាវិធីសាស្រ្តរបស់បេឡារុស្សថា ជារឿងមិនអាចទទួលយកបាន ហើយចោទប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ថាក្លាយជាអ្នកគំរាមស្ថិរភាពក្នុងតំបន់។ លើសពីនេះ បណ្តាប្រទេសខាងលើក៏បានអំពាវនាវឱ្យអន្តរជាតិបញ្ចេញប្រតិកម្មដើម្បីឱ្យបេឡារុស្ទទួលខុសត្រូវ ហើយពួកគេសន្យាថា នឹងពិភាក្សាបន្ថែមទៀតអំពីវិធានការដែលអាចធ្វើទៅបាន។
 
រុស្ស៊ីដែលជាខ្នងបង្អែកទីក្រុងមីនស្ក៍តាំងពីដើមមក ចេញមុខរិះគន់ប្រទេសទាំងនោះ។ អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំ UN លោក Dmitry Polyanskiy ប្រាប់អ្នកយកព័ត៌មានថា លោកជឿថា ក្រុមលោកខាងលិចហាក់ដូចជាមានទំនោរទៅលើការសប្បាយចំពោះគំនរទុក្ខរបស់ជនចំណាកទាំងនេះ ហើយក្លាហានហ៊ានលើកប្រធានបទនេះនៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខUN ដែលជា​រឿង​គួរឱ្យខ្មាស់​សម្រាប់ EU ទាំងស្រុង​។
 
តបទៅនឹងសំណួរថា តើរុស្ស៊ី ឬបេឡារុសកំពុងជួយផ្លាស់ទីជនចំណាកស្រុកទៅព្រំដែនប៉ូឡូញដែរឬទេ លោក Polyanskiy អះអាងថា ប្រាកដជាមិនមែនទេ ។ លើសពីនោះ លោក​បាន​បន្ថែម​ថា មិនមែន​រាល់​បញ្ហា​ទាំងអស់​ត្រូវ​ដោះស្រាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ។
 
ជុំវិញបញ្ហានេះ បេឡារុសព្រមានថា វិបត្តិអាចកើនឡើងទៅជាការប្រឈមមុខដាក់គ្នាខាងយោធា ខណៈលីទុយអានី អេស្តូនី និងឡេតូនី អះអាងថា បេឡារុសបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអឺរ៉ុប៕

Tag:
 រុស្ស៊ី
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com