អន្តរជាតិ
ពិភពលោក នឹងរងផលប៉ះពាល់កាន់តែធ្ងន់បើកំណើនសីតុណ្ហភាពឡើងដល់២អង្សា
13, Nov 2021 , 10:59 am        
រូបភាព
ផ្ទាំងទឹកកកនៅតំបន់អង់តាក់ទិក។ រូបថត Xinhua
ផ្ទាំងទឹកកកនៅតំបន់អង់តាក់ទិក។ រូបថត Xinhua
ដោយ:
បម្រែបម្រួលអាកាសធាតុ និងការកម្រិតកំណើនសីតុណ្ហភាពផែនដីមិនឱ្យកើនហួសពី២អង្សា ជាប្រធានបទក្តៅគគុកក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ របស់អង្គការសហប្រជាជាតិ (COP26) នៅទីក្រុង Glasgow។ កំណើនកម្តៅដល់២អង្សានឹងបង្កជាមហន្តរាយដល់មនុស្សជាតិជាងកម្រិតបច្ចុប្បន្ន។


កាលពីឆ្នាំ២០១៥ កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានត្រូវចងក្រងឡើងដោយបណ្តាប្រទេសជាសមាជិកជាមួយសន្យាកំណត់ការឡើងសីតុណ្ហភាពពិភពលោកជាមធ្យមឱ្យក្រោម២អង្សា ធៀបនឹងកម្រិតសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម។ ក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា កម្រិតសីតុណ្ហភាពកើនហួស១,៥អង្សា នឹងបង្កជាហានិភ័យបន្ថែមទៀតដល់បម្រែបម្រួលអាកាសមកលើមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
 
ដើម្បីទប់ស្កាត់ការឡើងកម្ដៅនេះ ប្រទេសជាច្រើន ដាក់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតជិតពាក់កណ្តាលឱ្យបានត្រឹមឆ្នាំ២០៣០ បើធៀបនឹងកម្រិតឆ្នាំ២០១០ និងកាត់បន្ថយការបំភាយឧស្ម័នដល់កម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។ បច្ចុប្បន្ន ពិភពលោកបានឡើងកម្តៅប្រហែល១,១អង្សាលើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម។ ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ សីតុណ្ហភាពមានកម្រិតក្តៅជាងទសវត្សរ៍ណាទាំងអស់ចាប់តាំងពីឆ្នាំ១៨៥០។ 
 
«យើងមិនដែលមានការឡើងកម្តៅផែនដីបែបនេះក្នុងរយៈពេលតែប៉ុន្មានទសវត្សន៍នេះទេ។» អ្នកវិទ្យាសាស្រ្តអាកាសធាតុប្រចាំមជ្ឈមណ្ឌលសេវាកម្មអាកាសធាតុអាល្លឺម៉ង់ លោក Daniela Jacob  បានអះអាងបែបនេះ ដែលត្រូវបានចេញផ្សាយពីទីភ្នាក់ងារ Reuters។
 
ដ្បិតការឡើងសីតុណ្ហភាពតែបន្តិចបង្កគ្រោះថ្នាក់ខ្លាំង ដូច្នេះភាពខុសគ្នារវាងការឡើងកម្តៅត្រឹម១,៥អង្សា និង២អង្សា ពិតជះឥទ្ធិពលខ្លាំង ពិសេសលើសមុទ្រនិងតំបន់ទឹកកក។ អ្នកវិទ្យាសាស្រ្តអាកាសធាតុលោក Michael Mann នៃសកលវិទ្យាល័យរដ្ឋ Pennsylvania អះអាងថា ត្រឹមសីតុណ្ហភាព ១,៥អង្សា ជាឱកាសដ៏ល្អដែលអាចការពារផ្ទាំងទឹកកកភាគច្រើននៅហ្គ្រោអង់ឡង់ និងអង់តាទិកភាគខាងលិចពីការដួលរលំ និងអាចជួយកាត់បន្ថយការកើនកម្ពស់ទឹកសមុទ្រនៅត្រឹមចុងសតវត្សរ៍នេះ។
 
ប៉ុន្តែលោក Mann បានសង្កត់ធ្ងន់ថា បើសីតុណ្ហភាពកើនដល់២អង្សា ផ្ទាំងទឹកកកនឹងដួលរលំជាមួយការកើនឡើងកម្ពស់ទឹកសមុទ្រដល់១០ម៉ែត្រ ដែលជន់លិចបណ្តាកោះតូចៗនិងទីក្រុងតាមឆ្នេរ។ ខណៈការឡើងកម្តៅ១,៥អង្សានឹងបំផ្លាញផ្កាថ្មក្រោមបាតសមុទ្រយ៉ាងតិច៧០ភាគរយ ការកើនកម្ដៅដល់២អង្សា នឹងបំផ្លាញផ្កាថ្មក្រោមបាតសមុទ្រប្រមាណ៩៩ភាគរយ ក៏ដូចជាជម្រកត្រី និងបណ្តាសហគមន៍ផ្សេងទៀត។
 
លើសពីនេះ ការឡើងសីតុណ្ហភាពនៃ២អង្សា ធៀបនឹង១,៥អង្សា ក៏នឹងបង្កើនផលប៉ះពាល់ដល់ផលិតផលអាហារផងដែរ។ អ្នកវិទ្យាសាស្រ្តអាកាសធាតុមកពីអង់គ្លេស លោក Simon Lewis បានបញ្ជាក់ថា បើសិនជាទិន្នផលដំណាំកសិកម្មធ្លាក់់ចុះក្នុងពេលតែមួយលើពិភពលោកដោយសារសីតុណ្ហភាពកើនដល់២អង្សា តម្លៃផលិតផលនឹងហក់ឡើងខ្លាំង ហើយប្រទេសនានានឹងប្រឈមគ្រោះអត់ឃ្លាន។ លើសពីនោះ ការឡើងកម្ដៅនេះ នឹងធ្វើសត្វល្អិតជាច្រើនវាយលុកដំណាំ បំផ្លាញទីជម្រករបស់សត្វ ព្រមទាំងបង្កើនហានិភ័យភ្លើងឆេះព្រៃបន្ថែមទៀត បើធៀបកំណើនសីតុណ្ហភាពត្រឹម១,៥អង្សា៕
 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com