COVID-19
អន្តរជាតិ
ហូឡង់បិទខ្ទប់ជាថ្មីក្រោយករណីឆ្លងកូវីដ-១៩ កើនឡើង ឯប្រទេសអឺរ៉ុប១០ទៀតស្ថិតក្នុងក្តីបារម្ភខ្ពស់
13, Nov 2021 , 1:59 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលប្រទេសតំបន់អឺរ៉ុប នៅថ្ងៃទី១២ ខែវិច្ឆកា កំពុងពិចារណាអនុវត្តវិធានការរឹតត្បិតជាថ្មីដើម្បីទប់ស្កាត់ការផ្ទុះឡើងករណីឆ្លងកូវីដ-១៩ សារជាថ្មី បើទោះជាវិធានការទាំងនោះ ត្រូវរងការមិនពេញចិត្តពីសំណាក់ប្រជាជនក្ដី។ ហូឡង់ ក្លាយជាប្រទេសទីមួយនៅអឺរ៉ុបប៉ែកខាងលិចដែលចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់តាមផ្នែកដំបូងគេខណៈរដូវរងាខិតជិតដល់ ស្របពេលបណ្តាប្រទេសផ្សេងទៀត ក៏កំពុងប្រឈមក្តីបារម្ភខ្ពស់នៃការរីករាលដាលដែរ។


ករណីឆ្លងកូវីដ-១៩ កំពុងវាយលុកតំបន់អឺរ៉ុបសារជាថ្មីក្នុងរដូវរងានេះ បន្ទាប់ពីប្រទេសអឺរ៉ុបជាច្រើនបានបន្ធូរបន្ថយវិធានការរឹតត្បិត។ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានប្រកាសនៅថ្ងៃទី១២ខែវិចិ្ឆកាថា វិធានការបិទខ្ទប់នឹងត្រូវអនុវត្តក្នុងប្រទេសយ៉ាងតិច៣សប្តាហ៍ដោយផ្តើមចេញពីការអនុវត្តយ៉ាងតឹងតែងតាមភោជនីយដ្ឋាននានា ផ្សារ និងព្រឹត្តិការណ៍កីឡាដើម្បីទប់ស្កាត់សន្ទុះនៃវីរុសឆ្លងកូវីដ-១៩។
 
ហាងស្រា ភោជនីយដ្ឋាន ហាងកាហ្វេ និងផ្សារទំនើប ត្រូវបញ្ជាឱ្យបិទនៅត្រឹមម៉ោង៨យប់សម្រាប់រយៈពេល៣សប្តាហ៍ ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែវិចិ្ឆកានេះតទៅ ចំណែកហាងណាមិនចាំបាច់ត្រូវបិទនៅម៉ោង៦:០០ល្ងាច។ លើសពីនេះ ភ្ញៀវទៅលេងតាមផ្ទះនីមួយៗក៏ត្រូវបានកំណត់មានត្រឹមចំនួន៤នាក់ប៉ុណ្ណោះ ហើយអ្នកធ្វើការត្រូវបានណែនាំឱ្យធ្វើការពីផ្ទះលើការងារណាមិនចាំបាច់។ នេះបើតាមការផ្សាយពីទីភ្នាក់ងារ AFP ។
 
ព្រឹត្តិការណ៍សាធារណៈក៏បានត្រូវលុបចោលដែរ តែការប្រកួតវគ្គជម្រុះ World Cup រវាងហូឡង់ជាម្ចាស់ផ្ទះជាមួយន័រវែសនៅសប្តាហ៍ក្រោយ នឹងធ្វើឡើងដោយគ្មានទស្សនិកជន។ បើទោះជាមានវិធានការបិទខ្ទប់ សាលារៀនទាំងអស់នៅតែបន្តបើក។
 
ការអនុវត្តវិធានការបិទខ្ទប់នៅហូឡង់បែបនេះ ជាវិធានការដ៏រំខាន និងប៉ះពាល់ខ្លាំងសម្រាប់ប្រជាជនអឺរ៉ុប ប៉ុន្តែទីភ្នាក់ងារជំងឺឆ្លងរបស់សហភាពអឺរ៉ុបនិយាយថា ប្រទេសចំនួន១០នៅក្នុងប្លុកអឺរ៉ុប កំពុងប្រឈមក្តីព្រួយបារម្ភខ្ពស់នៃស្ថានភាពផ្ទុះករណីឆ្លងកូវីដ-១៩ ។ ទីភ្នាក់ងារដដែល ព្រមានបន្ថែមថា ជំងឺរាតត្បាតកំពុងកាន់តែអាក្រក់ទូទាំងទ្វីបអឺរ៉ុប។
 
ក្រោយពីការប្រកាសបិទខ្ទប់ប្រទេសពីរដ្ឋាភិបាលហូឡង់ ក្រុមបាតុករជាច្រើនរយនាក់បានខឹងសម្បារខ្លាំងដោយមានការប្រមូលម្តុំគ្នានៅទីក្រុងឡាអេ ដែកបណ្តាលឱ្យក្រុមប៉ូលិសចេញប្រតិបត្តិបង្រ្កាបដោយបាញ់ទឹកទៅកាន់ពួកគេ។
 
បើតាមការវាយតម្លៃហានិភ័យឆ្លងកូវីដ-១៩ ប្រចាំសប្តាហ៍ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់អឺរ៉ុបបានរាយឈ្មោះប្រទេសចំនួន១០ ដែលស្ថិតនៅក្នុងដំណាក់កាលព្រួយបារម្ភខ្ពស់រួមមាន បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាស៊ី ឆែក អេស្តូនី ក្រិក ហុងគ្រី ហូឡង់ ប៉ូឡូញ និងស្លូវេនី។
 
ហូឡង់បានកើនឡើងករណីឆ្លង តាំងពីរដ្ឋាភិបាលប្រទេសនេះ បានប្រកាសដកហូតវិធានការរឹតបន្តឹងមួយភាគធំកាលពីថ្ងៃទី២៥ ខែកញ្ញា ដោយមានករណីឆ្លងកើនរហូតបំបែកកំណត់ត្រាច្រើនជាង១៦ម៉ឺននាក់កាលពីថ្ងៃទី១១និងថ្ងៃទី១២ខែវិច្ឆិកា។ គិចត្រឹមថ្ងៃទី១៣ខែវិច្ឆកា ហូឡង់កត់ត្រាករណីឆ្លងសរុបចំនួនជាង២លាននាក់និងស្លាប់១៨,៦៩៥នាក់។ ចាប់តាំងពីការផ្ទុះឡើងវីរុសកូវីដ-១៩ នៅចិនកាលពីខែធ្នូ ឆ្នាំ២០១៩ វីរុសនេះបានសម្លាប់ប្រជាជនអឺរ៉ុបច្រើនជាង៥លាននាក់៕
 
 
 

Tag:
 ហូឡង់
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com