អន្តរជាតិ
ក្រុមហ៊ុនហ្វីលីពីនមួយ កែច្នៃសំណល់ប្លាស្ទិកទៅជាសម្ភារសំណង់
13, Nov 2021 , 4:39 pm        
រូបភាព
ក្រុមហ៊ុន The Plastic Flamingo ជាក្រុមហ៊ុនមួយរបស់ហ្វីលីពីនដែលជាអ្នកកែច្នៃកាកសំណល់ប្លាស្ទិកឱ្យទៅជាសម្ភារសំណង់ដើម្បីប្រើប្រាស់ឡើងវិញម្តងទៀត។ ក្រុមហ៊ុននេះបានផលិតបន្ទះក្ដារឈើសិប្បនិម្មិតដែលច្នៃពីសំណល់ប្លាស្ទិកមានសំបកដប កញ្ចប់ប្លាស្ទិកតូចៗ និងថង់ច្រកអាហារជាដើម។ បន្ទះក្ដារឈើនោះអាចយកទៅធ្វើជាដំបូល ជញ្ជាំងផ្ទះ ឬសម្ភារតុបតែងផ្ទះបានផងដែរ។


ក្រុមហ៊ុនកែឆ្នៃកាកសំណល់ប្លាស្ទិករបស់ហ្វីលីពីន The Plastic Flamingo កំពុងព្យាយាមកាត់បន្ថយវិបត្តិសំណល់ប្លាស្ទិកក្នុងប្រទេសខ្លួន ដោយការកែច្នៃសំណល់ប្លាស្ទិកដែលកកស្ទះក្នុងទន្លេ និងនៅតាមឆ្នេរឱ្យទៅជាសម្ភារសំណង់។ កាកសំណល់ទាំងនោះរួមមានសំបកដប កញ្ចប់ប្លាស្ទិកដែលប្រើតែមួយដង និងថង់ច្រកអាហារសម្រន់ជាដើម។ 
 
តាមរបាយការណ៍ឆ្នាំ២០២១ របស់សាកលវិទ្យាល័យ Oxford សំណល់ប្លាស្ទិកប្រហែល ៨០ភាគរយក្នុងមហាសមុទ្រទូទាំងពិភពលោក ជាសំណល់ចេញមកពីទន្លេនៅតំបន់អាស៊ី។ ក្នុងនោះ ហ្វីលីពីនបានរួមចំណែកបញ្ចេញកាកសំណល់ប្លាស្ទិកមួយភាគបីឯណោះនៃចំនួនសរុប។ ដូច្នេះ ក្រុមហ៊ុនហ្វីលីពីនមួយនេះក៏បានចូលរួមជួយដោះស្រាយបញ្ហាក្នុងស្រុក ខណៈបញ្ហានេះក៏បានប៉ះពាល់ជាសកលដែរ។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុននេះប្រមូលសំណល់ប្លាស្ទិកមកកែច្នៃបានជាង ១០០តោនមកហើយ។ 
 
សំណល់ដែលប្រមូលបានទាំងនោះត្រូវបានយកមកកែច្នៃឱ្យទៅជាក្ដារបន្ទះមិនជ្រាបទឹក ដែលអាចប្រើសម្រាប់ធ្វើដំបូល ធ្វើជញ្ជាំងផ្ទះ ឬធ្វើជាគ្រឿងតុបតែងផ្ទះ។ វាគឺជាផលិតផលដែលកែច្នៃដោយប្លាស្ទិក និងមានបន្ថែមថ្នាំពណ៍ រួមទាំងសារជាតិមិនរលួយ។ នេះបើតាមការលើកឡើងរបស់ លោកស្រី Erica Reyes នាយិកាប្រតិបត្តិក្រុមហ៊ុន The Plastic Flamingo ។ 
 
បច្ចុប្បន្ននេះ ក្រុមហ៊ុន The Plastic Flamingo កំពុងបង្កើតទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងៗដើម្បីជួយសាងសង់ផ្ទះប្រជាជនហ្វីលីពីន ដែលត្រូវបានបំផ្លាញដោយព្យុះដោយប្រើសម្ភារៈសំណង់ប្លាស្ទិករបស់ពួកគេ។
 
ការធ្វើបែបនេះជាសកម្មភាពលើកកម្ពស់ការជួយទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកំពុងក្លាយជាបញ្ហាគួរឱ្យបារម្ភជាសកល។ ការកែច្នៃកាកសំណល់ប្លាស្ទិកបានជួយកាត់បន្ថយប្លាស្ទិកយ៉ាងច្រើនទូទាំងពិភពលោក ហើយថែមទាំងទទួលបានផលិតផលប្រើប្រាស់ដែលមានគុណភាពសម្រាប់ប្រើឡើងវិញម្តងទៀត៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com