ជាតិ
សង្គមជាតិ
ស្រ្តីក្នុងវិស័យនយោបាយ គួរតែត្រូវលើកស្ទួយបន្ថែម
13, Nov 2021 , 5:59 pm        
រូបភាព
 អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ឆ្វេង) និង កញ្ញា លី ស្រីស្រស់ ដែលជាប្រធានក្រុមអ្នកវិភាគវ័យក្មេង (ស្តាំ)។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ឆ្វេង) និង កញ្ញា លី ស្រីស្រស់ ដែលជាប្រធានក្រុមអ្នកវិភាគវ័យក្មេង (ស្តាំ)។
ដោយ៖ ស៊ូ សុគន្ធា
 
ភ្នំពេញ៖ ស្រ្តីកម្ពុជាក្នុងវិស័យវិស័យនយោបាយ នៅតែមានសមាសភាពតិចតួចតួចនៅឡើយ។ បច្ចុប្បន្ន ទោះបីកម្ពុជាមានភាពរីកចម្រើនក្នុងការធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយក្តី ប៉ុន្តែការរើសអើងនៅតែមាន ដែលផ្តល់ផលអវិជ្ជមានដល់សមត្ថភាពស្រ្តីក្នុងការសម្រេចធ្វើអ្វីមួយ។ កត្តាសង្គម និងសេដ្ឋកិច្ច គឺជាឧបសគ្គចម្បង ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការចូលរួមរបស់ស្រី្តនៅក្នុងវិស័យនយោបាយ។

 
កញ្ញា លី ស្រីស្រស់ ដែលជាប្រធានក្រុមអ្នកវិភាគវ័យក្មេង (TYA) បានលើកឡើងថា ការកំណត់កូតាលើស្ត្រីនៅក្នុងគណបក្សនយោបាយនៅកម្ពុជា មានភាគច្រើនមានលក្ខណៈមិនច្បាស់លាស់ បើទោះបច្ចុប្បន្នការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនេះ មានការកើនឡើងក្តី។  បើតាមកញ្ញា លី ស្រីស្រស់ ការកំណត់កូតាឬការកំណត់យេនឌ័រនៅក្នុងវិស័យនេះ គឺដោយសារផ្នត់គំនិតសង្គមមិនសូវឲ្យតម្លៃលើស្ត្រី ដោយសង្គមតែងចាត់ទុកស្ត្រីជាភេទទន់ខ្សោយ និងមិនអាចសម្រេចចិត្តលើការងារធំៗបានល្អប្រសើរក្នុងឆាកនយោបាយ។ 
 
កញ្ញា លី ស្រីស្រស់ បានបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយ គឺជារឿងដែលសំខាន់ ខណៈបច្ចុប្បន្នមានស្ត្រីជាច្រើនបានពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការខិតខំរៀនសូត្រ ការប្រឡូកក្នុងសកម្មភាពសង្គមស៊ីវិល ដែលបានបង្កើនជាគំរូភាពនៃស្ត្រីនៅក្នុងការរៀបចំគោលនយោបាយអ្វីមួយ។ កញ្ញា បាននិយាយថា៖«គំនិតរបស់ស្រ្តីនៅក្នុងការចូលរួមដឹកនាំប្រទេសជាតិមានលក្ខណៈលម្អិតនិងគិតគូរ ជាជាងរបៀបដឹកនាំរបស់បុរស»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេងរូបនេះ បន្តថា៖«បើសិនជាអាច គឺយើងកំណត់កូតា ថា តើមន្ត្រីជាន់ខ្ពស់របស់គណបក្សហ្នឹង ត្រូវមានប៉ុន្មានជាស្រ្តី?  ថាតើនៅក្នុងជួរគណៈរដ្ឋមន្ត្រីរដ្ឋមន្រ្តី នៅក្នុងរដ្ឋសភា ព្រឹទ្ធសភាពហ្នឹង មានស្ត្រីប៉ុន្មានភាគរយ? ត្រូវកំណត់ឱ្យច្បាស់ដូចជានៅក្នុងរដ្ឋាភិបាលអ៊ីចឹង»។
 
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសង្កេតថា នៅក្នុងគណបក្សមួយចំនួន គឺមិនបានដាក់នូវគោលនយោបាយក្នុងការលើកកម្ពស់ឱ្យមានការចូលរួមពីស្ត្រីនៅឡើយទេ។ អ្នកស្រី បន្ថែមថា នៅពេលដែលគណបក្សមួយត្រូវបានជ្រើសរើស ធ្វើឱ្យស្រ្តីមិនមានឱកាសក្នុងការកាន់តំណែងជាអ្នកដឹកនាំឡើយ ព្រោះតែគេរំលងពីកម្រិតអប់រំរបស់ស្ត្រី។ អ្នកស្រី មានប្រសាសន៍ថា៖«បើយើងមើលឱ្យលម្អិតភាគច្រើនវត្តមានស្ត្រី គឺស្ថិតនៅជួរក្រោម»។
 
ជាបទពិសោធន៍ផ្ទាល់ខ្លួន នាយិកាមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ ធ្លាប់បានទទួលការរើសអើងដោយសារតែការកំណត់យេនឌ័រលើ។  អ្នកស្រី រម្លឹកថា៖«នៅពេលដែលខ្ញុំឡើងធ្វើជានាយិកាថ្មី គឺមានការចោទជាសំណួរពីបុរសម្នាក់ថា តើនរណាជានាយិកាថ្មី? ហើយមានអ្នកឆ្លើយជំនួសនៅពេលដែលយើងមិនទាន់បានឆ្លើយផង។ ហើយបុរសនោះក៏បានឆ្លើយតបមកកាន់ខ្ញុំ ដែលជាសារបំបាក់ទឹកចិត្ត ថាតើការតែងតាំងនេះជាសិប្បនិម្មិតដែរ ឬទេ?»។ 
 
កញ្ញា លី ស្រីស្រស់ និង អ្នកស្រី ចក់ សុភាព មើលឃើញដូចគ្នាថា ស្ត្រីគួរត្រូវបានលើកទឹកចិត្តបន្ថែមពីសង្គម និងភាគីពាក់ព័ន្ធនានា ដើម្បីទទួលបានឱកាសកាន់តែទូលាយបន្ថែមទៀត ក្នុងការប្រឡូកក្នុងវិស័យនយោបាយ។ ការបញ្ចូលទស្សនវិស័យរបស់ស្រ្តី និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ គឺជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការចូលរួមចំណែកដល់អភិបាលកិច្ចល្អ។

សម្រាប់អ្នកទាំងពីរ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យនយោបាយតាមរយៈសមត្ថភាពក្នុងការដោះស្រាយបញ្ហានានានៅក្នុងសង្គម ខណៈវត្តមានស្ត្រីនៅមានកម្រិតតិចតួចនៅក្នុងតួនាទីជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចនៅក្នុងបក្សនយោបាយ៕
 

Tag:
 អប់រំ
  ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com