អន្តរជាតិ
កូនស្រីលោក ឌូទើតេ ឈ្មោះជាបេក្ខជនអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២២
13, Nov 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ និងកូនស្រី Sara Duterte-Carpio ។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ និងកូនស្រី Sara Duterte-Carpio ។ រូបថត AFP
លោកស្រី Sara Duterte-Carpio កូនស្រីបង្កើតលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី១៣ ខែវិច្ឆិកា បានចុះឈ្មោះជាបេក្ខជនអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ។ លោកស្រី Duterte-Carpio សម្រេចចិត្តមិនឈរឈ្មោះដើម្បីបន្តតំណែងអភិបាលក្រុង Davao ឡើយ ហើយបោះដៃរកតំណែងកំពូលលំដាប់ទី២ របស់ហ្វីលីពីនវិញ។

 
ទោះការស្ទង់កន្លងមកបង្ហាញពីការគាំទ្រខ្លាំងបើឈរជាបេក្ខភាពប្រធានាធិបតី លោកស្រី Sara Duterte-Carpio កូនច្បងលោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅតែមិនស្រវាឱកាសដើម្បីអង្គុយតំណែងប្រធានាធិបតីជំនួសឪពុក។ នៅថ្ងៃទី១៣ ខែវិច្ឆិកា តំណាងលោកស្រី បានចុះឈ្មោះលោកស្រីជាបេក្ខជនអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតខែឧសភា ឆ្នាំ២០២២ ។
 
លោក ឌូទើតេ គ្មានសិទ្ធិឈរឈ្មោះសម្រាប់អាណត្តិទីពីរឡើយ ដោយត្រូវរដ្ឋធម្មនុញ្ញហាមឃាត់។ ចំណែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន ក៏ធ្វើឡើងផ្សេងពីការបោះឆ្នោតអនុប្រធានាធិបតី។
 
ពីដំបូងលោកស្រី Sara ប្រកែកមិនឈរឈ្មោះសម្រាប់តំណែងកំពូលរបស់ប្រទេសទាំងឡើយ ហើយថែមទាំងឈរឈ្មោះដើម្បីការពារតំណែងអភិបាលក្រុង Davao ទៀតផង។ ឯលោក ឌូទើតេ វិញ ដោយសារមិនអាចឈរឈ្មោះប្រធានាធិបតីមួយអាណត្តិទៀត ក៏ងាកទៅរកតំណែងអនុប្រធានាធិបតី។ មិនយូរប៉ុន្មាន លោកក៏សម្រេចចិត្តលាឈប់ពីនយោបាយតែម្ដងនៅពេលចប់អាណត្តិប្រធានាធិបតីឆ្នាំក្រោយ។
 
ស្របពេលឪពុកមិនឈរឈ្មោះ លោកស្រី Sara ក៏ប្ដូរចិត្តហើយចុះឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតីនៅពេលនេះតែម្ដង។ បន្ទាប់ពីចុះឈ្មោះរួច លោកស្រីក៏ត្រូវបានបក្សរបស់លោក Ferdinand "Bongbong" Marcos Jr. កូនប្រុសមេដឹកនាំផ្ដាច់ការ Ferdinand Marcos អនុម័តជាបេក្ខភាពអនុប្រធានាធិបតីរបស់បក្សតែម្ដង។ លោក Bongbong ខ្លួនឯង ជាបេក្ខជនប្រធានាធិបតីរបស់បក្សនេះ។
 
 
 
 
 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com