ជាតិ
ទេសចរណ៍វ៉ាក់សាំង៖ អ្នកស្រី ខៃ ចិន្តា រំពឹងថាភ្ញៀវនឹងទៅលេងខេត្តផ្សេង ពេលចប់ចត្តាឡីស័ក
13, Nov 2021 , 8:29 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកលោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា
រូបភាពពីហ្វេសប៊ុកលោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា
ដោយ:
ភ្នំពេញ៖ វិស័យសណ្ឋាគារបានរងផលប៉ះពាល់យ៉ាងដំណំ ដោយសារវិបត្តកូវីដ-១៩ រាំងស្ទះដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ។ អ្នកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា រំពឹងថា ការបើកទេសចរណ៍វ៉ាក់សាំង មិនត្រឹមតែអាចមានភ្ញៀវអន្តរជាតិនៅខេត្តព្រះសីហនុ និងកោះកុង តែភ្ញៀវទេសចរ ក៏នឹងដើរកម្សាន្តនៅបណ្តាខេត្តដទៃទៀត ក្រោយបញ្ចប់ការចត្តាឡីស័ក៥ថ្ងៃក្នុងតំបន់។


វិស័យឯកជន អ្នកបម្រើការក្នុងវិស័យទេសចរណ៍ សាទរចំពោះការបើកទេសចរណ៍វ៉ាក់សាំងរបស់រដ្ឋាភិបាល។ អាជីវករ និងបុគ្គលិកក្នុងវិស័យមួយនេះ ក្នុងខេត្តកោះកុង និងព្រះសីហនុ បានត្រឡប់មករកការងារមុខរបរខ្លួនបណ្ដើរៗ ខណៈអ្នកមួយចំនួនទៀតកំពុងត្រៀមខ្លួន។
 
ដោយឡែក អ្នកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា អះអាងថា អាជីវករក្នុងខេត្តផ្សេងក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ទទួលភ្ញៀវអន្តរជាតិ។ អ្នកស្រី រំពឹងថា ភ្ញៀវទេសចរអន្តរជាតិ មួយចំនួននឹងអាចទៅកម្សាន្តនៅតំបន់ឦសាន្ត និងខេត្តផ្សេងទៀត បន្ទាប់ពីចត្តាឡីស័កក្នុងតំបន់ចំនួន៥ថ្ងៃ។
 
អ្នកស្រី ខៃ ចិន្តា បានប្រាប់សារព័ត៌មានThmeyThmey25 តាមបណ្ដាញសង្គមតេឡេក្រាមដូច្នេះថា៖ «ការប្រកាសបើកទេសចរណ៍វ៉ាក់សាំងនេះ ក៏ជាក្ដីសង្ឃឹមរបស់អាជីវករ ក្នុងវិស័យទេសចរណ៍ទូទាំងប្រទេសដែរ ដូចជាខេត្តសៀមរាប ភ្នំពេញ និងតំបន់ឦសាន្ត ដែលមានសក្តានុពលទេសចរណ៍ច្រើន។ ទោះបើកដំបូងនៅកោះកុង និងព្រះសីហនុ តែខេត្តផ្សេងៗ ក៏ត្រូវត្រៀមលក្ខណទទួលភ្ញៀវដែរ ព្រោះបន្ទាប់ពីពួកគាត់ចត្តាឡីស័ក ៥ថ្ងៃ គាត់នឹងធ្វើដំណើរទៅខេត្តផ្សេងៗទៀត បើសិនគាត់មានពេល»។
 



អ្នកស្រីបន្តទៀតថា អាជីវករមួយចំនួន បានកែប្រែចំណុចខ្វះខាតក្នុងអាជីវកម្មរបស់គាត់ និងបន្ថែមផលិតផលទេសចរណ៍ ឱ្យស្របតាមតម្រូវការភ្ញៀវក្នុងស្រុក និងក្រៅស្រុក។ អាជីវករ ក៏បានសិក្សាពីតម្រូវការរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលរួមមាន ម្ហូបឆ្ងាញ់ អនាម័យ កន្លែងស្នាក់នៅ មានផាសុកភាព និងសុវត្ថិភាពធ្វើដំណើរផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ជាពិសេសអ្នកស្រី នឹងរៀបចំកញ្ចប់ទេសចរណ៍ ទាំងធម្មជាតិ និងវប្បធម៌ ដើម្បីឱ្យទេសចរទទួលបានអារម្មណ៍ខុសប្លែកគ្នា។
 
អនុប្រធានសមាគមសណ្ឋាគារកម្ពុជា រូបនេះ រំពឹងថា ការត្រៀមខ្លួនរបស់អាជីវករ ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធ នឹងអាចធ្វើឱ្យកម្ពុជាអាចទទួលបានភ្ញៀវច្រើនប្រហែលមុនការរីករាលដាលនៃជំងឺកូវីដ-១៩។
 
សូមជម្រាបដែរថា ក្រសួងទេសចរណ៍ រំពឹងថាកម្ពុជានឹងអាចទទួលបានទេសចរចន្លោះពី ៣ពាន់ ទៅ ៥ពាន់នាក់ សម្រាប់ការបើកទេសចរណ៍វ៉ាក់សាំង ដំបូងនៅតំបន់តារាសាគរ ខេត្តកោះកុង កោះរ៉ុង ក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលជាទីផ្សារសក្តានុពលសម្រាប់កម្ពុជា គឺ ចិន រុស្ស៊ី និងប្រទេសក្នុងតំបន់អាស៊ាន៕
 

Tag:
 ខៃ ចិន្តា
 ទេសចរណ៍វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com