អន្តរជាតិ
COP26៖ មិនទាន់មានវិស័យណាបំពេញគោលដៅកំហិតកំណើនសីតុណ្ហភាពត្រឹម១,៥អង្សាបានគ្រប់គ្រាន់ឡើយ
13, Nov 2021 , 10:19 pm        
រូបភាព
របាយការណ៍ថ្មីមួយបានព្រមានថា បច្ចុប្បន្នពិភពលោកមិនទាន់មានវិស័យណាមួយដែលបំពេញកាតព្វកិច្ចគ្រប់គ្រាន់ដើម្បីកំណត់កំណើនសីតុណ្ហភាពត្រឹម១,៥អង្សានៅឡើយទេ។ ការកំណត់កំណើនកម្តៅផែនដីមិនឱ្យឡើងលើស១,៥អង្សា ជាគោលដៅចាំបាច់ដើម្បីបញ្ចៀសផលវិបាកដែលអាចកើតមានដោយសារវិបត្តិអាកាសធាតុ។ បើមិនអនុវត្ដវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទេ កម្តៅផែនដីនឹងកើនឡើងបន្ថែមចន្លោះពី៣,៣ទៅ៥,៧អង្សានៅត្រឹមឆ្នាំ២១០០។


ក្នុងរបាយការណ៍របស់អន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ដែលចេញអំឡុងកិច្ចប្រជុកំពូលស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ របស់អង្គការសហប្រជាជាតិ (COP26) គេមិនទាន់ឃើញវិស័យណាមួយក្នុងសង្គមដែលបំពេញកាតព្វកិច្ចបានគ្រប់គ្រាន់ដើម្បីកំហិតកំណើនសីតុណ្ហភាពត្រឹម ១,៥អង្សានៅឡើយទេ។ អាស្រ័យហេតុនេះ កម្តៅផែនដីនឹងកើនឡើងបន្ថែមចន្លោះពី៣,៣ទៅ៥,៧អង្សានៅត្រឹមឆ្នាំ២១០០។
 
វិស័យទាំងអស់ដែលត្រូវបានលើកយកមកវិភាគមានចំនួន៤០រួមបញ្ចូលវិស័យថាមពល ឧស្សាហកម្ម ដឹកជញ្ជូន ទូរគមនាគមន៍ ដីធ្លី និងកសិកម្មជាដើម។ វិស័យទាំងនេះត្រូវការផ្លាស់ប្តូរ និងយកចិត្តទុកដាក់ខ្លាំងដើម្បីបញ្ចៀសផលវិបាកដែលអាចកើតមានដោយសារវិបត្តិអាកាសធាតុនាពេលដ៏ខ្លីខាងមុខ។ យ៉ាងណាមិញ វិស័យទាំង៤០ នេះ មិនទាន់មានវិស័យណាមួយបានប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅអាកាសធាតុឆ្នាំ២០៣០នៅឡើយ។
 
ការកម្រិតកំណើនសីតុណ្ហភាពមិនឱ្យកើនឡើងលើសពី១,៥អង្សា ជាគោលដៅចាំបាច់ដើម្បីបញ្ចៀសផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតមនុស្ស សត្វ និងរុក្ខជាតិដែលអាចកើតមានដោយសារវិបត្តិអាកាសធាតុ។ ប្រសិនបើពិភពលោកមិនអនុវត្ដវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទេនោះ កម្តៅផែនដីនឹងកើនឡើងបន្ថែមចន្លោះពី ៣,៣ ទៅ ៥,៧អង្សានៅត្រឹមឆ្នាំ២១០០។ 
 
ទោះជាវិស័យទាំងអស់ក្នុងសង្គមមិនទាន់ធ្វើបានល្អគ្រប់គ្រាន់ក្នុងការការពារបម្រែបម្រួលអាកាសធាតុក្តី ប៉ុន្តែវិស័យមួយចំនួនកំពុងអនុវត្ដក្នុងទិសដៅត្រឹមត្រូវដូចជាការផលិតថាមពលអគ្គិសនីដោយថាមពលកកើតឡើងវិញរួមមានខ្យល់ និងពន្លឺព្រះអាទិត្យ ក៏ដូចជាលើកកម្ពស់ការប្រើយានយន្តអគ្គិសនីជាដើមក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
 
របាយការណ៍ដដែល ក៏បានគូសបញ្ជាក់ពីការផ្លាស់ប្តូរផ្សេងទៀតដែលចាំបាច់ត្រូវបង្កើនឡើងដើម្បីឱ្យឆាប់បានដល់គោលដៅអាកាសធាតុឆ្នាំ២០៣០ ដែរ ពិសេសការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងការផលិតថាមពលអគ្គិសនីឱ្យបាន៥ដង។ ការដាំដើមឈើឡើងវិញ និងការស្តារតំបន់ដីសើមត្រូវដំណើរការលឿនជាងមុន៣ដង។ រីឯផ្នែកហិរញ្ញវត្ថុសម្រាប់បញ្ហាអាកាសធាតុត្រូវកើនឡើង១៣ដង ដើម្បីបំពេញតម្រូវការឱ្យបានគ្រប់គ្រាន់ និងឈានទៅរកគោលដៅបញ្ចេញកាបូនកម្រិតសូន្យឆ្នាំ ២០៥០៕
 

Tag:
 COP26
© រក្សាសិទ្ធិដោយ thmeythmey.com