ជាតិ
សង្គមជាតិ
កម្ពុជាប្តេជ្ញាទប់ស្កាត់ការបាត់បង់ព្រៃឈើឱ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០៣០
13, Nov 2021 , 5:25 pm        
រូបភាព
រដ្ឋមន្ត្រីបរិស្ថានសាយ សំអាល់ បានថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសថ្ងៃទី១០ ខែវិច្ឆិកា។ រូបភាព ពីក្រសួងបរិស្ថាន
រដ្ឋមន្ត្រីបរិស្ថានសាយ សំអាល់ បានថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសថ្ងៃទី១០ ខែវិច្ឆិកា។ រូបភាព ពីក្រសួងបរិស្ថាន
ដោយ: ថ្មីៗ
 ភ្នំពេញ៖ កម្ពុជាប្តេជ្ញាបញ្ចប់ការបញ្ចេញឧស្ម័នកាបូឌីអុកស៊ីតពីព្រៃឈើត្រឹមឆ្នាំ២០៤០ និងទប់ស្កាត់ការបាត់បង់ព្រៃឈើឱ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០៣០។ នេះជាការប្រកាសរបស់រដ្ឋមន្ត្រីបរិស្ថានកម្ពុជាលោក សាយ សំអាល់។

រដ្ឋមន្ត្រីបរិស្ថានលោក សាយ សំអាល់ ដែលជាតំណាងប្រតិភូកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសថ្ងៃទី១០ ខែវិច្ឆិកា ថា ទោះកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ កម្ពុជាខ្វាយខ្វល់ និងប្រឹងប្រែងរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះតាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួនតាមលទ្ធភាព។
 
«[កម្ពុជា នឹងឈានទៅ] កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងបញ្ឈប់ការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០ខាងមុខ»។ លោក សាយ សំអាល់ លើកឡើងបែបនេះ។
 
ទាក់ទិននឹងវិស័យថាមពល រដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានកត់សម្គាល់ពីការសម្រេចដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ឬស្មើ ១៥% នៃប្រភពថាមពលកម្ពុជាផលិតបាន។ ម្យ៉ាងវិញទៀត កម្ពុជាក៏សម្រេចមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី  និង មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គបន្ថែមទៀតសម្រាប់បម្រើដល់ការផលិតថាមពលអគ្គិសនីទៀតដែរ។
 
ក្រៅពីនេះ លោកសាយ សំអាល់ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានដាក់គោលដៅតាមរយៈរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDCs) កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានរហូតដល់ ៤២% ត្រឹមឆ្នាំ ២០៣០។ បច្ចុប្បន្ននេះកម្ពុជា ក៏កំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងលើការឈានទៅសម្រចគោលអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូន ទាប អាចធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍដោយបរិយាប័ន្នផងដែរ។
 
 យ៉ាងណាក៏ដោយចុះ បើទោះជាកម្ពុជាប្តេជ្ញាចិត្តដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើក៏ពិតមែន កម្ពុជាមិនស្ថិតក្នុងចំណោមជាង ១០០ ដែលបានប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ឈានទៅបញ្ចប់ការកាប់បំផ្លាញព្រៃឈើទាំងស្រុងនៅត្រឹមឆ្នាំ ២០៣០ ដែលធ្វើឡើងនៅកិច្ចប្រជុំ COP26 នោះឡើយ។
 
កម្ពុជាស្នើឱ្យរដ្ឋអ្នកមានផ្តល់ហិរញ្ញប្បទានបន្ថែមជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
 
ក្នុងសុន្ទរកថាដដែលនោះ តំណាងប្រតិភូកម្ពុជា បានលើកឡើងផងដែរពីការសញ្ញាវិជ្ជមានមួយចំនួនពាក់ព័ន្ធនឹងការចូលរួមដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុសាកលពីសំណាក់ប្រទេសអភិវឌ្ឍជាច្រើន ចាប់តាំងពីមានកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥។ ក្នុងនោះរួមមានការវិនិយោគលើថាមពលស្អាត និងបច្ចេកវិទ្យាបៃតង រួមទាំការប្តេជ្ញាចិត្តឈានទៅសម្រេចអាព្យាក្រឹត្យកាបូនផងដែរ។
 
យ៉ាងណាមិញ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ចាត់ទុកថា ការវិវត្តទាំងនោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេសការផ្តល់ហិរញ្ញប្បទានអាកាសធាតុអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រទេសងាយរងគ្រោះជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ។
 
«ខ្ញុំសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់»។ លោកសាយ សំអាល់ ថ្លែងទៅកាន់អង្គប្រជុំបែបនេះ។
 
តាមពិតទៅ បណ្តាប្រទេសអ្នកមានបានសន្យាប្រមែរប្រមូលហិរញ្ញប្បទានក្នុងទំហំ១០០ពាន់លានដុល្លារសម្រាប់ជួយដល់បណ្តាប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាពិសេសជំរុញការកសាងភាពធន់និងការសម្របខ្លួនទៅ នឹងការប្រែប្រួលអាកាធាតុត្រឹមឆ្នាំ ២០២០។ ប៉ុន្តែ ២០២១រួចទៅហើយ ទំហំហិរញ្ញប្បទាននេះនៅខ្វះខាតឆ្ងាយពីការប្តេជ្ញាចិត្ត។ បើតាមរបាយការណ៍របស់អង្គការ Oxfam ហិរញ្ញប្បទានអាកាសធាតុដែលផ្តល់ដោយប្រទេសអភិវឌ្ឍឱ្យទៅប្រទេសតតិយលោក ភាគច្រើនធ្វើឡើងក្នុងទម្រង់ជាប្រាក់កម្ចី ច្រើនជាងជំនួយទៅវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com