ជាតិ
លោក ជាម យៀប នឹងឡើងជាអនុប្រធានទី១នៃរដ្ឋសភា
14, Nov 2021 , 11:02 am        
រូបភាព
លោក ជាម យៀប ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីឆ្នាំ២០១៩ (រូបពីរដ្ឋសភា)
លោក ជាម យៀប ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីឆ្នាំ២០១៩ (រូបពីរដ្ឋសភា)
បេក្ខជន ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល គឺកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់ថា រដ្ឋសភា បានទទួលសំណើពីគណបក្សប្រជាជនកម្ពុជារួចហើយ ដែលសុំឲ្យជ្រើសរើសលោក ជាម យៀប ធ្វើជាអនុប្រធានទី១នៃរដ្ឋសភា។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឡេង ប៉េងឡុង អះអាងថា បេក្ខជនជាអនុប្រធានទី១នៃរដ្ឋសភា មានតែលោក ជាម យៀប តែម្នាក់ប៉ុណ្ណោះ។ លោក បន្តថា រហូតដល់ក្រោយបុណ្យអុំទូក ទើបរដ្ឋសភា អាចបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតផ្តល់ផ្តល់សេចក្តីទុកចិត្តឲ្យលោក ជាម យៀប ក្លាយជាអនុប្រធានទី១។ រង់ចាំដល់ក្រោយពិធីបុណ្យអុំទូក ដោយសារបច្ចុប្បន្ន រដ្ឋសភា កំពុងជាប់រវល់ក្នុងការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11)។ ពិធីបុណ្យអុំទូក នឹងប្រព្រឹត្តនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

បច្ចុប្បន្ន លោក ជាម យៀប គឺជាតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា (គណៈកម្មការទី២) នៃរដ្ឋសភា។ ក្នុងការបោះឆ្នោតទាំង៦នីតិកាលមកនេះ ដោយគិតពីឆ្នាំ១៩៩៣មក លោក បានជាប់ឆ្នោតធ្វើជាតំណាងរាស្រ្តជាប់រហូត។ សម្រាប់នីតិកាលទី៦នេះ (២០១៨-២០២៣) តំណាងរាស្រ្តទាំង១២៥រូប សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយសារគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយចោល ហើយមិនបានចូលរួមក្នុងការបោះឆ្នោត។ 

លោក ជាបណ្ឌិតទស្សនវិទ្យាផ្នែកច្បាប់ពាណិជ្ជកម្ម និងជាបណ្ឌិតច្បាប់ពីសហរដ្ឋអាម៉េរិក។ លោក ក៏ជាបណ្ឌិតសភាយោធាពោធិចិនតុងភ្នំពេញផងដែរ។ លោក នៅមានជំនាញផ្សេងៗទៀត ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង ធនាគារ ជាដើម។ លោក ជាអ្នកព្រៃវែង និងកើតក្នុងឆ្នាំ១៩៤៦។ នេះបើតាមប្រវត្តិសង្ខេបរបស់លោក ដែលផ្សាយដោយរដ្ឋសភា។

នៅឆ្នាំ២០១៩ លោក ជាម យៀប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រទានគោរមងារជាកិត្តិសេដ្ឋាបណ្ឌិត។ លោក ត្រូវបានជ្រើសរើសជាបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា ក្រោយពីលោក ងួន ញ៉ិល ទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងវ័យ៧៩ឆ្នាំ ដោយរោគាពាធ។ នៅក្នុងគណបក្សប្រជាជនកម្ពុជា លោកទាំង២ សុទ្ធតែជាសមាជិកគណៈអចិន្រ្តៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណបក្សកាន់ំអណាចមួយនេះ៕ 

Tag:
 ជាម យៀប
© រក្សាសិទ្ធិដោយ thmeythmey.com