អន្តរជាតិ
សន្និសីទ COP26 សម្រេចបានកិច្ចព្រមព្រៀង តែមិនទាន់គ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ
14, Nov 2021 , 1:49 pm        
រូបភាព
ទីបំផុតទៅ សន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុង Glasgow សម្រេចបានកិច្ចព្រមព្រៀងមួយដែលប្រទេសជុំវិញពិភពលោកប្ដេជ្ញាបង្កើនសកម្មភាពដើម្បីដោះស្រាយវិបត្តិអាកាសជាសាកល។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានក្រុមបរិស្ថានរិះគន់ព្រោះមិនមានការតាំងចិត្តមុតមាំបន្ថែមដែលត្រូវការដើម្បីបញ្ចៀសការគំរាមទៅថ្ងៃមុខ។ ប្រមុខអង្គការសហប្រជាជាតិថែមទាំងនិយាយថា កិច្ចព្រមព្រៀងនេះ មិនទាន់គ្រប់គ្រាន់ទៀតផង។

 
កិច្ចប្រជុំ២សប្ដាហ៍របស់សន្និសីទអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ (COP26) បានបន្តលើសគម្រោងរបស់ខ្លួន ទម្រាំសម្រេចបានកិច្ចព្រមព្រៀងនៅថ្ងៃទី១៣ ខែសីហា។ ប្រធានកិច្ចប្រជុំ Alok Sharma បានគោះញញួរប្រកាសពីកិច្ចព្រមព្រៀងមួយដែលជាលទ្ធផលនៃការចរចាជាច្រើនថ្ងៃរបស់តំណាងមកពីប្រទេសជិត២០០។ ជាមួយនឹងសុទិដ្ឋិនិយមនៃការសម្រេចបានកិច្ចព្រមព្រៀង ក្រុមអ្នកវិទ្យាសាស្ត្រមើលឃើញថា ការគំរាមដោយសារកំណើនសីតុណ្ហភាព មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
 
កិច្ចព្រមព្រៀង COP26 ជំរុញឱ្យប្រទេសនានាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ហើយលុបបំបាត់ការផ្ដល់ប្រាក់ដើម្បីអនុវត្តគម្រោងធ្យូងថ្មថ្មីៗ សំដៅការបន្ថយប្រភពដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលើពិភពលោកមួយនេះ។ តាមពិតទៅ ប្រទេសនានាចង់ឱ្យលុបបំបាត់ធ្យូងថ្មតែម្ដង ប៉ុន្តែចិន និងឥណ្ឌាដែលសុទ្ធសឹងជាប្រទេសបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតធំៗ ចេញមុខទាមទារឱ្យប្ដូរពាក្យលុបបំបាត់ ហើយជំនួសដោយពាក្យកាត់បន្ថយវិញ។
 
ជាមួយគ្នានេះ កិច្ចព្រមព្រៀងដដែល ក៏ទទូចឱ្យប្រទេសនានាបង្កើនល្បឿនកាត់បន្ថយការបញ្ចេញឧស្ម័នពុលតាមរយៈការដាក់ស្នើផែនការថ្នាក់ជាតិថ្មីនៅត្រឹមឆ្នាំ២០២២ ។ លើសពីនោះ កិច្ចព្រមព្រៀងដដែលនេះ មិនបានបញ្ចូលការប្ដេជ្ញាចិត្តទាក់ទងការផ្ដល់លុយសំណងខូចខាតបណ្ដាលមកពីវិបត្តិអាកាសធាតុឡើយ ព្រោះអាម៉េរិក និងសហភាពអឺរ៉ុបជំទាស់ខ្លាំង។
 
«ខ្ញុំសុំទោសចំពោះដំណើរការកន្លងមក។ ខ្ញុំពិតជាសុំទោស។» លោក Sharma និយាយបែបនេះជាមួយទឹកភ្នែករលីងរលោង មុនគោះញញួរអនុម័តកិច្ចព្រមព្រៀង។ ការបង្ហាញអារម្មណ៍របស់រដ្ឋមន្រ្តីអង់គ្លេសរូបនេះ ជាសញ្ញាបង្ហាញពីការលំបាកលំបិន សាំញាំ និងការខ្វែងគំនិតគ្នាក្នុងពេលចរចាជាង១០ថ្ងៃមកនេះ ខណៈប្រទេសមួយចំនួននៅតែប្រកាន់ជំហរការពារផលប្រយោជន៍របស់ខ្លួនជាជាងការគិតគូរផលប្រយោជន៍ពិភពលោក។
 
កិច្ចប្រជុំ COP26 នៅស្កុតឡែន មានគោលដៅសំខាន់គឺការធ្វើសកម្មភាពដើម្បីកំណត់កំណើនសីតុណ្ហភាពពិភពលោកមិនឱ្យលើសពី១,៥អង្សា។ ប្រទេសដែលងាយរងគ្រោះ ក៏ទាមទារឱ្យបណ្ដាប្រទេសអ្នកមានអនុវត្តការសន្យាផ្ដល់លុយឱ្យពួកខ្លួនមានលទ្ធភាពសម្របខ្លួននឹងការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិដែលកើតឡើងកាន់តែញឹកញាប់ និងកាន់តែគ្រោះថ្នាក់។
 
ប្រមុខអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានស្វាគមន៍លទ្ធផលកិច្ចប្រជុំ តែលោកក៏ព្រមានថា មិនទាន់គ្រប់គ្រាន់ឡើយ។ លោក ហ្គូតេរ៉េស បានសរសេរលើ Twitter ថា ពិភពលោកនៅតែប្រឈមមុខមហន្តរាយអាកាសធាតុដដែល។ ចំណែលោក Laurence Tubiana អ្នកបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ វិញ លើកឡើងថា COP26 បរាជ័យក្នុងការផ្ដល់ជំនួយដល់ប្រទេសរងគ្រោះខ្លាំង។
 
សន្និសីទលើកទី២៧ (COP27) នឹងធ្វើនៅទឹកដីអេហ្ស៊ីបនៅឆ្នាំក្រោយ៕
 
 
 
 
 
 

Tag:
 COP26
© រក្សាសិទ្ធិដោយ thmeythmey.com