អន្តរជាតិ
ប្រមុខ WHO ជំរុញឱ្យបង្កើនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកងាយរងគ្រោះ ខណៈអឺរ៉ុបផ្ទុះករណីឆ្លងខ្លាំង
14, Nov 2021 , 2:39 pm        
រូបភាព
ដោយ:
ប្រមុខអង្គការសុខភាពពិភពលោក (WHO)បានអំពាវនាវនៅថ្ងៃទី១២ ខែវិចិ្ឆកា ឱ្យប្រទេសនានាបង្កើនការចាក់វ៉ាក់សាំងឱ្យប្រជាជនគោលដៅ និងអ្នកងាយរងគ្រោះបន្ថែមទៀត ខណៈបណ្តាប្រទេសអឺរ៉ុបកំពុងទទួលរងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ សារជាថ្មី។ ការអំពាវនាវពីប្រមុខអង្គការ WHO បែបនេះ គឺដើម្បីជួយធានាដល់ប្រជាជនដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោកឆាប់ទទួលបានការចាក់វ៉ាក់សាំងពេញលេញ។


ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា អឺរ៉ុបទទួលរងករណីឆ្លងកូវីដ-១៩កើនដល់ខ្ទប់ម៉ឺនករណីក្នុងមួយថ្ងៃ។ ពេញមួយសប្តាហ៍មុន អឺរ៉ុប កត់ត្រាករណីឆ្លងកូវីដ-១៩ជិត២លានករណី។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AFP ។
 
«នេះគឺជាករណីឆ្លងច្រើនជាងគេបំផុតត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះក្នុងតំបន់អឺរ៉ុប ចាប់តាំងពីជំងឺបានចាប់ផ្តើម។» អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន។
 
ស្របពេលបណ្តាប្រទេសជាច្រើន កំពុងប្រញាប់ប្រញាល់ទប់ស្កាត់ករណីឆ្លងដោយការអនុវត្តវិធានការរឹតបន្តឹងឡើងវិញ ឬបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងដូសជំរុញបន្ថែម លោក Tedros ក៏បានសង្កត់ធ្ងន់ថា វាពិតជាសំខាន់ណាស់ក្នុងការធានាការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សដែលងាយរងគ្រោះ និងត្រូវការបំផុតនៅទូទាំងពិភពលោកផងដែរ។ លោកថ្លែងបែបនេះទំនងជាចង់ឱ្យប្រទេសអ្នកមានជួយផ្តល់វ៉ាក់សាំងទៅប្រទេសក្រីក្របន្ថែម។
 
«វាមិនមែនជារឿងចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងរួចទេ ប៉ុន្តែវាសំដៅអំពីអ្នកដែលត្រូវចាក់វ៉ាក់សាំង។» ប្រមុខ WHO បញ្ជាក់បែបនេះមុនបន្តថា វាមិនសមហេតុផលសោះលើការផ្តល់វ៉ាក់សាំងដូសជំរុញដល់មនុស្សពេញវ័យ ឬដល់កុមារឡើងខណៈក្រុមមនុស្សចាស់ជរា បុគ្គលិកសុខាភិបាល និងក្រុមមនុស្សស្ថិតក្នុងហានិភ័យខ្ពស់នៅជុំវិញពិភពលោក កំពុងរង់ចាំការចាក់វ៉ាក់សាំងដូសទី១ ទៅវិញ។
 
ចំណែកនាយកផ្នែកអាសន្នរបស់ WHO លោក Michael Rayan បាននិយាយថា កិច្ចខិតខំប្រឹងប្រែងលើការបង្កើនគោលដៅបន្ថែមក៏ត្រូវចាំបាច់សម្រាប់ប្រទេសអ្នកមានដែរ ប៉ុន្តែប្រជាជនភាគច្រើនមិនព្រមទៅទទួលការចាក់វ៉ាក់សាំង។ លោក Michael បានព្រមានថា ក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងពេញលេញខ្ពស់ ក៏ប្រព័ន្ធសុខាភិបាលអាចធ្លាក់ក្រោមសម្ពាធយ៉ាងឆាប់រហ័ស បើសិនក្រុមមនុស្សដែលងាយរងគ្រោះនៅតែមិនទាន់បានចាក់វ៉ាក់សាំង។
 
លោកក៏បានបង្ហាញនៅការសិក្សារបស់អង់គ្លេសថ្មីមួយដែលសរសេរថា មនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មានកម្រិតហានិភ័យខ្ពស់នៃការស្លាប់ក្នុងជំងឺរាតត្បាតនេះ៣២ដង បើធៀបជាមួយក្រុមមនុស្សដែលចាក់វ៉ាក់សាំងរួច៕ 
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com