COVID-19
ជាតិ
ឲ្យតែបានចាក់វ៉ាក់សាំង ពេលចូលកម្ពុជា មិនបាច់ធ្វើចត្តាឡីស័កទៀតឡើយ
14, Nov 2021 , 3:35 pm        
រូបភាព
ទិដ្ឋភាពនៅព្រលានយន្តហោះភ្នំពេញ ដែលត្រូវបានថតកាលពីចុងឆ្នាំ២០១៩។ រូបដោយសហការី
ទិដ្ឋភាពនៅព្រលានយន្តហោះភ្នំពេញ ដែលត្រូវបានថតកាលពីចុងឆ្នាំ២០១៩។ រូបដោយសហការី
មិនថាជនជាតិខ្មែរ ឬជនបរទេសឡើយ ឲ្យបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច មិនតម្រូវឲ្យធ្វើចត្តាឡីស័កដូចមុនទៀតនោះទេ ពេលធ្វើដំណើរចូលមកកម្ពុជា។ នេះជាសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។



បើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី អ្នក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ពេលមកដល់កម្ពុជា គ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ដោយម៉ាស៊ីន PCR ហើយពួកគេ អាចទៅរង់ចាំលទ្ធផលនៃការធ្វើតេស្តនៅគេហដ្ឋាន ឬកន្លែងស្នាក់នៅរៀងៗខ្លួន។ 

យ៉ាងណាក៏ដោយ អ្នកធ្វើដំណើរចូលមកកម្ពុជាទាំងអស់ ត្រូររង់ចាំលទ្ធផលនៃការធ្វើតេស្តរកជំងឺកូវីដ-១៩ដោយម៉ាស៊ីន PCR សិន ហើយបើលទ្ធផលអវិជ្ជមាន ទើបពួកគេ អាចធ្វើដំណើរដោយសេរីបាន។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា៖«នៅពេលដែលពិនិត្យឃើញថា ពុំមានលទ្ធផលវិជ្ជមានកូវីដ-១៩ទេ អ្នកទេសចរ និងបងប្អូនអ្នកធ្វើដំណើរទាំងអស់ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិធ្វើដំណើរចេញទៅតាមទីកន្លែងដែលខ្លួនចង់ទៅ»។ 

ចំពោះ អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមុខរដ្ឋាភិបាល នៅតែតម្រូវឲ្យធ្វើចត្តាឡីស័កតាមកាលកំណត់របស់អាជ្ញាធរដដែល ពេលចូលមកកម្ពុជា។ 

បន្ថែម៖ ក្រោយសារសំឡេងដំបូង ត្រូវបានផ្សាយចេញភ្លាមៗ សម្តេច ហ៊ុន សែន ក៏បានផ្ញើសារសំឡេងមួយថ្មីទៀត ដោយកែប្រែថា អ្នក ដែលបានចាក់វ៉ាក់សាំងរួច មិនតម្រូវឲ្យធ្វើតេស្តរកកូវីដ-១៩ ដោយម៉ាស៊ីន PCR ហើយត្រូវទៅរងចាំនៅលំនៅឋាននោះទេ តែតម្រូវឲ្យធ្វើតេស្តរហ័ស (Rapid Test) នៅនឹងកន្លែងតែម្តង ពេលចូលមកដល់កម្ពុជា។ ការធ្វើតេស្តរហ័សនេះ គឺនឹងបង្ហាញលទ្ធផលភ្លាមៗនៅនឹងកន្លែង៕ 

Tag:
 លើកលែងការធ្វើចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com