អន្តរជាតិ
ស្ទែម «STEM» មុខជំនាញដែលអាចរកចំណូលបានច្រើនក្រោយបញ្ចប់ការសិក្សា
14, Nov 2021 , 4:39 pm        
រូបភាព
គ្រប់មុខជំនាញមាននៅសាកលវិទ្យាល័យគឺសុទ្ធតែមានតម្លៃ និងអាចផ្តល់ឱកាសការងារល្អមួយសម្រាប់និស្សិតក្រោយបញ្ចប់ការសិក្សា។ ប៉ុន្តែមុខជំនាញមួយចំនួនត្រូវបានវាយតម្លៃថា មានតម្រូវការការងារ និងអាចរកប្រាក់ចំណូលបានច្រើន។ បើតាមការស្រាវជ្រាវថ្មី និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យហើយទទួលបានប្រាក់បៀវត្ស និងមានឱកាសទទួលបានការងារ ភាគច្រើនចេញពីជំនាញទាក់ទងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម «STEM»។


បច្ចុប្បន្ន មុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រកំពុងមានការចាប់អារម្មណ៍ពីសិស្សានុសិស្សខ្លាំងជាងមុខវិជ្ជាសង្គម។ ស្របគ្នានេះ មុខវិជ្ជាទាក់ទងនឹងផ្នែកវិទ្យសាស្ត្រត្រូវបានអ្នកជំនាញវាយតម្លៃថាអាចបង្កើតការងារសម្រាប់និស្សិតក្រោមបញ្ចប់ថ្នាក់មហាវិទ្យាល័យដែលផ្តល់ប្រាក់ចំណូលច្រើន និងងាយទទួលបានឱកាសការងារ។ 
 
យោងតាមការសិក្សាថ្មីដែលចុះផ្សាយលើទំព័រព័ត៌មាន World Economic Forum ជំនាញដែលអាចបង្កើតការងារមានប្រាក់ចំណូលខ្ពស់បំផុតចំនួន២៥ គឺសុទ្ធតែជាមុខជំនាញទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា ស្ទែម «STEM»។ 
 
មុខជំនាញស្ទែម ដែលបានវាយតម្លៃថាអាចរកចំណូលបានច្រើន និងមានឱកាសការងារច្រើនមានដូចជា វិស្វកម្មស្ថាបត្យកម្ម សេវាកម្មសំណង់ វិស្វកម្មកុំព្យូទ័រ វិស្វកម្មអាវកាស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃការដឹកជញ្ជូន វិស្វកម្មអគ្គិសនី វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មមេកានិច និងវិស្វកម្មគីមីជាដើម។ 
 
ដោយឡែក វិស្វកម្មស្ថាបត្យកម្មបានជាប់ចំណាត់ថ្នាក់កំពូល ជាការងារទទួលបានប្រាក់បៀរត្ស និងមានឱកាសការងារច្រើនជាងគេក្នុងតារាងចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំ២០២១។ និស្សិតបញ្ចប់ការសិក្សាពីជំនាញនេះអាចរកចំណូលបានជាមធ្យម ៩ម៉ឺនដុល្លាក្នុងមួយឆ្នាំ។
 
នាថ្ងៃអនាគត នៅពេលពិភពលោកកាន់តែរីកចម្រើន និងប្រែក្លាយទៅជាសង្គមបច្ចេកវិទ្យាទំនើប ឱកាសការងារថ្មីជាង៩៧លាន នឹងអាចលេចឡើងដោយមានមនុស្ស និងម៉ាស៊ីនធ្វើការជាមួយគ្នា។ របាយការណ៍ស្រាវជ្រាវបានបញ្ជាក់ថា មកដល់ពេលនេះ តម្រូវការការងារទាក់ទងនឹងបច្ចេកវិទ្យាកំពុងកើនឡើងជាលំដាប់ ដូចជាការងារវិភាគទិន្នន័យ អ្នកវិទ្យាសាស្ត្រផ្នែកទិន្នន័យ អ្នកជំនាញផ្នែកបញ្ញាសិប្បនិមិត្ត និងវិស្វកម្មគ្រឿងយន្តជាដើម៕
 

Tag:
 STEM
© រក្សាសិទ្ធិដោយ thmeythmey.com