ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មេឃុំអតីតបក្សប្រឆាំងនៅកំពង់ស្ពឺ ត្រូវបានដោះលែង
14, Nov 2021 , 5:19 pm        
រូបភាព
អ្នកនាង កឹម តុលា មេឃុំពីអតីតគណបក្សសង្គ្រោះជាតិ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានដោះលែងវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អ្នកនាង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកដល់សង្គម។


លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សអង្គការលីកាដូ មានប្រសាសន៍ថា លោក ក៏បានទទួលព័ត៌មានពីការដោះលែងអ្នកនាង កឹម តុលា ដែរ។ លោក ចូលរួមត្រេកអរ ដែលបានឃើញការដោះលែងមន្រ្តីអតីតគណបក្សប្រឆាំង និងអ្នកធ្វើការងារតាមអង្គការសង្គមស៊ីវិលផ្សេងៗទៀត។ 
 
យ៉ាងណា លោក មើលឃើញថា ពួកគេ បានទទួលរងនូវភាពអយុត្តិធម៌រួចទៅហើយ តាមរយៈការចោទប្រកាន់និងការឃុំពួកគេ។ លោក នៅតែជឿងថា អ្នកទាំងនោះ មិនបានប្រព្រឹត្តបទល្មើសឡើយ។ មន្រ្តីសង្គមស៊ីវិលរូបនេះ លើកឡើងដូច្នេះថា៖«ពួកគាត់ គ្រាន់តែអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងអនុសញ្ញាអន្តរជាតិ»។   
 
អ្នកនាង កឹម តុលា ត្រូវតុលាការខេត្តកំពង់ស្ពឺ កាត់ទោសឲ្យជាប់ពន្ធានគាររយៈពេល១ឆ្នាំ។ អ្នកនាង បានប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ។ សាលាឧទ្ធរណ៍ បានតម្រូវឲ្យអ្នកនាង ជាប់ពន្ធនាគារត្រឹមតែ៣ខែប៉ុណ្ណោះ។ ប៉ុន្តែ អ្នកនាង និយាយជាមួយវិទ្យុអាស៊ីសេរីថា អ្នកនាងជាប់ពន្ធនាគារដល់ទៅ៣ខែ២០ថ្ងៃ ទើបចេញ។ 

អ្នកនាង គឺជាមនុស្សម្នាក់ បានចូលរួមគាំទ្រគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស។ នេះជាមូលហេតុ ដែលនាងត្រូវចាប់ខ្លួន និងត្រូវចោទប្រកាន់។ លោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមិនិវត្តនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបរាជ័យ។ 
 
ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីអតីតគណបក្សប្រឆាំង មន្រ្តីសង្គមស៊ីវិល និងសកម្មជនក្មេងៗ ដែលធ្វើកិច្ចការងារសង្គម ប្រមាណ២០នាក់ហើយ ត្រូវបានដោះលែងជាបន្តបន្ទាប់គ្នា៕ 
 

Tag:
 កឹម តុលា
© រក្សាសិទ្ធិដោយ thmeythmey.com