អន្តរជាតិ
ការសិក្សា៖ ខ្យល់កខ្វក់ក្នុងបរិយាកាសរួមចំណែកបង្កើនអត្រាជំងឺរលាកសួតចំពោះកុមារ
14, Nov 2021 , 8:29 pm        
រូបភាព
ការសិក្សាថ្មីមួយបង្ហាញថា កុមារដែលបានស្រូបយកខ្យល់កខ្វក់ក្នុងបរិយាកាសទំនងជាមានហានិភ័យខ្ពស់កើតជំងឺរលាកសួតធ្ងន់ធ្ងរ (CAP)។ ជាមួយគ្នានេះ កត្តាសង្គម រួមមានជាតិសាសន៍ និងស្ថានភាពសេដ្ឋកិច្ចក៏ត្រូវបានរកឃើញថាមានទំនាក់ទំនងជាមួយការបង្កើនអត្រារលាកសួតចំពោះកុមារដែរ គឺតាមរយៈការរស់នៅក្នុងតំបន់ដែលប្រឈមហានិភ័យខ្ពស់។


ការសិក្សាថ្មីមួយ ដឹកនាំដោយអ្នកស្រាវជ្រាវនៅក្នុងកម្មវិធីស្រាវជ្រាវ Superfund នៃសាកលវិទ្យាល័យរដ្ឋ Louisiana បានបង្ហាញថា អត្រាជំងឺរលាកសួតចំពោះកុមារអាចកើនឡើងអាស្រ័យលើកត្តាបរិស្ថាន និងមានកត្តាសង្គមរួមផ្សំដែរ។ កុមារដែលត្រូវបានប៉ះពាល់ផ្ទាល់នឹងខ្យល់កខ្វក់ក្នុងបរិយាកាសទំនងជាមានហានិភ័យខ្ពស់កើតជំងឺរលាកសួតធ្ងន់ធ្ងរ (CAP)។ កត្តាសង្គមរួមមានបញ្ហាជាតិសាសន៍ និងស្ថានភាពសេដ្ឋកិច្ចក៏បានរួមចំណែកបង្កើនអាត្រាជំងឺរលាកសួតតាមរយៈលក្ខខណ្ឌរស់របស់កុមារនៅក្នុងតំបន់មានខ្យល់ពុលខ្លាំង។
 
«ការស្រាវជ្រាវនេះបានបង្ហាញព័ស្តុតាងដែលផ្សារភ្ជាប់សុខភាពផ្លូវដង្ហើមមិនល្អទៅនឹងការប៉ះពាល់ការបំពុលបរិយាកាស ជាពិសេសសារធាតុល្អិតៗដែលកើតចេញពីចំហេះ»។ លោកស្រី Stephania Cormier ជាសហនិពន្ធនៃការសិក្សា និងជាអ្នកដឹកនាំកម្មវិធីស្រាវជ្រាវ LSU Superfund បានលើកឡើងបែបនេះ។ 
 
ជាទូទៅ ភាគល្អិតតូចៗនៅក្នុងខ្យល់ត្រូវបានកំណត់ជាមូលហេតុចម្បងដែលបង្កជំងឺរលាកសួតដល់កុមារ។ វាត្រូវបានបញ្ចេញដោយចំហេះក្នុងឧស្សាហកម្ម ផ្សែងរថយន្ត និងភ្លើងឆេះព្រៃ។ ភាគល្អិតតូចៗនោះមានអង្កត់ផ្ចិតតូចជាង ២,៥មីក្រូម៉ែត្រ ដែលត្រូវគេឱ្យឈ្មោះថា PM2.5។  ភាគល្អិត PM2.5 មានហានិភ័យខ្ពស់ក្នុងការបង្កការឆ្លងមេរោគផ្លូវដង្ហើម និងបញ្ហាសុខភាពជាច្រើនទៀត រួមទាំងជំងឺសរសៃឈាមបេះដូងផងដែរ។
 
នៅពីក្រោយបញ្ហាបរិស្ថាននេះ បញ្ហាជាតិសាសន៍ និងស្ថានភាពសេដ្ឋកិច្ចក្នុងសង្គមបានជំរុញឱ្យកុមារប៉ះពាល់កាន់តែខ្លាំងជាមួយ PM2.5 តាមរយៈការរស់នៅតាមតំបន់ដែលតំបន់ខ្លះមានការប្រឈមខ្លាំងនឹងការបំពុល។ កុមាររស់នៅក្នុងប្រទេសក្រីក្រភាគច្រើនត្រូវរស់នៅក្នុងតំបន់ដែលមានការបំពុលខ្លាំង។ ជាក់ស្តែង នៅតំបន់ទីប្រជុំជន Memphis កុមារជនជាតិស្បែកខ្មៅត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារ ជំងឺរលាកសួតក្នុងចំនួនច្រើនជាងកុមារស្បែកស។
 
គួររំលឹកថា បញ្ហាកង្វក់ខ្យល់មានសារសំខាន់ណាស់សម្រាប់សុខភាពមនុស្សពិសេសកុមារ។ ដូចនេះ មនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់លើបញ្ហានេះ តាមរយៈការកាត់បន្ថយការប្រើប្រាស់យានយន្តមានផ្សែងខ្លាំង កាត់បន្ថយការប្រើគ្រឿងអាឡិចត្រូនិច មិនត្រូវដុតសម្រាមប្លាស្ទិក និងកាត់បន្ថយការប្រើផលិតផលថង់ប្លាស្ទិក ដោយគាំទ្រថង់ដែលអាចប្រើឡើងវិញជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com