ជាតិ
សង្គមជាតិ
ចាប់បុរសសញ្ជាតិកាណាដាម្នាក់ ដែលនាំគ្រឿងញៀនដល់ទៅ «១៦៧គីឡូក្រាម» មកកម្ពុជា
15, Nov 2021 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់បានបុរសសញ្ជាតិកាណាដាម្នាក់ ឈ្មោះ ហ្វូ យ៉ុង ឈិង (Fu Yong Qing) ដែលនាំគ្រឿងដល់ទៅ១៦៧គីឡូក្រាមចូលមកកម្ពុជា។ បុរសសញ្ជាតិកាណាដានោះ ត្រូវសមត្ថកិច្ចចាប់ នៅក្នុងរាជធានីភ្នំពេញ ក្រោមការបញ្ជាពីក្រោយរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនការប្រឆាំងបទល្មើសគ្រឿងញៀន។

 
 
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រតិបត្តិការស្រាវជ្រាវ និងការឈានទៅបង្ក្រាបឧក្រិដ្ឋជនសញ្ជាតិកាណាដា ដែលរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដល់ទៅ១៦៧គីឡូក្រាម គឺធ្វើឡើងចាប់តាំងពីថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដដែល ក្រៅពីគ្រឿងញៀន សមត្ថកិច្ច បានរឹបអូសកាំភ្លើងខ្លី១ដើម និងរថយន្ត១គ្រឿង ពីបុរសសញ្ជាតិកាណាដានោះ ដែលមានវ័យជាង៥០ឆ្នាំ។ 
 
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា៖«បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី»៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com