អន្តរជាតិ
បាតុករ​ថៃ ប្រមូលផ្ដុំគ្នាជាថ្មីតវ៉ាឱ្យ​មាន​ការ​កែទម្រង់​​ស្ថាប័នមហាក្សត្រ
15, Nov 2021 , 12:29 pm        
រូបភាព
បាតុករថៃម្នាក់លើកស្លាកមានលេខ១១២ ដែលសំដៅមាត្រា១២២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការដាក់ទោសអ្នកប្រមាថមហាក្សត្រ អំឡុងពេលការតវ៉ាថ្ងៃទី១៤ ខែវិច្ឆិកា។ រូបថត AFP
បាតុករថៃម្នាក់លើកស្លាកមានលេខ១១២ ដែលសំដៅមាត្រា១២២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការដាក់ទោសអ្នកប្រមាថមហាក្សត្រ អំឡុងពេលការតវ៉ាថ្ងៃទី១៤ ខែវិច្ឆិកា។ រូបថត AFP
បាតុករថៃ ដែលចិញ្ចឹមចិត្តទាមទារឱ្យធ្វើកំណែទម្រង់ស្ថាប័នមហាក្សត្រក្នុងប្រទេស បានជួបជុំគ្នាជាថ្មីទៀតនៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយបន្តប្រកាន់ជំហររបស់ខ្លួនដដែល។ ការជួបតវ៉ានេះធ្វើឡើងប៉ុន្មានថ្ងៃ​ក្រោយតុលាការធម្មនុញ្ញថៃបានចេញសេចក្ដីសម្រេចថាការតវ៉ាទាមទារ​កំណែទម្រង់ ស្ថាប័ន​មហាក្សត្រ​អំឡុងឆ្នាំ២០២០ជា​ការ​ប៉ុនប៉ង​ផ្ដួលរំលំ​របប​រាជានិយម។ ខណៈពេលតវ៉ា បាតុករមួយចំនួន​ក៏ត្រូវបាន​រងរបួសដោយសារការវាយពីសំណាក់ប៉ូលិស។

 
ក្នុងសវនាការថ្ងៃទី១០ ខែវិច្ឆិកាតុលាការធម្មនុញ្ញថៃសម្រេចការទាមទាររបស់ក្រុម​បាតុករនៅ​សាកលវិទ្យាល័យ Thammasat ក្នុងខែសីហាឆ្នាំ២០២០ ជាការប៉ុនប៉ងផ្ដួលរំលំរាជានិយម។ ទោះបីជា​តុលាការមិនបានសម្រេចដាក់ទោសទណ្ឌ​ចំពោះ​មេ​ដឹកនាំ​អ្នកតវ៉ាក្ដី សេចក្តី​សម្រេច​នេះ ត្រូវមើលឃើញថា ​នឹងរឹតតែ​រឹតត្បិតសិទ្ធិសកម្មជន​ក្នុងការធ្វើយុទ្ធនាការ​កំណែទម្រង់​របបរាជានិយមនេះ។
 
ដោយមិនពេញចិត្តនឹងការសម្រេចរបស់តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា បាតុកររាប់​រយ​នាក់​បានប្រមូលផ្តុំគ្នានៅតំបន់ផ្សារធំៗនៅទីក្រុងបាងកក ទោះបីជាមានការហាមឃាត់ការជួបជុំគ្នាពីប៉ូលិស និងអាជ្ញាធរក៏ដោយ។ ក្រុមបាតុករបានលើកស្លាកដែលសរសេរថា ពួកគេ​មិន​ចង់​បាន​របប​រាជានិយម​ផ្តាច់ការនោះទេ។
 
«ពួកយើងមិនមែនកំពុងផ្ដួលរំលំប្រទេសនោះទេ។ ​ការកំណែទម្រង់នេះនឹងធ្វើឱ្យប្រទេសល្អប្រសើរ»។ មេដឹកនាំ​បាតុកម្មឈ្មោះ Thatchapong Kaedam ​​​បានស្រែកតវ៉ាបែបនេះខណៈដែលក្រុមបាតុករ​កំពុងតែគ្រវី​បដា​ដែល​សរសេរ​ថា ​កំណែទម្រង់​មិន​ស្មើ​នឹង​ការ​ផ្ដួលរំលំ​ឡើយ។
អំឡុងបាតុកម្មខាងលើនេះ ក្រុមប៉ូលិសបានប៉ះទង្គិចគ្នាជាមួយនឹងបាតុករមួយចំនួនហើយ បាន​បាញ់​គ្រាប់កៅស៊ូដើម្បីបំបែកដែលធ្វើឱ្យបាតុករម្នាក់ត្រូវបានរងរបួសឈាមហូរចេញពីទ្រូង។ បន្ថែមពីនេះ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់បានបញ្ជាក់ថា មនុស្សយ៉ាងតិចពីរនាក់បានរងរបួស ប៉ុន្តែមិនបានផ្ដល់​ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេឡើយ។
 
លើសពីនេះ ក្រុមអ្នកតវ៉ាបានដើរដង្ហែក្បួនបាតុកម្មទៅកាន់ស្ថានទូតអាល្លឺម៉ង់ ហើយ​ដាក់លិខិត​មួយ​ច្បាប់​ទៅ​កាន់​ស្ថានទូត​ដែល​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​វិល​ត្រឡប់​ទៅ​កាន់​របប​ផ្តាច់ការ​វិញ។ ពួកគេទំនងចង់ឱ្យអាល្លឺម៉ង់ជួយជ្រោមជ្រែងចរចាជាមួយមហាក្សត្រ មហា វជិរាលង្ករណ៍ ដែលស្នាក់​នៅ​ប្រទេស​អឺរ៉ុបមួយនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ មហាក្សត្រថៃ ក៏កំពុងស្ថិតនៅ ប្រទេសអាល្លឺម៉ង់ផងដែរ។
 
គួរបញ្ជាក់ថា ​ជាច្រើនលើកច្រើនសាមកហើយដែលក្រុមបាតុករថៃបានប្រឆាំងនឹង​ច្បាប់​ស្ដីពី​ការ​ប្រមាថព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹងដែលមានការផ្តន្ទាទោសដាក់ពន្ធនាគារ​រហូត​ដល់១៥ឆ្នាំ។ យោងតាម​ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស ចាប់តាំងពីការតវ៉ាបានចាប់ផ្តើមមក មនុស្សយ៉ាងតិច ១៥៧ នាក់ត្រូវ​បានចោទប្រកាន់ក្រោមច្បាប់នេះ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com