ជាតិ
ព្រះមហាក្សត្រយាងនិវត្តន៍ក្រោយយាងចូលរួមមហាសន្និបាតយូណេស្កូនៅប៉ារីស
15, Nov 2021 , 11:56 am        
រូបភាព
សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំ អញ្ជើញទៅទទួលព្រះករុណាព្រះមហាក្សត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត SPM
សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំ អញ្ជើញទៅទទួលព្រះករុណាព្រះមហាក្សត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត SPM
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងនិវត្តន៍ពីប្រទេសបារាំង មកដល់រាជធានីភ្នំពេញវិញ នាថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា នេះ បន្ទាប់ពីព្រះអង្គបានយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីសពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។





ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅទទួលព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នាអំឡុងព្រះរាជវត្តមានក្នុងមហាសន្និបាតយូណេស្កូ ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា បានថ្លែងព្រះរាជសុន្ទរកថា ផងដែរ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយព្រះអង្គបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់យូណេស្កូ ក្នុងការលើកកម្ពស់វប្បធម៌នៅកម្ពុជា។

ព្រះករុណា ជាអម្ចាស់ ក៏បានរំលឹកផងដែរ ពីព្រះរាជវត្តមានរយៈពេល១០ឆ្នាំ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ ក្នុងព្រះរាជតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅក្រុងប៉ារីស៕




© រក្សាសិទ្ធិដោយ thmeythmey.com