អន្តរជាតិ
ក្រុមតាលីបង់ ដង្ហែក្បួនយោធាបង្អួតកម្លាំងជាមួយអាវុធសេសសល់ពីអាម៉េរិក
15, Nov 2021 , 2:25 pm        
រូបភាព
កងកម្លាំងតាលីបង់បានធ្វើពិធីព្យុហយាត្រាយោធានៅទីក្រុងកាប៊ុលនៅថ្ងៃទី ១៤ ខែវិច្ឆិកា ដោយប្រើរថពាសដែកសេសសល់ពីអាម៉េរិក និងឧទ្ធម្ភាគចក្ររបស់រុស្ស៊ី។ ក្នុងន័យបង្អួតកម្លាំងផង ក្បួនដង្ហែនេះ ក៏មានគោលដៅបង្ហាញពីការផ្លាស់ប្តូររបស់ក្រុមនេះពីក្រុមឧទ្ទាមទៅជាកងកម្លាំងរដ្ឋាភិបាលថ្មីនៅអាហ្វហ្កានីស្ថាន។



ក្រុមតាលីបង់ ដែលជាក្រុមប្រឆាំងបះបោរនៅអាហ្វហ្កានីស្ថានជាង២ទសវត្សរ៍មកហើយ កំពុងគ្រប់គ្រងអំណាចនៅអាហ្វហ្កានីស្ថាន​ក្រោយអាម៉េរិកសម្រេចដកទ័ពចេញ។ ក្រោយបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ អាវុធ និងគ្រឿងបរិក្ខារអាម៉េរិកដែលផ្តល់ឱ្យអតីតរដ្ឋាភិបាលនៅអាហ្វហ្កានីស្ថាន ដ៏ច្រើនសន្ធឹកសន្ធាប់បានធ្លាក់ក្នុងដៃក្រុមតាលីបង់។ 
 
បើតាម អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្កានីស្ថានលោក Enayatullah Khwarazmi ក្បួនដង្ហែរ​ដែល​ធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ត្រូវបានផ្សារភ្ជាប់នឹងការបញ្ចប់ការសិក្សារបស់ទាហានតាលីបង់ចំនួន ២៥០ នាក់ដែលបានទទួលការបណ្តុះបណ្តាល​ថ្មី។
 
ក្នុងព្យុហយាត្រាយោធានៅកាប៊ុលនេះ គេឃើញមានរថពាសដែក M117 ផលិតដោយអាម៉េរិករាប់សិបគ្រឿងបើកបរយឺតៗលើផ្លូវធំនៅទីក្រុងកាប៊ុល ដោយមានឧទ្ធម្ភាគចក្រ MI-17 របស់រុស្ស៊ីល្បាតពីលើផង។ លើសពីនេះទៀត កងកម្លាំងតាលីបង់ជាច្រើននាក់បានប្រដាប់ដោយកាំភ្លើង M4 របស់អាម៉េរិកផងដែរ។
 
ជាមួយគ្នានេះដែរ អ្នកបើកយន្តហោះ អ្នកជំនាញមេកានិក និងអ្នកឯកទេសផ្សេងទៀតមកពីអតីតកងទ័ពជាតិអាហ្វហ្កានីស្ថាន នឹងត្រូវបានបញ្ចូលទៅក្នុងកងកម្លាំងថ្មីរបស់ក្រុមតាលីបង់ ដែលបានចាប់ផ្តើមពាក់ឯកសណ្ឋានយោធា ជំនួសសម្លៀកបំពាក់ប្រពៃណីអាហ្វហ្កានីស្ថានដែលជាធម្មតាពាក់ដោយយុទ្ធជនរបស់តាលីបង់។
សព្វាវុធ និងគ្រឿងបរិក្ខារដែលកងកម្លាំងតាលីបង់កំពុងប្រើប្រាស់នាពេលនេះ ភាគច្រើនគឺជាអាវុធដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដល់អតីតរដ្ឋាភិបាលដែលគាំទ្រដោយអាម៉េរិកនៅទីក្រុងកាប៊ុល ក្នុងគោលបំណងពង្រឹងកម្លាំងការពារជាតិអាហ្វហ្កានីស្ថាន ប្រយុទ្ធនឹងក្រុមតាលីបង់។​
 
យោងតាមរបាយការណ៍របស់អគ្គាធិការពិសេសសម្រាប់ការកសាងអាហ្វហ្កានីស្ថាននៅចុងឆ្នាំ២០២០ រដ្ឋាភិបាលអាម៉េរិកបានផ្តល់ឱ្យអតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថាននូវអាវុធការពារជាតិសរុបជាទឹកប្រាក់ជាង២៨ពាន់លានដុល្លារ រួមមានអាវុធ គ្រាប់រំសេវ យានជំនិះ ឧបករណ៍មើលពេលយប់ យន្តហោះ និងប្រព័ន្ធឃ្លាំមើលជាដើម គិតចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧។
មុនពេលដកទ័ពចេញ កងទ័ពអាម៉េរិកក៏បានបំផ្លាញយន្តហោះជាង៧០គ្រឿង រថពាសដែករាប់សិបគ្រឿង និងឧបករណ៍ការពារដែនអាកាស មុនចាកចេញ។ ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់មានទិន្នន័យច្បាស់ពីចំនួនអាវុធអាម៉េរិកសេសសល់ក្នុងដៃក្រុមតាលីបង់ដែលអាចប្រើការបាននៅឡើយ៕

Tag:
 តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com