អន្តរជាតិ
ប្រធាន COP26 ៖ ចិន និងឥណ្ឌាត្រូវតែពន្យល់ពីជំហរមិនចង់លុបបំបាត់ការប្រើប្រាស់ធ្យូងថ្ម
15, Nov 2021 , 9:59 pm        
រូបភាព
ប្រធានសន្និសីទ COP26 លោក Alok Sharma ។ រូបថត Xinhua
ប្រធានសន្និសីទ COP26 លោក Alok Sharma ។ រូបថត Xinhua
ដោយ:
ប្រធានកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ (COP26) លោក​Alok Sharma ប្រាប់ឱ្យ​ចិននិងឥណ្ឌាបកស្រាយទៅកាន់បណ្តាប្រទេសក្រីក្រពីមូលហេតុដែលប្រទេសទាំងពីរពួកគេធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងលើការលុបបំបាត់ធ្យូងថ្ម ធ្លាក់ចុះប្រសិទ្ធភាព។ លោកនិយាយបែបនេះ​ ក្រោយពីចិននិងឥណ្ឌា ស្នើឱ្យផ្លាស់ប្តូរពាក្យពេចន៍ក្នុងកិច្ចព្រមព្រៀងក្រោយកិច្ចប្រជុំ COP26 ទាក់ទងការលុបបំបាត់ធ្យូងថ្ម។



កិច្ចពិភាក្សាស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្កការសហប្រជាជាតិដែលបានប្រព្រឹត្តិឡើងរយៈពេល២សប្តាហ៍ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ​ ដោយប្រទេសចូលរួម មូលមតិគ្នាលើកិច្ចព្រមព្រៀងមួយជំរុញការបង្កើនសកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែការប្រឹងប្រែងដើម្បីលុបបំបាត់ការប្រើប្រាស់ធ្យូង ជួបបញ្ហាដោយសារចិន និងឥណ្ឌា។
 
មុនការអនុម័តកិច្ចព្រមព្រៀងសម្រាប់កិច្ចប្រជុំ ឥណ្ឌានិងចិនដែលជាប្រទេសពឹងផ្អែកថាមពលធ្យូងថ្មខ្លាំងជាងគេលើពិភពលោក បានជំទាស់ការប្រើពាក្យ «ការបញ្ឈប់» ការប្រើប្រាស់ថាមពលដើរដោយធ្យូងថ្ម  ហើយក៏ស្នើផ្លាស់ប្តូរពាក្យក្នុងកិច្ចព្រមព្រៀងមកជា «ការកាត់បន្ថយ» ទៅវិញ។ ក្រោយការផ្លាស់ប្ដូរ កិច្ចព្រមព្រៀងក៏ត្រូវបានអនុម័ត។
 
«ចិន​និងឥណ្ឌាត្រូវតែមានការពន្យល់ពីគោលបំណងពួកគេលើបញ្ហានេះ។» ប្រធានសន្និសីទ COP26 លោក ​Alok Sharma បានថ្លែងបែបនេះក្នុងសន្និសីទព័ត៌មានការិយាល័យនាយករដ្ឋមន្រ្តី 10 Downing Street ក្នុងក្រុងឡុងដ៏។ លោក Sharma ដែលគោះញញួរអនុម័តដោយផ្ទាល់ អះអាងថា បើមិនមានការសម្រួលបែបនេះទេ កិច្ចប្រជុំ អាចនឹងត្រូវបិទដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។
 
ចំណែកនាយករដ្ឋមន្រ្តីអង់គ្លេស​ បូរីស ​ចនសុន ​បាននិយាយថា មិនថាជាភាសា«បញ្ឈប់»ឬ«កាត់បន្ថយ»​ វាហាក់បីមិនមានន័យខុសគ្នាខ្លាំងក្លាទេសម្រាប់លោកដែលជាអ្នកនិយាយភាសាអង់គ្លេសកំណើតស្រាប់។ លោកលើកឡើងថា ទិសដៅនៃការធ្វើដំណើរគឺដូចតែគ្នាទេ។ ត្រង់នេះ ប្រមុខរដ្ឋាភិបាលអង់គ្លេស អះអាងថា​ ​សកម្មភាពចូលរួមបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នឹងត្រូវបានលើកទឹកចិត្ត ប៉ុន្តែក៏អាចបង្ខំឱ្យប្រទេសដែលឯករាជ្យមួយធ្វើអ្វីមួយដែលគេមិនចង់ធ្វើទេ។ នេះបើតាមការផ្សាយពីសារព័ត៌មាន The Guardian។
 
គួរបញ្ជាក់ថា​ កិច្ចប្រជុំ COP26 នៅទីក្រុង Glasgow ធ្វើឡើងមានគោលដៅសំខាន់ដោយផ្តោតទៅលើការកំណត់កំណើនសីតុណ្ហភាពពិភពលោកមិនឱ្យលើសពី១,៥អង្សា និងការកំណត់គោលដៅកាត់បន្ថយសកម្មភាពបញ្ចេញផ្ទះកញ្ចក់ឱ្យបាន៤៥ភាគរយត្រឹមឆ្នាំ២០៣០៕

Tag:
 COP26
© រក្សាសិទ្ធិដោយ thmeythmey.com