ជាតិ
សភាកម្ពុជារៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១តាមអនឡាញ
15, Nov 2021 , 3:59 pm        
រូបភាព
សភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ​កិច្ច​ប្រជុំភាពជាដៃគូ​សភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅថ្ងៃអង្គារ ទី១៦ ខែវិចិ្ឆកា តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩»។

 
សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា បាន​សរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុបនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះ។ 
 


ASEP ជាវេទិកាមួយដ៏សំខាន់ សម្រាប់ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដោយផ្តោតលើការពង្រឹងភាពជាដៃគូ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឈនភាពសង្គម ប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំនិងតំណាងសភានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប រួមនឹងអង្គការដៃគូជាង៣០ប្រទេស និងស្ថាប័នដៃគូ នឹងចូលរួមកិច្ចប្រជុំ ដ៏មានសារសំខាន់នេះ។
 
«ការរៀបចំព្រឹត្តិការណ៍សំខាន់ទំាងពីរនេះ ASEP និង ASEM ជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទំាងមូល បង្ហាញពីតួនាទីសំខាន់លើឆាកអន្តរជាតិ និងការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជានៅក្នុងវិស័យការបរទេស ក្នុងការពង្រឹងវប្បធម៌សន្ទនា ការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ»។ នេះបើតាម​ការគូសបញ្ជាក់របស់​សម្តេច ហេង សំរិន។
 


ក្រៅពីការងារស្នូលនៃកិច្ចប្រជុំ ព្រឹត្តិការណ៍នេះក៏ជាឱកាសដែលកម្ពុជាបង្ហាញពីវប្បធម៌ ព្រពៃណីនិងទំនៀមទម្លាប់របស់ខ្លួនផងដែរ ស្របពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ដែលបានអូសបន្លាញជាងពីរឆ្នាំ។
 
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដែលជាសហប្រធាន ASEP11 និងក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន នឹងអញ្ជើញថ្លៃងសុន្ទរកថាស្វាគមន៍ សុន្ទរកថាគន្លឹះ និងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com