អន្តរជាតិ
ប្រមុខការទូត EU ព្រមានបេឡារុសកុំឱ្យប្រើជនចំណាកស្រុកធ្វើជាអាវុធ
15, Nov 2021 , 4:29 pm        
រូបភាព
ជនភៀសខ្លួន រង់ចាំការចែកអាហារដោយអាជ្ញាធរបេឡារុសនៅព្រំដែនជាមួយប៉ូឡូញ។ រូបថត AFP
ជនភៀសខ្លួន រង់ចាំការចែកអាហារដោយអាជ្ញាធរបេឡារុសនៅព្រំដែនជាមួយប៉ូឡូញ។ រូបថត AFP
ដោយ:
ប្រមុខគោលនយោបាយបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell និងរដ្ឋមន្រ្តីការបរទេសបេឡារុស Vladimir Makei នៅថ្ងៃទី ១៤ ខែវិច្ឆិកាពិភាក្សាគ្នាតាមទូរស័ព្ទអំពីវិបត្តិជនចំណាកស្រុកដែលជាប់នៅព្រំដែនរវាងប៉ូឡូញ និងបេឡារុស។ លោក Borrell ក៏ប្រាប់សមភាគីបេឡារុសថា កុំឱ្យប្រើមនុស្សធ្វើជាអាវុធ។

 
ជនភៀសខ្លួនរាប់ពាន់នាក់ដែលភៀសខ្លួនពីជម្លោះនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កំពុងជាប់គាំងនៅព្រំដែនបេឡារុស និងប៉ូឡូញ។ ជាមួយក្តីសង្ឃឹមបានចូលទៅតំបន់អឺរ៉ុប ពួកគេបែរជាជាប់ ស្របពេលប៉ូឡូញបិទច្រកព្រំដែននិងមិនអនុញ្ញាតឱ្យជនចំណាកស្រុកទាំងនេះចូលឡើយ។ រឿងនេះក៏ក្លាយជាជម្លោះរវាងអឺរ៉ុប និងបេឡារុសដែលកំពុងមិនត្រូវគ្នាស្រាប់ផង។
 
«ជីវិតជនចំណាកស្រុកទាំងនោះត្រូវតែត្រូវបានការពារ ហើយភ្នាក់ងារមនុស្សធម៌ត្រូវតែត្រូវបានអនុញ្ញាតឱ្យចូលទៅព្រំដែន។ ស្ថានភាពបច្ចុប្បន្នពិតជាមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់។ មនុស្សមិនគួរណាត្រូវបានប្រើធ្វើជាអាវុធទេ»។ ប្រមុខគោលនយោបាយបរទេស EU លោក Josep Borrell បង្ហោះសារបែបនេះនៅលើTwitter បន្ទាប់ពីនិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសបេឡារុស Vladimir Makei ។ លោក Borrell ក៏បានលើកឡើងពីភាពមិនច្បាស់លាស់នៃស្ថានភាពមនុស្សធម៌នៅព្រំដែនជាប់ EU ផងដែរ។
 
បើតាមក្រសួងការបរទេសបេឡារុស លោក Makei បានប្រាប់សមភាគី EU វិញអំពីវិធានការដែលធ្វើឡើងដោយបេឡារុសក្នុងការកាត់បន្ថយលំហូរជនចំណាកស្រុក និងផ្តល់ជំនួយមនុស្សធម៌ដល់ពួកគេនៅតាមព្រំដែន។ ជំនួបតាមទូរស័ព្ទនៅថ្ងៃទី ១៤ ខែវិច្ឆិកា ធ្វើឡើងមួយថ្ងៃមុន EU គ្រោងដាក់ទណ្ឌកម្មថ្មីបន្ថែមទីភ្នាក់ងារធ្វើដំណើរ និងក្រុមហ៊ុនហោះហើរដែលដឹកជនភៀសខ្លួនមកបេឡារុស។ 
 
«ភាពឥតប្រយោជន៍នៃការដាក់ទណ្ឌកម្មត្រូវបានគូសបញ្ជាក់ឡើង…ដោយភាគីបេឡារុស»។​ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសបេឡារុស។
 
ជុំវិញបញ្ហានេះ អឺរ៉ុបចោទប្រកាន់បេឡារុសថា បញ្ជូនជនចំណាកស្រុកឱ្យចូល EU និងជំរុញឱ្យពួកគេចូលប៉ូឡូញដោយខុសច្បាប់។ យ៉ាងណាមិញ បេឡារុសបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕

Tag:
 អឺរ៉ុប
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com