អន្តរជាតិ
លោក​ ប្លីងខិន ជជែកជាមួយប្រមុខកាទូតបារាំងជុំវិញសកម្មភាពយោធារុស្ស៊ីនៅអ៊ុយក្រែន
15, Nov 2021 , 10:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian អំពី​សកម្មភាព​យោធា​រុស្ស៊ី​ដែល​កើត​ឡើង​នៅក្នុង​និង​ក្បែរ​ព្រំដែនអ៊ុយក្រែន។ កិច្ចសន្ទនានេះ ធ្វើឡើង ខណៈដែលលោកខាងលិចបារម្ភពីសកម្មភាពរបស់រុស្ស៊ីនៅប៉ែកខាងកើតរបស់អឺរ៉ុប។

 
«អ្នកការទូតទាំងពីរពិភាក្សាគ្នាទាក់ទិននឹងរបាយការណ៍សកម្មភាពយោធារុស្ស៊ីនៅក្នុង និងនៅជិតអ៊ុយក្រែន និងអំពីការបន្តការប្តេជ្ញាចិត្តរបស់ប្រមុខកាទូតទាំងពីរចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសអាម៉េរិក​លោក Ned Price​ បញ្ជាក់ពីជំនួបតាមខាងលើបែបនេះក្នុងសេចក្ដីប្រកាសព័ត៌មាន​ថ្ងៃ​ទី១៤ ខែវិច្ឆិកា។
 
បើតាមសេចក្តីថ្លែងការណ៍ដដែល លោក ប្លីងខិន និងលោក Le Drian ក៏បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។
 
ជុំវិញរឿងសកម្មភាពយោធារុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បញ្ជាក់ថា មទាហានរុស្ស៊ីជិត ១សែននាក់មានវត្តមាននៅជិតព្រំដែនអ៊ុយក្រែន។ លោក Zelenskiy ក៏អះអាងថា បណ្តាប្រទេសលោកខាងលិចបានចែករំលែកព័ត៌មានទាក់ទងនឹងសកម្មភាពយ៉ាងសកម្មរបស់ទាហានរុស្ស៊ីជាមួយទីក្រុងកៀវផងដែរ។
 
គួររំលឹកថា កងទ័ពអ៊ុយក្រែនបានស្ថិតនៅក្នុងជម្លោះដ៏ក្ដៅគគុកជាមួយពួកបំបែកខ្លួនដែលគាំទ្រដោយវិមានក្រេមឡាំងនៅក្នុងតំបន់ Donetsk និង Lugansk។ ជម្លោះនេះបានផ្ទុះឡើងតាំងពីឆ្នាំ ២០១៤ បន្ទាប់ពីរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀទៅក្នុងទឹកដីរបស់ខ្លួន​ ហើយឆក់ជីវិតមនុស្សអស់ជាង១៣ពាន់នាក់។ បន្ថែមពីនេះ អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិចបាន​ចោទ​រុស្ស៊ីថា ​បញ្ជូន​ទ័ព និង​សព្វាវុធ​ឆ្លង​ព្រំដែន។ យ៉ាងណាមិញ ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់នោះ៕
 

Tag:
 អាម៉េរិក
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com