រថយន្ត
អន្តរជាតិ
កូរ៉េខាងត្បូងសាកល្បងដំណើរការតាក់ស៊ីហោះនៅក្រុងសេអ៊ូល
15, Nov 2021 , 7:39 pm        
រូបភាព
លោក Damian Hischier អ្នក​បញ្ជាតាក់ស៊ី Volocopter 2X នាដំណើរការសាកល្បងនៅ Gimpo International Airport កាលពីថ្ងៃទី១១ ខែវិច្ឆិកា។ រូបថត AFP
លោក Damian Hischier អ្នក​បញ្ជាតាក់ស៊ី Volocopter 2X នាដំណើរការសាកល្បងនៅ Gimpo International Airport កាលពីថ្ងៃទី១១ ខែវិច្ឆិកា។ រូបថត AFP
ដោយ: ធីតា
កូរ៉េខាងត្បូង កាលពីចុងសប្តាហ៍កន្លងមក បានធ្វើតេស្តសាកល្បងដំណើរការតាក់ស៊ីហោះនៅអាកាសយានដ្ឋានអន្តរជាតិ Gimpo។ បច្ចុប្បន្នស្ថាប័នរដ្ឋ និងឯកជននៅកូរ៉េខាងត្បូង កំពុងរួមគ្នាដើម្បីឈានដល់ការដាក់ដំណើរការសេវាកម្មផ្លូវការនៅឆ្នាំ២០២៥។

 
តាក់ស៊ីហោះ ដែលជាប្រភេទឧទ្ធម្ភាគចក្រ ផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ជាមួយនឹងបច្ចេកវិទ្យាហោះឡើង និងចុះដោយប្រព័ន្ធអគ្គិសនី (eVTOL)។ នាការសាកល្បង តាក់ស៊ីនេះ ហោះចេញពីអាកាសយានដ្ឋាន Gimpo ឡើងបានកម្ពស់៥០ម៉ែត្រ ជាមួយនឹងល្បឿន៤៥គីឡូម៉ែត្រក្នុង១ម៉ោង។


 
តាមការផ្សាយរបស់ NHK World រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានបញ្ជាក់ថា រាល់ការសាកល្បងគឺចេញពីអាកាសយានដ្ឋាន ហើយហោះហើរទៅកាន់តំបន់នៅក្បែរនោះ។ នាពេលខាងមុខ ការសាកល្បងនឹងប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Incheon Airport ទៅក្បែរទីប្រជុំជនក្រុងសេអ៊ូល។
 
លោករដ្ឋមន្ត្រី Noh Hyeong-ouk ជឿជាក់ថា ការសាកល្បងដំណើរការតាក់ស៊ីហោះនេះ ជាផ្នែកដ៏សំខាន់មួយក្នុងការស្វែងរកគន្លឹះអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង មុនដំណើរការសេវាកម្មផ្លូវការចាប់ពីឆ្នាំ២០២៥តទៅ។
 
សេអ៊ូលជាក្រុងទីពីរនៅតំបន់អាស៊ី ដែលក្រុមហ៊ុន Volocopter ដំណើរការសាកល្បងតាក់ស៊ីហោះ ក្រោយទទួលបានជោគជ័យនៅតំបន់ Marina Bay ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៩កន្លងមក៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com