អន្តរជាតិ
ជប៉ុន​និង​អាម៉េរិក​ យល់ព្រមចាប់ផ្តើម​កិច្ចចរចា​ដោះស្រាយបញ្ហា​ពន្ធនាំចូល​ដែកថែបនិង​អាលុយមីញ៉ូម​
16, Nov 2021 , 8:29 am        
រូបភាព
រូបថត AFP
រូបថត AFP
ជប៉ុន និង អាម៉េរិកបានព្រមព្រៀងចាប់ផ្តើមកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពន្ធបន្ថែមដែលអាម៉េរិកដាក់លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីជប៉ុន។ នេះបើតាមការប្រកាសរបស់ក្រសួងឧស្សាហកម្មជប៉ុននៅថ្ងៃទី ១៥ ខែ​ វិច្ឆិកា ក្រោយជំនួបរវាងរដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន Koichi Hagiuda និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក Gina Raimondo ។



រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន Koichi Hagiuda បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិកលោកស្រី Gina Raimondo នៅទីក្រុងតូក្យូ នៅថ្ងៃទី ១៥ ខែ​ វិច្ឆិកា ក្នុងគោលបំណងពិភាក្សាលើបញ្ហាពន្ធបន្ថែមលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលដាក់ដោយអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីឆ្នាំ ២០១៨។ លើសពីនេះដែរ ភាគីទាំង ២ ជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការផងដែរ។​
 
​ការចាប់ផ្តើម​កិច្ចចរចានេះកើតឡើងក្រោយ អាម៉េរិកប្រកាសនៅថ្ងៃទី​១២ ខែ វិច្ឆិកា ថា ខ្លួននឹងបើកកិច្ចចរចាបន្ធូរបន្ថយបញ្ហាពន្ធទាំងនោះ ដែលកន្លងមក ធ្វើឱ្យប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជប៉ុន ក៏ធ្លាប់អំពាវនាវឱ្យអាម៉េរិកលុបចោលការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមនេះដែរ។
 
«វាគឺជាឱកាសដ៏មានតម្លៃមួយដើម្បីពិភាក្សាអំពីអនាគតនៃកិច្ចសហប្រតិបត្តិការជប៉ុន-អាម៉េរិក។ តាមរយៈកិច្ចពិភាក្សាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងអាចពង្រីកបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ លោក Hagiuda បាននិយាយបែបនេះនៅកិច្ចប្រជុំនៅថ្ងៃទី ១៥ ខែ​ វិច្ឆិកា។
 
ជាការឆ្លើយតបទៅកាន់រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន លោកស្រី Raimondo បានលើកឡើងថា ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះជប៉ុនគឺមិនផ្លាស់ប្តូរឡើយ ព្រោះនេះជាបំណងរបស់អាម៉េរិកក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ 
 
ក្រៅតែពីពិភាក្សាលើបញ្ហាខាងលើ ជប៉ុននិងអាម៉េរិកក៏បានជជែកពី ការសម្របសម្រួលសេដ្ឋកិច្ចឌីជីថលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គ្រឿងអេឡិចត្រូនិក និងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានសារសំខាន់សម្រាប់ស្តារសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតផងដែរ។
 
អាម៉េរិក ក៏ទើបបានបញ្ចប់បញ្ហាស្រដៀងគ្នាជាមួយសហភាពអឺរ៉ុប (EU) កាលពីខែមុន ដោយសម្រេចលើកលែងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពី EU នៅបរិមាណជាក់លាក់មួយ​។ 
 
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៨ មក អាម៉េរិកបានបន្ថែមពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និង ១០ ភាគរយលើការនាំចូលអាលុយមីញ៉ូម ក្រោមគោលនយោបាយការបរទេសរបស់អតីតប្រធានាធិបតី ត្រាំ ៕

© រក្សាសិទ្ធិដោយ thmeythmey.com