អន្តរជាតិ
ថ្នាក់ដឹកនាំយោធា និងពន្ធនាគារអេក្វាឌ័រលាលែងជាបន្តបន្ទាប់ ក្រោយ​ករណីកុបកម្មនៅ​ក្នុងពន្ធនាគារ
16, Nov 2021 , 10:46 am        
រូបភាព
រូបថត៖ លោក Guillermo Lasso (កណ្តាល) ដឹកនាំកិច្ចប្រជុំ ក្រោយ​មន្ត្រីលាលែងជាបន្តបន្ទាប់ ដោយសារ​កុបកម្មនៅពន្ធនាគារនៅ Guayaquil ដែលសម្លាប់មនុស្ស​៦៨នាក់។ រូបថត AFP
រូបថត៖ លោក Guillermo Lasso (កណ្តាល) ដឹកនាំកិច្ចប្រជុំ ក្រោយ​មន្ត្រីលាលែងជាបន្តបន្ទាប់ ដោយសារ​កុបកម្មនៅពន្ធនាគារនៅ Guayaquil ដែលសម្លាប់មនុស្ស​៦៨នាក់។ រូបថត AFP
អេក្វាឌ័រកំពុង​ស្ថិតក្រោម​ការគំរាមកំហែង​ដ៏ធ្ងន់ធ្ងរមួយ ពីសំណាក់​ក្រុមម៉ាហ្វីយ៉ាជួញដូរគ្រឿងញៀន ដែលចង់​គ្រប់គ្រង​ពន្ធនាគារទាំងមូលទូទាំង​ប្រទេស។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដោយ​ដកស្រង់សម្តី​លោក​ប្រធានាធិបតី Guillermo Lasso បន្ទាប់ពី​មេដឹកនាំ​យោធា និង​ពន្ធនាគារ បាន​លាលែងពី​ដំណែងជាបន្តបន្ទាប់ ក្រោយ​ករណីកុបកម្ម​ក្នុងពន្ធនាគារ​ ដែលបានសម្លាប់មនុស្ស​៦៨នាក់។

 
លោក Lasso បាន​និយាយថា ប្រតិបត្តិការ​ទ្រង់ទាយ​ធំ ត្រូវបាន​ដឹកនាំ​ដោយ​កងកម្លាំង​ប៉ូលិស និងយោធា ដើម្បី​បង្ក្រាប​ចលនាកុបកម្ម​ក្នុងពន្ធនាគារ​នៅ​ក្រុង Guayaquil។ នៅទីនោះ ក្រុមអ្នកទោស​ដែលប្រដាប់​ដោយកាំភ្លើង កាំបិទ និងគ្រឿងផ្ទុះ បាន​តទល់ជាមួយ​សមត្ថកិច្ច ហើយ​បាន​ឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់។ 
 
លោកប្រធានាធិបតីអេក្វាឌ័រ បានទទួលស្គាល់ថា ប្រទេសរបស់ខ្លួន​ស្ថិតក្នុង​វិបត្តិដ៏ធំមួយ ដែល​បង្កដោយ​ក្រុម​ម៉ាហ្វីយ៉ាជួញដូរគ្រឿងញៀន ជាពិសេស​ការបង្ក​ភាព​ចលាចល និងអសន្តិសុខ នៅ​តាមផ្លូវថ្នល់។ លោកបានសន្យា​នឹង​ប្រទេស​វិលទៅ​រក​ស្ថានភាព​ដើម និងមិនឲ្យមាន​ករណីកុបកម្ម​បន្ថែមទៀតនៅ​ក្នុងពន្ធនាគារ។
 
តាមសេចក្តីរាយការណ៍​របស់ AFP ប៉ូលិស និងយោធា ប្រមាណ​១០០០នាក់ បាន​ចូលទៅ​ពន្ធនាគារ Guayas 1 ដើម្បី​គ្រប់​គ្រង​ច្រកចេញចូល។ ក្រោយ​ហេតុ​ការណ៍ដ៏អាក្រក់ លោក Lasso ទទួល​បាន​លិខិត​លាលែងជាបន្ត​បន្ទាប់ពីថ្នាក់ដឹកនាំយោធា និងពន្ធនាគារ ក្នុងនោះមាន​លោក Jorge Cabrera និង​លោក Bolivar Garzon ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com