អន្តរជាតិ
វៀតណាមដាក់ទោសកសិករ​ម្នាក់​៧ឆ្នាំពីបទបង្ហោះ​កំណាព្យ និងរូបភាព​​ប្រឆាំងរដ្ឋ
16, Nov 2021 , 11:59 am        
រូបភាព
បុរសឈ្មោះ Nguyen Tri Gioan ដែលត្រូវបាន​តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ​៧​ឆ្នាំពីបទ​បង្ហោះសារ​ហ្វេសប៊ុក​ប្រឆាំងរដ្ឋ។ រូបថត Khoahocdoisong
បុរសឈ្មោះ Nguyen Tri Gioan ដែលត្រូវបាន​តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ​៧​ឆ្នាំពីបទ​បង្ហោះសារ​ហ្វេសប៊ុក​ប្រឆាំងរដ្ឋ។ រូបថត Khoahocdoisong
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា នៅថ្ងៃទី ១៥ខែវិច្ឆិកា តុលាការបានកាត់ ទោសកសិករម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំបន្ទាប់ពីរកឃើញថាបុគ្គលនោះ មានទោសក្នុងការផ្សព្វផ្សាយ និងការឃោសនាសារប្រឆាំងនឹងរដ្ឋនៅលើគណនីបណ្ដាញ សង្គមហ្វេសប៊ុក។ ការណ៍នេះបង្ហាញថាបក្សកុម្មុយនីស្តវៀតណាមនៅតែបន្តគ្របគ្រង ប្រព័ន្ធផ្សព្វផ្សាយ និងមតិរិះគន់យ៉ាងតឹងរ៉ឹង។

 
យោងតាម​របាយការណ៍របស់ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ផ្លូវការ នៅថ្ងៃទី១៥​ ខែវិច្ឆិកា នៅឯតុលាការខេត្ត Khanh Hoa លោក Nguyen Tri Gioan អាយុ ៤២ ត្រូវបានកាត់ទោស ពីបទបង្កើត រក្សាទុកនិងផ្សព្វផ្សាយព័ត៌មានក្នុងគោលបំណងប្រឆាំងនឹងរដ្ឋ។ របាយការណ៍ ខាងលើបានបញ្ជាក់ថា លោក Gioan បានបង្ហោះកំណាព្យ និងរូបភាពនៅលើគណនី ហ្វេសប៊ុករបស់លោកដើម្បីមួលបង្កាច់ បង្ខូចកិត្តិយស និងការដឹកនាំរបស់បក្សកុម្មុយនីស្ត វៀតណាម រដ្ឋវៀតណាម ព្រមទាំងអតីតមេដឹកនាំលោកហូ ជីមិញផងដែរ។
 
លើសពីនេះរបាយការណ៍ដដែលបញ្ជាក់ថា បុរសជាប់ទោសខាងលើបានសារភាពកំហុស អំឡុងការកាត់ក្តី។ ក្រៅពីនេះបន្ទាប់ពី​ត្រូវជាប់​ពន្ធនាគារ​អស់រយៈពេល៧ឆ្នាំលោក​ Gioan នឹង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​រយៈពេល​បី​ឆ្នាំទៀត។
គួរបញ្ជាក់ថាទោះបីជាវៀតណាមបានកែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ និងបង្កើនការ បើកចំហចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏បក្សកុម្មុយនីស្តវៀតណាមដែលកំពុងកាន់ អំណាចនៅតែរក្សាការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹង និងចាត់វិធានការចំពោះការ រិះគន់ក្នុងន័យមិនល្អពីសាធារណជន៕

Tag:
 បណ្តាញសង្គម
  ហ្វេសប៊ុក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com