ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាចមានអ្នកជំនួសសង្គ្រោះជាតិដែរទេ ឬនៅតែគ្មាន?
16, Nov 2021 , 12:36 pm        
រូបភាព
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧។ រូបពី AFP
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧។ រូបពី AFP
អតីតគណបក្សសង្គ្រោះជាតិ បាត់ខ្លួន៤ឆ្នាំហើយ តែនៅតែមិនទាន់មានគណបក្សណាមួយ អាចលេចធ្លោក្លាយជាគូប្រកួតស្មើកម្លាំងគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា ដូចអតីតគណបក្សសង្គ្រោះជាតិឡើយ។

 


គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាត់ទុកជាគណបក្សប្រឆាំងធំជាងគេ និងជាគូប្រជែងដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចសព្វថ្ងៃ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មកដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺមានរយៈពេល៤ឆ្នាំគត់ នៃការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ ដែលប្រសូតចេញពីការច្របាច់បញ្ចូលគ្នា រវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា។

ថ្វីបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលក្តី តែអតីតគណបក្សប្រឆាំងនេះ ពុំបានរលាយសាបសូន្យ បាត់ឈ្មោះ បាត់សកម្មភាពទាំងស្រុងនោះទេ។ ជីវិតនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែស្ថិតក្នុងគេហទំព័ររបស់សារព័ត៌មានជាតិ-អន្តរជាតិ ជារឿយៗដដែល។

មេដឹកនាំកំពូលៗរបស់អតីតគណបក្សសង្រ្គោះជាតិ ពិសេសលោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស នៅតែមានសកម្មភាពនយោបាយ និងនៅតែនិយាយពីរឿងនយោបាយ ហើយសារព័ត៌មាន នៅតែចុះផ្សាយពីសកម្មភាព និងសារបស់លោក។ ទោះជាអ្ននយោយបាយរបស់គណបក្សនេះ ដែលកំពុងរស់នៅក្នុងស្រុកក៏ដោយ មានលោក កឹម សុខា ជា អាទិ៍ ដែលជាមេដឹកនាំប្រឆាំងកំពូល ស្មើនឹងលោក សម រង្ស៊ី ក៏នៅតែត្រូវសារព័ត៌មាន តាមប្រមាញ់ពីដំណើរជីវិតនយោបាយរបស់លោកដែរ។ លើសពីនេះ តំណាងទូតបរទេសនានា នៅកម្ពុជា ឧស្សាហ៍ទៅជួបលោក កឹម សុខា ដល់គេហដ្ឋានរបស់លោកជាញឹកញាប់។

អាចនិយាយបានថា «ស្រមោលនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែអន្ទោលក្នុងសង្គមកម្ពុជា»។

រយៈពេល៤ឆ្នាំមកនេះ គេមិនទាន់ឃើញគណបក្សណា ហក់ទៅតោងចាប់តំណែងជាគណបក្សប្រឆាំង របស់អតីតគណបក្សសង្គ្រោះជាតិឡើយ។ បច្ចុប្បន្ន គណបក្សនយោបាយនៅកម្ពុជា មានមិនតិចជាង២០នោះទេ។

មានតែអតីតគណបក្សសង្គ្រោះជាតិទេឬ ដែលសមជាដៃគូប្រកួតរបស់គណបក្សប្រជាជនកម្ពុជា? បើអតីតគណបក្សសង្គ្រោះជាតិ មិនវិលមកវិញ តើនឹងមានគណបក្សផ្សេង អាចក្លាយជាគូប្រកួតរបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ ឬក៏នៅតែគ្មាន?

អ្នកគាំទ្រ និងមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ រួមទាំងសហគមន៍អន្តរជាតិខ្លះ នៅតែរំពឹងថាអតីតគណបក្សសង្គ្រោះជាតិ នឹងបានវិលត្រឡប់មកវិញ។

ក្នុងខួប៤ឆ្នាំ នៃការរំលាយអតីតគណបក្សសង្គ្រោះជាតិ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរសារសើចចំអក តាមបណ្តាញទំនាក់ទំនងតេឡេក្រាម ដែលប្រមូលផ្តុំដោយកាសែតថា៖«ក្តីសង្ឃឹមថាខ្មោចបក្សប្រឆាំង អាចរស់ឡើងវិញ គឺជាក្តីស្រមៃដែលមានតាំងពីឆ្នាំ២០១៧មក តែគ្មានអ្វីប្រែប្រួលទេ ងាប់រួចហើយ នៅតែងាប់មិនអាច[រស់]ឡើងវិញជាដាច់ខាត»។

អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស ដោយចោទប្រកាន់ថា ការរំលាយគណបក្សសង្គ្រោះជាតិរយៈពេល៤ឆ្នាំមកនេះ គឺជាការសម្លាប់ប្រជាធិបតេយ្យ អស់រយៈពេល៤ឆ្នាំដែរ។ អតីតគណបក្សប្រឆាំង ថែមទាំងចាត់ទុកការណ៍ដែលតុលាការកំពូល រំលាយខ្លួនចោលថា ថាជាការបំផ្លាញឆន្ទៈប្រជាពលរដ្ឋកន្លះប្រទេស ដែលបានបោះឆ្នោតឲ្យ។

មិនត្រឹមតែរំលាយគណបក្សចោលទេ មេដឹកនាំជាង១០០នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ដោយរាប់ចាប់តាំងពីលោក សម រង្ស៊ី និងលោក កឹម សុខា ចុះមកត្រូវបានតុលាការកំពូល ហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ ដោយរាប់ចាប់តាំងចុងឆ្នាំ២០១៧មក។ មានមន្រ្តីជាន់ខ្ពស់ខ្លះ របស់អតីតគណបក្សប្រឆាំង បានស្នើសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលឡើងវិញ ហើយបានទៅបង្កើតគណបក្សថ្មី ខណៈការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ជិតមកដល់។

បន្ថែមពីនេះ ទីស្នាក់ការកណ្តាលរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ក៏ត្រូវបានតុលាការភ្នំពេញ ប្រកាសដាក់លក់ទៀត ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីយកប្រាក់ទៅសងមេដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា ដែលជាម្ចាស់បំណុល។ លោក សម រង្ស៊ី ក្លាយជាកូនបំណុល ដោយសារលោកត្រូវបានមេដឹកនាំគណបក្សប្រជាជនកម្ពុជា ប្តឹងពីបទចោទផ្សេងៗពីគ្នា និងទាមទារឲ្យលោកបង់ប្រាក់ដល់ទៅខ្ទង់លានដុល្លារឯណោះ ដើម្បីទុកជាការសងជំងឺចិត្ត។ 

តាមសេចក្តីសម្រេចរបស់តុលាការភ្នំពេញ លោក សម រង្ស៊ី ត្រូវបង់ប្រាក់ដល់ទៅ១លានដុល្លារ ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បង់ប្រាក់៦សែនដុល្លារ ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បង់ប្រាក់ប្រមាណ៥សែនដុល្លារ ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងបង់ប្រាក់ជាង៤,៤សែនដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា។

លោក សម រង្ស៊ី មិនត្រឹមតែមិនអាចចូលស្រុកទេ លោកនិងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់លោក នៅត្រូវតុលាការ ដកសិទ្ធិបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ថែមទៀត។ ចំណែក លោក កឹម សុខា ឯណេះវិញ ទោះជាកំពុងរស់នៅក្នុងស្រុកក្តី តែលោកពុំអាចធ្វើអ្វីតាមចិត្តឡើយ ពិសេសសិទ្ធិនយោបាយ និងការធ្វើសកម្មភាពនយោបាបយ ត្រូវបានហាម។ រឿងក្តីរបស់លោក នៅតុលាការ ក៏មិនដឹងថាពេលណាចប់ដែរ។

ដូច្នេះ ការដែលថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង អាចវិលត្រឡប់មកចូលមកឆាកនយោបាយឡើងវិញ ទំនងជាពិបាកកើតមានណាស់ ហើយទោះបីជាបានចូលក្នុងឆាកនយោបាយនៅកម្ពុជាវិញ ក៏ទំនងជាត្រូវរង់ចាំ អស់រយៈពេលយូរឆ្នាំទៀតដែរ។

តើការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងត្រូវអវត្តមានអតីតគណបក្សសង្គ្រោះជាតិម្តងទៀត? 

Tag:
 CNRP
  ខួប៤ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com