អន្តរជាតិ
លោក ស៊ី ប្រាប់លោក បៃឌិន៖ អាម៉េរិកគាំទ្រឯករាជ្យតៃវ៉ាន់ ដូចប្រលែងនឹងភ្លើង
16, Nov 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងជំនួបតាមអនឡាញជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងជំនួបតាមអនឡាញជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបថត AFP
ប្រធានាធិបតីចិន ស៊ី ជីនភីង និងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានជួបទល់គ្នាជាលើកដំបូងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥​ ខែវិច្ឆិកា ក្រោយបានជួ​បសន្ទនាតាមទូរស័ព្ទពីរដង។ បញ្ហារសើបៗដូចជាសិទ្ធិមនុស្ស ហុងកុង និងតៃវ៉ាន់ ត្រូវបានមេដឹកនាំទាំងពីរជជែកគ្នា។ ខណៈលោក បៃឌិន លើកឡើងពីជំហរអាម៉េរិកលើបញ្ហាទាំងនេះ លោក ស៊ី ក៏ប្រាប់លោក បៃឌិន វិញពីបន្ទាត់ក្រហមដែលអាម៉េរិកមិនត្រូវឆ្លងកាត់ដាច់ខាត​ ហើយត្រូវរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគីវិញ។

 
ជំនួបតាមប្រព័ន្ធវីដេអូលើកដំបូងរវាងប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីចិន ស៊ី ជិនភីង ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរប្រេះស្រាំខ្លាំង។ ជំនួបនេះ ត្រូវបានមើលឃើញថា ជាការព្យាយាមពង្រឹងទំនាក់ទំនងឡើងវិញ និងដោះស្រាយបញ្ហាល្អក់កករដោយបើកចំហ។ ទាំងលោក ស៊ី ទាំងលោក បៃឌិន សុទ្ធតែបានប្រកាសជំហរប្រទេសរៀងៗខ្លួនលើបញ្ហារកាំរកូសដែលកើតឡើង។
 
បើតាមសេតវិមាន លោក បៃឌិន បានបង្ហាញក្ដីបារម្ភរបស់លោកជុំវិញស្ថានភាពនៅទីបេ ស៊ីនជាំង និងហុងកុង ក៏ដូចជាបញ្ហាសិទ្ធិមនុស្សជាទូទៅ។ ប្រមុខរដ្ឋអាម៉េរិក ក៏ប្រកាសពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកក្នុងការអនុវត្តគោលនយោបាយចិនតែមួយផងដែរ ហើយធ្វើការជាមួយចិនលើបញ្ហាថាមពល និងបម្រែបម្រួលអាកាសធាតុ។
 
តបទៅលោក បៃឌិន ប្រធានាធិបតិចិនលើកឡើងថា ចិននឹងចាត់វិធានការដាច់ខាត ប្រសិនកម្លាំងគាំទ្រឯករាជ្យរបស់តៃវ៉ាន់ដើរហួសបន្ទាត់ក្រហម។ លោក ស៊ី មិនបញ្ជាក់ច្បាស់ពីបន្ទាត់ក្រហមឡើយ តែទំនងសំដៅដល់ការប្រកាសឯករាជ្យតែម្ដង។ មកដល់ត្រង់នេះ លោក ស៊ី ដែលហៅលោក បៃឌិន ថា មិត្តចាស់ ក៏ព្រមានពីផលវិបាកនៃការគាំទ្រឯករាជ្យរបស់តៃវ៉ាន់នេះ។
 
«អាជ្ញាធរតៃវ៉ាន់ព្យាយាមម្ដងហើយម្ដងទៀតលើការពឹងផ្អែកលើអាម៉េរិកសម្រាប់ឯករាជ្យ។ អ្នកខ្លះនៅអាម៉េរិក ក៏ចង់យកតៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។​ និន្នាការបែបនេះ គ្រោះថ្នាក់ណាស់ ហើយដូចជាការប្រលែងនឹងភ្លើងដែលនឹងឆេះខ្លួនមិន។» ប្រធានាធិបតីចិនសង្កត់ធ្ងន់បែបនេះក្នុងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
 
ទោះបង្ហាញជំហរមិនត្រូវគ្នាលើបញ្ហាច្រើនក្ដី មេដឹកនាំមហាអំណាចទាំងពីរបញ្ជាក់ពីការទទួលខុសត្រូវរៀងៗខ្លួនលើអនាគតរបស់ពិភពលោក។ ចំពោះមុខលោក ស៊ី លោក បៃឌិន លើកឡើងថា មេដឹកនាំ​ទាំងពីរ ត្រូវតែធ្វើឱ្យប្រាកដថា ទំនាក់ទំនងដែលមានលក្ខណៈប្រកួត​ប្រជែងនេះនឹងមិនធ្លាក់ចូល​ក្នុង​ជម្លោះនោះទេ។ ប្រធានាធិបតីចិន ក៏សង្កត់ធ្ងន់ដែរថា ទំនាក់ទំនងអាម៉េរិក-ចិនត្រូវតែមានស្ថិរភាព​ដើម្បីធានាការពារការអភិវឌ្ឈនៃប្រទេសទាំងពីរព្រមទាំងសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ។
 
បើតាមលោក ស៊ី  ភាគីទាំងពីរត្រូវតែសហការគ្នា បន្តកិច្ចសហប្រតិបត្តិឈ្នះឈ្នះ ដោះស្រាយបញ្ហា​តានតឹង គោរពគ្នាទៅវិញទៅមក និងរស់នៅជាមួយគ្នាប្រកបដោយសន្តិភាព៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com