អន្តរជាតិ
បារាំង ព្រមានរុស្ស៊ីពីសកម្មភាពរបស់យោធារុស្ស៊ីនៅព្រំដែនអ៊ុយក្រែន
16, Nov 2021 , 4:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជួបគ្នានាពេលកន្លងមក។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជួបគ្នានាពេលកន្លងមក។ រូបថត AFP
ដោយ:
មេដឹកនាំបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ប្រាប់មេដឹកនាំរុស្ស៊ីតាមទូរស័ព្ទ ថា សម្ព័ន្ធយោធា NATO ត្រៀមជាស្រេចដើម្បីការពារអធិបតេយ្យអ៊ុយក្រែន។ ការព្រមាននេះធ្វើឡើង ស្របពេលមានរបាយការណ៍ទាក់ទងសកម្មភាពយោធារុស្ស៊ីក្បែរៗអ៊ុយក្រែន។

 
 
ថ្លែងតាមទូរស័ព្ទនៅថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលជាផ្នែកមួយនៃកិច្ចសន្ទនាគ្នារវាងមេដឹកនាំលោកខាងលិច និងរុស្ស៊ីពីបញ្ហាបេឡារុស និងអ៊ុយក្រែន ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅតាមព្រំដែនអ៊ុយក្រែន។
 
«ឆន្ទៈរបស់យើងក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវបានបញ្ជាក់ម្តងទៀតដោយប្រធានាធិបតី»។ ទីប្រឹក្សារបស់លោក ម៉ាក្រុង ប្រាប់អ្នកយកព័ត៌មានបែបនេះអំពីកិច្ចសន្ទនាដែលលោក ម៉ាក្រុង លើកឡើងជាមួយលោក ពូទីន ។
 
ទាក់ទងរឿងអ៊ុយក្រែនេះដែរ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បញ្ជាក់នៅថ្ងៃទី១៥ ខែវិច្ឆិកាថា អង្គការ NATO មិនចង់ស្មានអំពីចេតនារបស់រុស្ស៊ីលើអ៊ុយក្រែនទេ ប៉ុន្តែអង្គការ NATO ឃើញការប្រមូលផ្តុំកងទ័ពរុស្ស៊ីមិនប្រក្រតី។ បើតាមប្រមុខ NATO រុស្ស៊ីនឹងប្រើប្រាស់សមត្ថភាពយោធាប្រភេទទាំងនេះ មុនពេលធ្វើសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។
 
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បានច្រានចោលការចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិកដែលថា វិបត្តិនៅព្រំដែនបេឡារុសគឺជាការបង្វែរចំណាប់អារម្មណ៍ពីការកើនឡើងនៃសកម្មភាពយោធារុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន។លើសពីនេះ បេឡារុស និងរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ណាមួយទាក់ទិននឹងបញ្ហានៅអ៊ុយក្រែន និងព្រំដែនបេឡារុស។
 
ក្រុមលោកខាងលិច បានចោទរុស្ស៊ីថា កំពុងប្រមូលផ្តុំកងទ័ពនៅក្នុងនិងក្បែរព្រំដែនអ៊ុយក្រែនដែល ស្របពេលជម្លោះរវាងកងទ័ពអ៊ុយក្រែននិងពួកបំបែកខ្លួនដែលគាំទ្រដោយវិមានក្រេមឡាំង នៅតំបន់ Donetsk និង Lugansk តាំងពីឆ្នាំ២០១៤ មិនទាន់ចប់។ បេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ក៏ត្រូវបានសហភាពអឺរ៉ុប (EU) ចោទប្រកាន់ថាជំរុញឱ្យជនចំណាកស្រុកដែលភាគច្រើនមកពី​អ៊ីរ៉ាក់និងអាហ្វហ្កានីស្ថានឆ្លងចូលទៅក្នុងរដ្ឋជាសមាជិក EU ថែមទៀត៕

Tag:
 បារាំង
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com