អន្តរជាតិ
អាម៉េរិក​ ថ្កោលទោស​រុស្ស៊ីដែលប្រើមីស៊ីលបាញ់កម្ទេចផ្កាយរណបនៅទីលំហ
16, Nov 2021 , 8:29 pm        
រូបភាព
ស្ថានីយ៍អវកាសអន្តរជាតិ។ រូបថត NASA
ស្ថានីយ៍អវកាសអន្តរជាតិ។ រូបថត NASA
អាម៉េរិក​ បាន​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការបាញ់មីស៊ីលប្រឆាំង​ផ្កាយរណបដ៏​គ្រោះថ្នាក់ និង​គ្មាន​ការទទួលខុសត្រូវ​។ ការបាញ់មីស៊ីលនេះដែលបានផ្កាយរណប​មួយរបស់រុស្ស៊ី បង្កើតចលាចលលើស្ថានីយ៍អវកាសអន្តរជាតិ។ ពាក់ព័ន្ធនឹងទង្វើនេះ អាម៉េរិកលើកឡើងថា ខ្លួនកំពុងជជែកជាមួយសម្ព័ន្ធមិត្តពីវិធានការឆ្លើយតបវិញ។



នៅថ្ងៃទី១៥ ខែវិច្ឆិកា រុស្ស៊ី​ បានប្រើប្រាស់មីស៊ីលរបស់ខ្លួនបាញ់កម្ទេចផ្កាយរណបមួយដែលជារបស់ខ្លួនដូចគ្នានៅលើទីលំហ ដែលធ្វើឱ្យអាម៉េរិកខឹងសម្បារយ៉ាងខ្លាំង។ មន្រ្តីអាម៉េរិកអះអាងថា រុស្ស៊ីមិនបានជូនដំណឹងជាមុនឡើយទាក់ទងការបាញ់កម្ទេចនេះ។ នេះជាលើកទីបួនប៉ុណ្ណោះដែលមីស៊ីលត្រូវបានបាញ់ចេញពីផែនដីទៅកម្ទេចផ្កាយរណបនៅលំហអាកាស ខណៈមិនមានប្រទេសច្រើនឡើយដែលមានសមត្ថភាពបែបនេះនោះ។
 
ក្នុងសេចក្ដីប្រកាសរបស់បញ្ជាការដ្ឋានអវកាសអាម៉េរិក ការសាកល្បងមីស៊ីលប្រឆាំងផ្កាយរណប (DA-ASAT) ដើម្បីកម្ទេចផ្កាយរណបចារកម្មបន្សល់ទុកពីសម័យសហភាណសូវៀត Cosmos 1408 ក៏បង្កើតបានកម្ទេចកម្ទីជាង១​៥០០បំណែកចល័តនៅគន្លងជិតផែនដី។ ចំណែករដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន វិញ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា កម្ទេចតូចៗរាប់ពាន់នាក់ទៀត មិនអាចតាមចាប់បាន។
 
ការបាញ់នេះ ក៏បង្ខំឱ្យអវកាសយានិកបួននាក់ដែលឈរជើងនៅប៉ុស្តិ៍មួយកន្លែងភៀសខ្លួនទៅទីតាំងសុវត្ថិភាពផងដែរ។ ទោះជាយ៉ាងណា លោក ប្លីងខិន សង្កត់ធ្ងន់ថា គ្រោះថ្នាក់នៅមិនទាន់ចប់នៅឡើយទេ។
 
«ទោះជាមានឆន្ទៈប្រឆាំងការធ្វើយោធូបនីយកម្មលំហអាកាសក្ដី រុស្ស៊ីនៅតែអាចបំផ្លាញស្ថិរភាពយូរអង្វែងរបស់លំហកខាងក្រៅ និងការប្រើប្រាស់លំហនេះទៀតផង។» ប្រមុខការទូតអាម៉េរិកបន្តបែបនេះ មុនបន្ថែមថា អាម៉េរិក កំពុងជជែកជាមួយដៃគូថាត្រូវឆ្លើយតបបែបណា។ ​ 
 
មន្ត្រីអាម៉េរិកមួយចំនួនបានសង្កត់ធ្ងន់ថា ការបាញ់មីស៊ីលរបស់រុស្សីនេះ នឹងបង្កគ្រោះថ្នាក់រយៈពេលវែង និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចសកលផងដែរ។ មីស៊ីលប្រឆាំង​ផ្កាយរណបរបស់រុស្ស៊ី បានបង្កើតគ្រោះថ្នាក់សម្រាប់ផ្កាយរណបផ្តល់សេវាទូរស័ព្ទ អ៊ីនធឺណិត ការព្យាករណ៍អាកាសធាតុ ប្រព័ន្ធ GPS ដែលគាំទ្រប្រព័ន្ធហិរញ្ញវត្ថុ រួមមាន ម៉ាស៊ីនធនាគារ ក៏ដូចជាប៉ះពាល់ដល់ប្រព័ន្ធវិទ្យុ និងទូរទស្សន៍ផ្កាយរណបផងដែរ​។
 
ចំណែកអ្នកគ្រប់គ្រង NASA លោក Bill Nelson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមានការខឹងសម្បារចំពោះសកម្មភាពមិនទទួលខុសត្រូវ និងធ្វើឱ្យមានអស្ថិរភាពនេះ។ លោក Nelson បានអះអាងថា សកម្មភាពនេះមិនត្រឹមតែប៉ះពាល់ដល់អាម៉េរិកទេ ប៉ុន្តែប៉ះពាល់ដល់អវកាសយានិករបស់រុស្ស៊ី និងគ្រោះថ្នាក់ដល់ស្ថានីយ៍អវកាសរបស់ចិនផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសមហាអំណាចកំពុងប្រកួតប្រជែងលើអាវុធអវកាស ដូចជាការអភិវឌ្ឍផ្កាយរណបបង្វែរផ្កាយរណបដទៃចេញពីគន្លង និងអាវុធឡាស៊ែរជាដើម៕

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com